ដោយ​: ភ្នំ​ដែក / ព្រះវិហា​: រដ្ឋបាលខេត្ត​ព្រះវិហារ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការត្រៀម​បង្ការ​នូវ​គ្រោះមហន្តរាយ​ជាយថាហេតុ ដោយសារ​ជំនន់​ទឹកភ្លៀង ដោយ​ផ្អែក​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្តីពី​ស្ថានភាព​អាកាសធាតុ នឹង​ធ្វើឱ្យ​កម្ពុជា មាន​ភ្លៀង​បន្ត​ធ្លាក់​គ្រប់​ទីកន្លែង​ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ច្រើន​ដោយ​អន្លើ ចាប់ពី​ថ្ងៃទី​១៥-១៩ ខែសីហា ឆ្នាំ​២០២២​។​

​សេចក្តីជូនដំណឹង​ដែល​អ្នកយកព័ត៌មាន​យើង​ទទួលបាន​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២​នេះ រដ្ឋបាលខេត្ត​ព្រះវិហារ បាន​អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​ក្នុង​ខេត្ត​ទាំងអស់ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ តាម​ដង​ស្ទឹងសែន និង​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​តំបន់​ងាយ​រងគ្រោះ ដោយសារ​ទឹកជំនន់​មួយចំនួន សូមមេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព​ដែល​នៅ​ជិត​អ្នក ចៀសវាង​កើតឡើង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​។​

​រដ្ឋបាលខេត្ត​បានបញ្ជាក់​ទៀតថា ក្នុងករណី​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះទឹកជំនន់ សូមមេត្តា​រាយការណ៍ និង​ផ្តល់ព័ត៌មាន​ឱ្យបាន​ឆាប់​បំផុត​ដល់​អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត​ជាបន្ទាន់ ដើម្បី​មានលទ្ធភាព ចាត់វិធានការ​ដោះស្រាយ​ការពារ និង​ជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​៕​