​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រុង​សៀមរាប រង​ការលិចលង់​ដោយ ជំនន់​ទឹកភ្លៀង រយៈពេល​ខ្លី បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត ១២២ មី​លី​ម៉ែត្រ កាលពី​ល្ងាច ថ្ងៃទី​១៥ ខែសីហា ជាមួយនឹង ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត ៨៨ មី​លី​ម៉ែត្រ និង​នៅ​ខេត្តបាត់ដំបង មាន​ភ្លៀង​ធ្លាក់ ដល់​កម្រិត ១០០ មី​លី​ម៉ែត្រ ។ ការធ្លាក់​ភ្លៀង មាន​បរិមាណ ច្រើន​បែបនេះ នៅមាន​ច្រើន​ថ្ងៃ​ទៀត ជាពិសេស​នៅលើ បណ្តា​ខេត្ត ជាប់​ខ្ពង់រាប ភាគ​ខាងជើង និង​ខ្ពង់រាប ភាគ​ឦសាន​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៦ ខែសីហា​ថាៈ ភ្លៀង​បានចាប់ផ្តើម​ធ្លាក់​រាយប៉ាយ មកវិញ កាលពី​ថ្ងៃទី​១៥ ខែសីហា មាន​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ជាពិសេស​បណ្តា​ខេត្ត នៅជាប់​នឹង​តំបន់​ខ្ពង់រាប ភាគ​ខាងជើង និង​ខ្ពង់រាប​ភាគ​ឦសាន ។ ក្រុង​ប៉ោយប៉ែត និង​ក្រុង​សៀមរាប ទទួលរង​ការលិចលង់ ដោយ​ជំនន់​ទឹកភ្លៀង រយៈពេល​ខ្លី កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែសីហា​។​

​លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២​ថាៈ បរិមាណ​ទឹកភ្លៀង ធ្លាក់​រយៈពេល ២៤ ម៉ោង មាននៅ​គ្រប់​ស្រុក មាន​កម្រិត​ពី ៤០ ដល់ ៨៨ មី​លី​ម៉ែត្រ ត្រឹម​ព្រឹក​ថ្ងៃទី​១៦ ខែសីហា បានធ្វើឱ្យ​តំបន់​ទំនាប​មួយចំនួន នៃ​ក្រុង​ប៉ោយប៉ែត រង​ការលិចលង់ រយៈពេល​ខ្លី​។ ទឹកភ្លៀង ធ្លាក់​មកពី​ផ្ទៃ​រង ទឹកភ្លៀង តាម​ព្រំដែន បានធ្វើ​ឱ្យមាន​ជំនន់ នៅ​អូរ​ស្ពានដែក (​ម៉ា​ល័យ​) ។​

​ប្រធាន​មន្ទីរ​ខាងលើ បានបញ្ជាក់​ថាៈ ក្រោមផ្ទះ​សម្បែង​មួយចំនួន របស់​ប្រជាពលរដ្ឋ រង​ការលិចលង់ ធ្វើឱ្យប៉ះពាល់​ដល់​កន្លែង​ដេក របស់​សត្វពាហនៈ តែ​វា​មិនមាន​ប៉ះពាល់ ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ជំនន់​ទឹកភ្លៀង ធ្លាក់​មកពី​តាម​ព្រំដែន ក្នុង​ទឹកដី ប្រទេស​យើង​នេះ វា​ឆាប់​ស្រក​អស់​ទៅវិញ​ទេ​។ ពេលនេះ មិនទាន់មាន​ជំនន់​ទឹកភ្លៀង មកពី​ប្រទេស​ថៃ​នៅឡើយ​ទេ បើ​មាន​ជំនន់​មកពី​ខាង​ប្រទេស​ថៃ ដែលមាន​ទៅ ៥ ច្រក​នោះ ទើប​ប៉ះពាល់​ទៅដល់​ក្រុង​សិរីសោភ័ណ​។​

​របាយ​ទឹកភ្លៀង ដែល​បាន​ធ្លាក់​រយៈពេល ២៤ ម៉ោង​ត្រឹម​ព្រឹក ថ្ងៃទី​១៦ ខែសីហា នៅ​ខេត្តបន្ទាយមានជ័យ មាន​កម្រិត​ពី ៤០ ដល់ ៨៨ មី​លី​ម៉ែត្រ​, ខេត្តបាត់ដំបង មាន​កម្រិត​ពី​តិច​ដល់ ១០០ មី​លី​ម៉ែត្រ​, ខេត្ត​ព្រះសីហនុ មាន​កម្រិត​ពី​តិច ដល់ ៣៦ មី​លី​ម៉ែត្រ​, ខេត្ត​ប៉ៃលិន មាន​កម្រិត​ពី​តិច ដល់ ២៤ មី​លី​ម៉ែត្រ​, ខេត្តកំពង់ឆ្នាំង មាន​កម្រិត​ពី ៣ ដល់ ៥៦ មី​លី​ម៉ែត្រ​, ខេត្តស្វាយរៀង មាន​កម្រិត​ពី​តិច ដល់ ២៦ មី​លី​ម៉ែត្រ​, ខេត្តកំពង់ធំ មាន​កម្រិត​ពី​តិច ដល់ ៥១ មី​លី​ម៉ែត្រ​, ខេត្តក្រចេះ មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ៩៦ មី​លី​ម៉ែត្រ​, ខេត្តរតនគិរី មាន​ភ្លៀង​ដល់​កម្រិត​ពី​តិច ដល់ ៥១ មី​លី​ម៉ែត្រ​, ខេត្តកោះកុង មាន​ភ្លៀង​កម្រិត​ពី ១០ ដល់ ៣៩ មី​លី​ម៉ែត្រ​, ខេត្តស្ទឹងត្រែង មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ៤១ មី​លី​ម៉ែត្រ​, ខេត្តព្រះវិហារ មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ២៩ មី​លី​ម៉ែត្រ​, ខេត្តសៀមរាប មាន​ភ្លៀង​កម្រិត​ពី ១២២ មី​លី​ម៉ែត្រ​, ខេត្តកំពង់ស្ពឺ​មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ៤១ មី​លី​ម៉ែត្រ​, ខេត្តកណ្តាល មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ២៩ មី​លី​ម៉ែត្រ​, ខេត្តពោធិសាត់ មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ៤៥ មី​លី​ម៉ែត្រ​, ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ៥៥ មី​លី​ម៉ែត្រ​, ខេត្តមណ្ឌលគិរី មាន​ភ្លៀង​កម្រិត​ពី​តិច ដល់​២៤ មី​លី​ម៉ែត្រ​, ខេត្ត​ត្បូងឃ្មុំ មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ៥២ មី​លី​ម៉ែត្រ​, ខេត្តព្រៃវែង មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ៣៦ មី​លី​ម៉ែត្រ​, ខេត្តកំពង់ចាម មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ៦១ មី​លី​ម៉ែត្រ និង​រាជធានី​ភ្នំពេញ មាន​កម្រិត​ពី ៥ ដល់ ៤៤ មី​លី​ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​ថាៈ ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា នឹង​រំកិល​ធ្លាក់ចុះ ជាមួយនឹង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូសបន្លាយ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ និង វៀតណាម ដោយ​ភ្ជាប់​ជាមួយនឹង​សម្ពាធ​ទាប ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​របប​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ លក្ខណៈ​បែប​ខាងលើ នឹងធ្វើ​ឲ្យ ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ ភ្លៀង​នឹង​បន្ត​ធ្លាក់ ក្នុង​សភាព​ជា​លក្ខណៈ​ឡូ​កាល់ ស្ទើរ​គ្រប់​ទីកន្លែង​ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ច្រើន​ដោយ​អន្លើ​។​

​នៅក្នុង​សេ​ក្តី​ជូនដំណឹង បានបញ្ជាក់​ថាៈ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ អាចធ្វើ​ឲ្យ​បណ្តា​តំបន់ ផ្ទៃ​រងទឹក​ភ្លៀង និង​បណ្តា​ខេត្ត​មួយចំនួន ដែល​កន្លងមក​ទទួល​បាន​នូវ​បរិមាណ​ទឹកភ្លៀង​បង្គួរ និង​ច្រើន​រួចមកហើយ អាច​នឹង​បន្ថែម​បរិមាណ កើនឡើង​ទៀត ដែលជា​ហេតុ​បង្កើតឡើង នូវ​ជំនន់​ទឹកភ្លៀង​សារជាថ្មី មាន​ជាអាទិ៍ៈ ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕/V​