ដោយ​: ភ្នំ​ស​ន្ទូ​ក / កំពង់ធំ​: លោក​ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ​បានអោយដឹង​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២​នេះ​ថា ទោះបី​លទ្ធផល​សម្រេចបាន​ដូច​រៀបរាប់​យ៉ាងណាក្ដី ក៏​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៅមាន​បញ្ហា​ប្រឈម​មួយ ចំនួន​ទៀត​ដូចជា​៖ ១-​បទល្មើស​កាប់​រាន ឈូសឆាយដី​ព្រៃឈើ ហ៊ុ​ព័ទ្ធ​ធ្វើជា​កម្មសិទ្ធិ​នៅតែ​កើតមាន ដោយ​បំបែក​ជា​រូបភាព​តូចៗ​ពិបាក​ក្នុងការ​ទប់ស្កាត់​។ ២-​សម្ភារៈ មធ្យោបាយ និង​ថវិកា​មិន​គ្រប់គ្រាន់។ ៣-​កម្លាំង​មន្ត្រី​ជំនាញ​មាន​ចំនួន​តិច ពុំ​សមស្រប​ទៅនឹង​វិសាលភាព​ផ្ទៃដី។ ៤-​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ពុំទាន់​បាន​ពេញលេញ។ ៥-​មិនទាន់មាន​ការចូល​រួម​ពី​វិស័យ​ឯកជន “​ចម្ការ​ឈើ​ដាំ​”​។ និង​៦-​ចំណេះដឹង​របស់​មន្ត្រី​ជំនាញ និង​សហគមន៍​មូលដ្ឋាន​នៅមានកម្រិត។

​លោក​ប្រធាន​មន្ទីរ​បន្តថា ការរៀបចំ​សហគមន៍​ព្រៃឈើ​ចំនួន ៨៣​កន្លែង លើ​ផ្ទៃដី​ទំហំ ជាង ៧​ម៉ឺន​ហិកតា មាន​សមាជិក​សរុប​ចំនួន ១២៥៨៣​គ្រួសារ នៅក្នុង ១០២​ភូមិ ២៧​ឃុំ ០៦​ស្រុក ។ សហគមន៍​ព្រៃឈើ​ចំនួន ៦៩ កន្លែង ផ្ទៃដី​សរុប ជាង ៥​ម៉ឺន​ហិកតា ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ប្រកាស​របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​សហគមន៍ ក្នុងនោះ​មាន​សហគមន៍​ចំនួន ២៧ កន្លែង ដែលមាន​លើ​ផ្ទៃដី ១៣ ២៩៨​ហិកតា មាន​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍​។

​លោក​ប្រធាន​មន្ទីរ​បាន​បន្ថែមថា រដ្ឋបាលខេត្ត​កំពង់ធំ​ក៏បាន​អោយ​ខាង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត រៀបចំ​តំបន់​អភិរក្ស​ជីវៈចម្រុះ​តំបន់​សិក្សា​ស្រាវជ្រាវ និង​ស្តារ​ព្រៃឈើ​ឡើងវិញ​ស្ថានីយ ព្រៃ​សហគមន៍ និង​ថ្នាល​បណ្តុះ​កូនឈើ​ជាច្រើន​កន្លែង​ដូចជា​៖ -​ស្ថានីយ​បណ្តុះ​កូនឈើ សម្តេច ហ៊ុន សែន​ទួល​ដំណាក់ ចំនួន ១ កន្លែង -​ថ្នាល​បណ្តុះ​កូនឈើ​តាម​បណ្ដា​ផ្នែក​-​សង្កាត់រដ្ឋបាល​ព្រៃឈើ​ចំនួន ១២ កន្លែង -​តំបន់​សិក្សា​ស្រាវជ្រាវ និង​ស្តារ​ព្រៃឈើ​ឡើងវិញ​ចំនួន ០៧​កន្លែង ទំហំ​៦ ៦៣៣​ហិកតា នៅក្នុង​ស្រុក​សន្ទុក និង​ស្រុក​សណ្តាន់ -​ចំការ​ពូជឈើ ស្រល់​, តា​ត្រាវ ចំនួន ០១ កន្លែង ទំហំ ១០៤ ហិកតា (​ស្រុក​សន្ទុក​) -​ព្រៃ​ជំនឿ​សាសនា ០៦ កន្លែង ផ្ទៃដី​ទំហំ ២០,៦៧៩​ហិកតា ស្ថិតក្នុង​ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សណ្តាន់​។ -​សួន​អាពាហ៍ពិពាហ៍ និង​សួន​ដាំ​ឈើ​អនុស្សាវរីយ៍​ចំនួន ០៨ កន្លង ។​

​លើសពីនោះ​ទៀត លោក​ប៉ែន វណ្ណ​រិ​ទ្ធ​ប្រ​ធា​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់ថា ចំពោះ​បទល្មើស​ព្រៃឈើ​បាន​បង្ក្រាប ក្នុង​រយៈពេល ៧​ខែ ដើមឆ្នាំ​២០២២ នេះ​សរុប​ចំនួន ១២៤​ករណី ក្នុងនោះ​បទល្មើស​កាប់​រាន​ដីព្រៃ​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត សរុប​ចំនួន ៥៧​ករណី ពាក់ព័ន្ធ​ផ្ទៃដី​ព្រៃឈើ​ទំហំ​ជាង ១២០០​ហិកតា និង​បាន​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​ចំនួន ០៨​នាក់​។ វត្ថុតាង​ផល អនុផល​ព្រៃឈើ ដែល​រឹបអូស​បាន រួមមាន​ឈើ​ចម្រុះ​ប្រភេទ​សរុប​ចំនួន ១០៣​ម៉ែត្រគូប ២៥២ កូនឈើ​ចម្រុះ​ប្រភេទ​ចំនួន​១ ២៨៦​ដើម អុស​ចម្រុះ​ចំនួន ១២៧,៥​ស្ទែរ ធ្យូង​ទម្ងន់ ៨ ៨៤០​គីឡូក្រាម បង្គោលក្រាក់ ១២៥​ដើម និង​មធ្យោបាយ​ប្រព្រឹត្ត​ជាច្រើន​ប្រភេទ​ផងដែរ​។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​សំណូមពរ​អោយ​អាជ្ញាធរ​ភូមិ​ឃុំ​/​ស្រុក ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ពិធី​រុក្ខទិវា​ប្រពៃណីជាតិ ឆ្លុះបញ្ចាំង ឱ្យឃើញ​នូវ​ការយកចិត្តទុកដាក់​ពី​ប្រជាពលរដ្ឋ ក្នុងការ​ថែរក្សា​ការពារ​អភិរក្ស គ្រប់គ្រង​និង​អភិវឌ្ឍន៍​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​៕​