ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា សង្គ្រាម​នុយក្លេអ៊ែរ​រវាង​រុស្ស៊ី​និង​អាម៉េរិក​នឹង​បង្ក​ឱ្យមាន​គ្រោះ​ទុរ្ភិក្ស​សកល​ដែល​នឹង​សម្លាប់​មនុស្ស​ស្ទើរតែ​ពីរភាគបី​នៃ​ចំនួន​មនុស្ស​​សរុប​លើ​ពិភពលោក​។​

​អ្នកស្រាវជ្រាវ​និយាយថា មនុស្ស​ជាង​ប្រាំ​ពាន់​លាន​នាក់​នឹង​ស្លាប់​ដោយសារ​ភាពអត់ឃ្លាន​អំឡុង​ពេល​មាន​ជម្លោះ​ពេញទំហឹង ខណៈ​ការធ្វើ​គំរូ​តាម​កុំព្យូទ័រ​បានបង្ហាញ​ថា​ព្យុះ​ភ្លើង​នុយក្លេអ៊ែរ​នឹង​បញ្ចេញ​​សារធាតុពុល​ទៅក្នុង​បរិយាកាស​ខាងលើ​និង​បាំង​ពន្លឺព្រះអាទិត្យ​។​

​ប្រការ​នេះ​នឹង​ធ្វើឱ្យ​ដំណាំ​ខូច​នៅ​ទូទាំង​ពិភពលោក​។​

​អ្នកដឹកនាំ​ការនិពន្ធ​គឺ​សាស្ត្រាចារ្យ លី​លី សៀ (Lili Xia) នៃ​សាកលវិទ្យាល័យ​រ៉ាត់​ហ្គើ (Rutgers) ក្នុង​រដ្ឋ​ញូ​វ​ជើ​ស៊ី បាន​និយាយថា “​ទិន្នន័យ​ប្រាប់​យើង​នូវ​រឿង​មួយ ៖​យើង​ត្រូវតែ​ទប់ស្កាត់​កុំឱ្យ​មាន​​សង្គ្រាម​នុយក្លេអ៊ែរ​កើតឡើង​ឱ្យសោះ​”​។​

​ការធ្វើ​គំរូ​នេះ​បាន​បង្ហាញ​ពន្លឺ​ថ្មី​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោម​សេណា​រី​យ៉ូស​ង្គ្រា​ម​ចំនួន​ប្រាំមួយ ពោលគឺ​ជម្លោះ​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​តូចៗ​ចំនួន​ប្រាំ និង​សង្គ្រាម​ធំ​មួយ​រវាង​អាម៉េរិក​និង​រុស្ស៊ី​។​

​ការគំរាមកំហែង​បែបនេះ​ត្រូវបាន​គេ​លើកយក​មក​បង្ហាញ បន្ទាប់​ពី​ការ​លុកលុយ​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។​

​អ្នក​ស្រាវជ្រាវ​នេះ​គឺ​ផ្អែក​លើ​ការ​គណនា​របស់​ពួក​គេ​លើ​ទំហំ​នៃ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នីមួយៗ​។​

​ប្រទេស​ចំនួន​ប្រាំបួន រួម​ទាំង​ចក្រភព​អង់គ្លេស បច្ចុប្បន្ន​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ជាង ១៣.០០០ គ្រាប់​។​

​អ្នកជំនាញ​បាន​រកឃើញថា សូម្បី​តែ​ការប៉ះទង្គិច​គ្នា​រវាង​រដ្ឋ​នុយក្លេអ៊ែរ​ថ្មីថ្មោង​ក៏​នឹង​កាត់បន្ថយ​ការផលិត​ស្បៀងអាហារ និង​បណ្តាលឱ្យមាន​គ្រោះ​អត់ឃ្លាន​រីក​រាលដាល​ដែរ​។​

​ឧបករណ៍​ព្យាករណ៍​អាកាសធាតុ ដែល​មានឈ្មោះ​ថា Community Earth System Model បានអនុញ្ញាត​ឱ្យ​មានកា​រ​ប៉ាន់ស្មាន​ផលប៉ះពាល់​លើ​ពោត ស្រូវ ស្រូវ​សាលីនិ​ទាឃ​រដូវ​និង​សណ្តែកសៀង​​ពី​ប្រទេស​នី​មួយៗ​។​

​អ្នកស្រាវជ្រាវ​ក៏បាន​ពិនិត្យមើល​ការផ្លាស់ប្តូរ​ដែល​បាន​ព្យាករណ៍​ចំពោះ​ស្មៅ​សម្រាប់​បសុសត្វ​និង​ជលផល​សមុទ្រ​ផងដែរ​។​

​នៅក្នុង​ព្រឹត្តិការណ៍​នៃ​សង្គ្រាម​ក្នុងស្រុក​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ការផលិត​កាឡូរី​ជា​មធ្យម​របស់​ពិភពលោក​នឹង​ធ្លាក់ចុះ​ប្រាំពីរ​ភាគរយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ក្រោម​គំរូ​កុំព្យូទ័រ​នេះ​។​

​នៅក្នុង​ករណី​សេណា​រី​យ៉ូដ៏​អាក្រក់​បំផុត ដែល​ពាក់ព័ន្ធ​នឹង​សហរដ្ឋ​អាម៉េរិក​និង​រុស្ស៊ី ការផលិត​កាល់​ឡូរី​នឹង​ធ្លាក់​ចុះ ៩០ ភាគរយ​ក្នុង​រយៈពេល​ពី​បី​ទៅ​បួន​ឆ្នាំ បន្ទាប់​ពី​ការប្រយុទ្ធ​គ្នា​បាន​បញ្ចប់​។​

​អ្នកជំនាញ​និយាយថា ការធ្លាក់​ចុះ​ដំណាំ​នឹង​មាន​សភាព​ធ្ងន់ធ្ងរ​បំផុត​ក្នុង​បណ្តា​ប្រទេស​ស្ថិតនៅ​ខ្ពស់​ជាង​នីវ៉ូ​សមុទ្រ រួម​ទាំង​ប្រទេស​នាំចេញ​ធំៗ​ដូចជា​រុស្ស៊ី និង​អាម៉េរិក​។​

​វា​ក៏​អាច​បង្ក​ឱ្យ​មាន​ការ​រឹតបន្តឹង​និង​បង្ក​ការរំខាន​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​បណ្តា​ប្រទេស​ដែល​ពឹងផ្អែក​លើ​ការនាំ​ចូល​ក្នុង​ទ្វីបអាហ្វ្រិក​និង​មជ្ឈិមបូព៌ា​ផងដែរ​ដែល​នឹង​បង្ក​ឱ្យ​មាន​ការ​រំខាន​យ៉ាង​មហន្ត​​រាយ​ដល់​ទីផ្សារ​អាហារ​ពិភពលោក​។​

​សូម្បី​តែ​ការធ្លាក់ចុះ​ប្រាំពីរ​ភាគរយ​ក៏​នឹង​លើស​ពី​ទំហំ​ធ្លាក់ចុះ​ធំ​បំផុត ចាប់តាំងពី​ការកត់ត្រា​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ ១៩៦១ ដែរ​។​

​នៅក្រោម​សេណា​រី​យ៉ូស​ង្គ្រា​ម​ធំ​បំផុត មនុស្ស​ជាង ៧៥ ភាគរយ​នៅលើ​ភពផែនដី​នឹង​ជួប​ភាពអត់ឃ្លាន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ហើយ​មនុស្ស​ជាង​ប្រាំ​ពាន់​លាន​នាក់​នឹង​ស្លាប់​។​

​ចំនួន​ប្រជាជន​ពិភពលោក​បច្ចុប្បន្ន​គឺ​មាន​ប្រហែល​ប្រាំបី​ពាន់​លាន​នាក់​។​

​អ្នកស្រាវជ្រាវ​បានសរសេរថា ការប្រើប្រាស់​ដំណាំ​ចិញ្ចឹមសត្វ​សម្រាប់​ជា​អាហារ​របស់​មនុស្ស ឬ​ការកាត់បន្ថយ​កាក​សំណល់ នឹង​មាន​អត្ថប្រយោជន៍​តិចតួច​ប៉ុណ្ណោះ​៕

មនុស្ស​ជាង​៥​ពាន់​លាន​នាក់​នឹង​ស្លាប់ បើ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​រវាង​អាម៉េរិក​និង​រុស្ស៊ី