​មិន​ដោះស្រាយ​ករណី​ពលរដ្ឋ​២៩២​គ្រួសារ​រឿង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​

1087
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ទីបំផុត​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់​មិន​ធ្វើការ​ពិនិត្យ ដោះស្រាយ​ករណី​ប្រជាពលរដ្ឋ​ចំនួន​២៩២​គ្រួសារ រស់នៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ និង​ឃុំ​ក​ណ្តោ​ក ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែលមាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​នោះទេ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​។​

​ការសម្រេច​មិន​ធ្វើការ​ពិនិត្យ​ដោះស្រាយ​ករណីនេះ ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បញ្ជាក់ថា ផ្អែកលើ​ដីកា​សម្រេច​ចុះ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០០៨ របស់លោក​ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​ក្រសួង​សម្រេច​មិន​ធ្វើការ​ពិនិត្យ​ដោះស្រាយ​ករណីនេះ​ទេ​។​

​ការឆ្លើយតប​នេះ គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥០​នាក់ តំណាង​ប្រជាពលរដ្ឋ​ចំនួន​២៩២​គ្រួសារ រស់នៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ និង​ឃុំ​ក​ណ្តោ​ក ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា បានដាក់​ញ្ញត្តិ​ជូន​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្វើ​អន្តរាគមន៍​ករណី​ទំនាស់​ដីធ្លី​៤៥០​ហិកតា​និង​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​បញ្ចប់​ជា​ស្ថាពរ​ដល់​ប្រជាពលរដ្ឋ​ចំនួន​២៩២​គ្រួសារ​។ ពីព្រោះ​អាជ្ញាធរ​បាន​ផ្អាក​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ព្រោះតែ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បាន​តំ​លោភ​លើដី​នេះ​។​

​ចំណែក​លោកស្រី សៀង​ចាន់​ហេង​ប្រធាន​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​បានដាក់​លិខិត​ទៅ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ស្នើសុំ​បើក​វេទិកាសាធារណៈ​ដើម្បី​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​២៩២​គ្រួសារ ដែល​បាន​ប្តឹង​ចោទប្រកាន់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​រំលោភ​យក​ដី​។

​លោកស្រី សៀង ចាន់​ហេង បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ថា លោកស្រី​បានដាក់​លិខិត​នេះ ជូន​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រួចហើយ​នៅ​រសៀល​នេះ ប៉ុន្តែ​នៅ​មិនទាន់​មានការ​ឆ្ល​យ​តប​នៅឡើយ​ទេ​។​ការដាក់​លិខិត​ស្នើសុំ​បើក​វេទិកាសាធារណៈ​ដើម្បី​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​លិខិត លោកស្រី សៀង ចាន់​ហេង បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ថា​កាលពី​ថ្ងៃទី​២១ និង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​មួយចំនួន​តំណាង​ឲ្យ​២៩២​គ្រួសារ បានដាក់​បណ្តឹង​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់និង​ដាក់​ញ្ញត្តិ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ដោយបាន​ចោទប្រកាន់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​រំលោភ​យក​ដី​របស់​ពួកគាត់​។

ក្នុង​រឿងនេះ​ដើម្បី​ផ្តល់នូវ​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​២៩២​គ្រួសារ ក៏ដូចជា​ផ្តល់​យុត្តិធម៌​ដល់​ក្រុមហ៊ុន លោកស្រី​សុំ​ការអនុញ្ញាត​ពី​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា មេត្តាជួយ​បើក​វេទិកាសាធារណៈ ដើម្បី​រក​ឲ្យ​ឃើញ និង​បញ្ជាក់​ការពិត​ថា ក្រុមហ៊ុន​របស់លោក​ស្រី ពិតជា​បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ដូចខាងលើ​មែន​ឬទេ ហើយ​ប្រសិនបើ​ការពិត​បញ្ជាក់ថា មានការ​រំលោភ​យក​ដី​មែន​នេះ លោកស្រី​សុខចិត្ត​ប្រគល់​ដី​ជូនទៅ​ប្រជាពលរដ្ឋ​ទាំងអស់​វិញ

ក្នុងនោះព្រមទាំង​ហ៊ាន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ ប៉ុន្តែ​បើ​រកឃើញថា ករណី​ខាងលើ​មិនមែនជា​ការពិត ហើយ​ជា​ករណី​ប្តឹង​មួលបង្កាច់​កេរ្តិ៍​ទម្លាក់កំហុស​ដោយ​អសុ​ចិត្ត​ដែល​ក្រុមហ៊ុន​មិនបាន​រំលោភ​យក​ដី​របស់​ពួកគាត់​ទេនោះ សូម​លោក​ទេសរដ្ឋមន្ត្រី​ផ្តល់នូវ​កិត្តិយស​សេចក្តីថ្លៃថ្នូរ​ចំពោះ​លោកស្រី​វិញ និង​សូម​ឲ្យ​ចាត់វិធានការ​ផ្លូវច្បាប់​៕S/​

​មិន​ដោះស្រាយ​ករណី​ពលរដ្ឋ​២៩២​គ្រួសារ​រឿង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​

ទីតាំងផ្សាយពាណិជ្ជកម្ម