​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នាវា​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​របស់​ចិន​មួយ បាន​ទៅ​ដល់​កំពង់ផែ​ភាគខាងត្បូង​របស់​ស្រីលង្កា​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​បន្ទាប់​ពី​វា​បាន​ពន្យារ​ពេល​ចូល​ចត​ដោយ​​សារ​តែ​អាជ្ញាធរ​ទីក្រុង​កូឡុំបូ​និយាយថា មានគេ​សម្តែង​ការព្រួយបារម្ភ​អំពី​សន្តិសុខ​របស់​ខ្លួន​ចំពោះ​វត្តមាន​របស់​នាវា​ទំនើប​ចិន​មួយ​នេះ​។​

​នាវា​យួន វ៉ាង ៥(Yuan Wang 5)​ត្រូវបាន​ស្វាគមន៍​ដោយ​បុគ្គលិក​ផែ​និង​មន្ត្រី​ចិន​នៅ​ក្រុមហ៊ុន​នាវា​នៅ​កំពង់ផែហាំ​បាន់​តូ​តា​(Hambantota)​។​វា​ដំបូង​គ្រោង​ទៅដល់​នៅ​ថ្ងៃ​១១​សីហា​តែក្រសួងការបរទេស​​ស្រីលង្កា​ស្នើសុំ​ពន្យារ​ពេល​ចូល​ចត​ផែ រហូតដល់​មាន​ការប្រឹក្សា​យោបល់​បន្ថែម​។

​ក្រសួង​បាន​និយាយថា នាវា​នេះ​ត្រូវបាន​អនុញ្ញាត​អោយ​ចូល​កំពង់ផែ​ហាំ​បាន់​តូ​តា​រហូត​ដល់​ថ្ងៃ​២២​សីហា ក្រោយ​ភាគី​ទាំងពីរ​​បាន​យល់ព្រម​រក្សា​បើក​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​របស់នាវា​ ហើយ​នឹង​មិន​ធ្វើ​សកម្មភាព​សិក្សា​ស្រាវជ្រាវ​អ្វី​ឡើយ​នៅ​ក្នុង​ដែនទឹក​ស្រីលង្កា​។​

​ស្រីលង្កា​បាន​និយាយថា​ខ្លួន​បាន​ពន្យារ​ពេល​អោយ​នាវា​នេះ​ចូល​កំពង់ផែ​របស់​ខ្លួន​ដោយសារ​មាន​គេ​លើក​ឡើង​អំពី​ការព្រួយបារម្ភ​មកកាន់​ក្រសួងការបរទេស តែ​មិន​បាន​បញ្ជាក់ថា​នរណា​ទេ​។​ទោះជាយ៉ាងណាអ្នក​តាម​​ដាន​សភាពការណ៍​ជឿ​ថា​វា​ជា​ឥណ្ឌា ដែល​បារម្ភ​អំពី​វត្តមាន​នាវា​នេះ​នៅក្បែរ​ព្រំដែន​ខាងត្បូង​របស់ខ្លួន​។​

​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​បាន​ផ្តល់​យន្តហោះ​ឈ្លបយកការណ៍​ក្នុង​សមុទ្រ​មួយ​ដល់​ស្រីលង្កា​ដើម្បី​ពង្រឹង​សន្តិសុខ​សមុទ្រ​។​ស្ថានទូត​ឥណ្ឌា​បាន​និយាយ​ថា​កងកម្លាំង​ជើង​ទឹក​និង​អាកាស​ស្រី​លង្កា​ដែល​ទទួល​ការ​​ហ្វឹកហាត់​នៅ​ឥណ្ឌា​នឹង​ប្រើ​យន្តហោះ​នេះ​ជាមួយ​ការគាំទ្រ​ពី​បុគ្គលិក​ឥណ្ឌា​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា​ក្នុងពេល​ជាមួយគ្នា​បាន​និយាយថា ឥណ្ឌា​ដឹង​អំពី​ដំណើរ​ទស្សនកិច្ច​រប​ស់​នាវា​នេះ និង​ថា​ខ្លួន​តាមដាន​យ៉ាង​ដិត​ដល់​អំពី​ដំណើរ​របស់​វា​និង​ការវិវត្តន៍​ណាមួយ​ដែល​​ប៉ះពាល់​ដល់​ផលប្រយោជន៍​សន្តិសុខ​និង​សេដ្ឋកិច្ច​របស់​ខ្លួន ហើយ​នឹង​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​ការពារ​ពួកវា​។​

​នាវា​សិក្សា​ស្រាវជ្រាវ​ចិន​Yuan Wang 5 បាន​ទៅ​ដល់​កំពង់ផែ​ហាំ​បាន់​តូ​តា របស់​ស្រីលង្កា​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា ក្រោម​ការស្វាគមន៍​ពី​បុគ្គលិក​កំពង់​ផែ​និង​មន្ត្រី​ក្រុមហ៊ុន​នាវា​

​សូមបញ្ជាក់​ថា ចិន​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​កំពុង​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ស្រីលង្កា ដែល​ស្ថិត​នៅលើ​ផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ​ដ៏​មមាញឹក​បំផុត​មួយ នៅក្នុង​អ្វីដែល​ឥណ្ឌា​គិតថា​ជា​ផ្នែក​នៃ​​ការបង្កើត​ទីតាំង​ឈរជើងយុទ្ធសាស្ត្រ​នៅជាប់​ខ្លួន​។​ឥណ្ឌា​បាន​ផ្តល់​ជំនួយ​សំខាន់ៗ រួម​មាន​ស្បៀង ប្រេងឥន្ធនៈ ថ្នាំពេទ្យ​និង​ហ្គាស​ចំអិន​អាហារ​ដល់​ប្រទេស​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​មួយ​នេះ នៅពេល​ចិន​ផ្តល់​កំចី​​សន្ធឹកសន្ធាប់​សំរាប់​គំរោង​ហេដ្ឋារចនាសម្ពន្ធ​ធំៗ​ក្នុង​ប្រទេស​នេះ រួម​មាន​កំពង់ផែ​ហាំ​បាន់​តូ​តា​នេះ​ផងដែរ​៕