​ដោយៈ​សុផល​/​ភ្នំពេញ​៖​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) នាថ្ងៃទី១៦ខែសីហាបានរៀបចំ​វគ្គ​បណ្តុះបណ្តាល​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ ស្តីពី​ការជំរុញ​ការយល់ដឹង​ក្នុង​វិស័យ​មូល​ប​ត្រ ជូន​ដល់​គណៈ​គ្រប់គ្រង និង​បុគ្គលិក នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមាន​សិក្ខាកាម​ចូលរួម​ផ្ទាល់​ចំនួន ៦០ នាក់ និង​អ្នកចូលរួម​តាមរយៈ Webinar online ប្រមាណ​ជាង ៥០០​នាក់ ព្រមទាំង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ធនាគារ អេស៊ីលីដា ផងដែរ​។​

​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ នឹងមាន​ការពន្យល់​អំពីថាតើ​យន្តការ និង​ការវិភាគបែបណា ​ដើម្បីឱ្យ​វា​ត្រឹមត្រូវ​ក្នុងការ​ជួញដូរ​ភាគហ៊ុន​នៅលើ​ទីផ្សារ ,​បច្ចុប្បន្នភាព​ទីផ្សារ​មូ​លប​ត្រ , អត្ថប្រយោជន៍​នៃ​ទីផ្សារ​មូល​ប​ត្រ​,​ការកសាង​មូលដ្ឋានគ្រឹះ​វិនិយោគិន​,​ការវិភាគ​ទៅលើ​ក្រុម​ម​ហ៊ុន​បោះផ្សាយ និង​ដំណើរ​ការជួញដូរ​និង​ការអនុវត្ត​ការជួញដូរ​តាម CSX Trade ។​

​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ថ្លែងថា ធនាគារ អេស៊ីលីដា បាននិងកំពុង​រីកចម្រើន ប្រកបដោយ​និរន្តរភាព ដោយសារ​ធនាគារ​មាន​ធនធានមនុស្ស​ប្រកប ដោយ​ចំណេះដឹង ជំនាញ មាន​ទំនួល​ខុសត្រូវ​ខ្ពស់ អនុវត្ត​ការងារ​តាម​ផែន​ការដែល​បានគ្រោង​ទុក ស្របតាម​ច្បាប់ បទ​ប្បញ្ញត្តិ​គោល​ការណ៍និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ស្របតាម​និន្នាការ​បច្ចេកវិទ្យានិង​តម្រូវការ​ការងារ​ប្រចាំថ្ងៃ​។​

​លោក​បណ្ឌិត​បាន​បន្តថា​៖​ធនាគារ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។ ជាក់ស្តែង ធនាគារ​តែង​រៀបចំ​ការបណ្តុះ បណ្តាល​ធនធានមនុស្ស ទាំង​នៅក្នុង​ធនាគារ​ផ្ទាល់ និង​ចាត់​បញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅតាម​បណ្តា​គ្រឹះស្ថានសិក្សា​ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​នានា ដែល​រៀប​ចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និយ័ត​ករ និង​អាជ្ញាធរ​ដែលជា​អាណាព្យាបាល ។​ល​។​

​លោក​ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា​បាន​គូសបញ្ជាក់ថា​៖​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ​ស្តីពី​ការជំរុញ​ការយល់ដឹង​ក្នុ​វិស័យ​មូល​ប​ត្រ​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់ ដែល​នឹងធ្វើ​ឲ្យ​យើងទាំងអស់គ្នា​ជា​សិក្ខាកាម យល់ដឹង​កាន់តែច្បាស់​អំពី​ការវិនិយោគ​លើ​វិស័យ​មូល​ប​ត្រ ជាអាទិ៍​អត្ថប្រយោជន៍​នៃ​ទីផ្សារ​មូល​ប​ត្រ ការកសាង​មូលដ្ឋានគ្រឹះ​វិនិយោគិន ការវិភាគ​ទៅលើ​ក្រុមហ៊ុន​បោះផ្សាយ សម្រាប់​ជា​មូលដ្ឋាន​ចំណេះដឹង​បំពេញបន្ថែម​ដើម្បី​សម្រេចចិត្ត​វិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ ជាពិសេស​វិស័យ​មូល​ប​ត្រ​របស់​ធនាគារ អេស៊ីលីដា​។​

​លោក​បណ្ឌិត បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ដូច​យើងទាំងអស់គ្នា​បានដឹងហើយថាធនាគារ អេស៊ីលីដា បាននិងកំពុង​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​តាមរយ​របា​យ​ការ​ណ៍​ដែល​បាន​បោះផ្សាយ​ជា​សាធារណៈ​ថ្មីៗ​នេះធនាគារ​សម្រេចបាន​ល​ទ្ធ​ផល​ល្អប្រសើរ​នៅ​ពាក់កណ្តាល​ឆ្នាំនេះដែល​បង្ហាញ​ពី​ការលូតលាស់​ប្រកបដោយ​ចីរភាព​។របា​យ​ការណ៍​ដែល​បាន​បោះផ្សាយ​ជា​សាធារណៈ​របស់​ក្រុមហ៊ុន​បោះផ្សាយ គឺ​ពិត​ជាមាន​សារៈសំខាន់ និង​ជា​ធាតុ ផ្សំ​មួយ​សម្រាប់​វិនិយោគិន​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​មូល​ប​ត្រ ទៅតាម​ទិសដៅ​ដែល​ខ្លួន​ចង់បាន​។ ទន្ទឹមនឹងនេះ ការវិភាគ​ទៅលើ​របាយការណ៍គឺ​តម្រូវ​ឲ្យ​មានការ​គិតគូរ​ល្អិតល្អន់និង​គ្រប់​ជ្រុងជ្រោយដែល​វិនិយោ​គិន ម្នាក់ៗ​នឹងមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​នូវ​រាល់​ការវិនិយោគ​របស់ខ្លួន​។​

​លោក ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​)​បាន​មានប្រសាសន៍ថា​៖​វគ្គ​បណ្តុះបណ្តាល​វិនិយោគិន​ក្នុ​វិស័យ​មូល​ប​ត្រ​ស្តីពី​ការជំរុញ​ការយល់ដឹង​ក្នុង​វិស័យ​មូល​ប​ត្រ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​និ​លើកកម្ពស់​ការយល់ដឹង​បន្ថែម​ពាក់ព័ន្ធ​នឹ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​សម្រាប់​គណៈ​គ្រប់គ្រង និង​បុគ្គលិក​នៃ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​។​ការផ្សព្វផ្សាយ​បណ្តុះបណ្តាល​បែបនេះ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ត្រូវធ្វើ​ជាប្រចាំ​ជាមួយ​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ យ៉ាងហោច​ម្តង​ក្នុង​មួយឆ្នាំ​។

​លោក ស៊ូ សុជាតិ បាន​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់ ចំពោះ​លោក​បណ្ឌិត អ៊ិន ចាន់នី និង​ក៏ដូចជា​គណៈ​គ្រប់គ្រង​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី គ្រប់លំដាប់​ថ្នាក់​ចំពោះ​ការដឹកនាំ និង​រុញច្រាន​ស្ថាប័ន​ប្រជា​ធនាគារ​មួយ​នេះ​ឱ្យមាន​ការរីកចំរើន និង​ប្រសិទ្ធ​ផល​ខ្ពស់​។​

​ជាមួយនឹង​ភាព​រីកចម្រើន នៃ​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា លោក ស៊ូ សុជាតិ បាន​បន្ថែមថា ក្នុង​ធនាគារ​អេស៊ីលីដា និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​នេះ ចាប់តាំងពី​ដំណាក់កាល​ដំបូង នៃ​ការចាប់ផ្តើម​ទីផ្សារ​មូល​ប​ត្រ ដោយ​ក្នុងនោះ អេស៊ីលីដា​បានទទួល​ស្គាល់​ធ្វើជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់ ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ​,​ភ្នាក់ងារ​បញ្ជិកា​មូល​ប​ត្រ ភ្នាក់ងារ​ចុះបញ្ជី​ផ្ទេរ​មូល​ប​ត្រ​និង​ភ្នាក់ងារ ទូទាត់ និង​ពេលនេះ​ជា​ភ្នាក់ងារ រក្សា​សុវត្ថិភាព ក្នុង​វិស័យ​មូល​ប​ត្រ​។​

​ទាក់ទង​នឹង​ផ្សា​រមូល​ប​ត្រ លោក ស៊ូ សុជាតិ បានឱ្យដឹងថា​ត្រឹម​ត្រីមាស​ទី​២ ឆ្នាំនេះ ការជួញដូរ​ភាគហ៊ុន​ក្នុង​បរមាណ​មធ្យម ប្រហែល​ជិត៥០​ម៉ឺន​ភាគហ៊ុន គិត​ជា​ទឹក​ប្រាក់​​មានតម្លៃ​ជា​មធ្យម​ប្រហែល​១,២៨​លាន​ដុល្លារ​ក្នុង​១​ថ្ងៃ​។​ដូច្នេះ ទីផ្សារ​មូល​ប​ត្រ​កំពុង​វិវឌ្ឍន៍ ប្រកបដោយ​វឌ្ឍន​ភាពជា​វិជ្ជមាន ដោយ​ទីផ្សារ​របស់​កម្ពុជា មាន​ប្រព័ន្ធ​ទ្រទ្រង់ ឬ​សសរស្តម្ភ​គ្រប់គ្រាន់ (​វិនិយោគិន​, ក្រុមហ៊ុន​បោះផ្សាយ​, អន្តរការី​ទីផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​) និង​ទទួលបាន​ការគាំទ្រ និង​ការចូលរួម​យ៉ាង​ពេញទំហឹង ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​វិស័យនេះ​៕