ដោយ​: សុផល / ភ្នំពេញ​: រដ្ឋមន្ត្រី​កម្ពុជា​និង​ថៃ នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​រួមគ្នា ដើម្បី​ត្រួត​ពិនិត្យមើល​ការដ្ឋាន​សាងសង់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​។ ដំណើរ​ទស្សនកិច្ច​នេះ គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០២០​។​

​ទាក់ទង​នឹង​គម្រោង​នេះ លោកស្រី កុយ សុ​ដា​នី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​១៥​ខែសីហា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រៀម​រៀបចំ​ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋមន្ត្រី​កម្ពុជា​-​ថៃ ដើម្បី​ត្រួតពិនិត្យ មើល​ការដ្ឋាន​សាងសង់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន ដោយមាន​ការចូលរួម​ដោយ ផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រី​គម្រោង​កែលម្អ​ប្រព័ន្ធ​ភស្តុភារ​កម្ម​នៅ​កម្ពុជា ដំណាក់កាល​ទី​២ គម្រោង​សាងសង់​ស្ថានីយ​ច្រកទ្វារព្រំដែន​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់ពី​ភាគី​ថៃ បាន​ពិនិត្យ​ពិចារណា​លើ​សំណើ​របស់​កម្ពុជា​ឱ្យមាន​ការបើក​ប្រើ ប្រាស់​ជា​បណ្ដោះអាសន្ន​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន ខេត្តបន្ទាយមានជ័យ ដើម្បី​ជួយ​សម្រួល​បញ្ចៀស​ចរាច​រណ៍​របស់​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន រវាង​កម្ពុជា និង​ថៃ ក៏ដូចជា​ដើម្បី​ជួយ​កាត់បន្ថយ​ការកកស្ទះ​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​-​អារញ្ញ​ប្រាថេត នាពេល​បច្ចុប្បន្ន​ផងដែរ​។​

​អង្គ​ប្រជុំបាន​ពិភាក្សា​លម្អិត​អំពី​វឌ្ឍនភាព​នៃ​ការសាងសង់​ស្ថានីយ​ច្រកទ្វារព្រំដែន​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ដែល​បច្ចុប្បន្ន​សម្រេចបាន​ប្រមាណ​ជា​៥៤% វឌ្ឍនភាព និង​ការសាងសង់​បញ្ចប់​ផ្លូវ​វាង​ស្នែងក្របី ទីលាន​ចំណត​យានយន្ត ការិយាល័យ​កុងតឺន័រ​(​ចំនួន​០៧ ) បង្គន់​អនាម័យ (០២) ការចុះ ត្រួតពិនិត្យ​ជាមុន​ដើម្បី​សម្អាត និង​រៀបចំ​ទីតាំង​ទទួល​បដិសណ្ឋារកិច្ច​គ​ណៈ​ប្រតិភូ ការរៀបចំ​លំហូរ​ចរាច​ណ៍ និង​ក្បួន​គណៈប្រតិភូ​ឆ្លងកាត់​ពី​ទឹកដី​ថៃ​តាម​ច្រកទ្វារ​ប៉ោយប៉ែត​-​អារញ្ញ​ប្រាថេត ការរៀបចំ​ខ្លឹមសារ​ឯកសារ​សង្ខេប​គ​ម្រោ​ង​សម្រាប់​គណៈប្រតិភូ និង​ជំនួយស្មារតី​សម្រាប់​ថ្នាក់ដឹកនាំ ការបែងចែក​តួនាទី និង​ភារកិច្ច​ក្រុមការងារ​ទទួលបន្ទុក​រៀបចំ ក្រុមការងារ​ទទួលបន្ទុក​ការងារ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ការងារ​ដែល​នៅ​សេសសល់​មិនទាន់​សម្រេច​រវាង​ភាគី​ប្រទេស​ទាំងពីរ និង​ការអញ្ជើញ​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ដំណើរ​ទស្សនកិច្ច​នេះ​ផងដែរ​។​

​លោកស្រី​រដ្ឋលេខាធិការ​ប្រធាន​អង្គប្រជុំ បានលើកឡើង​បន្ថែម និង​សង្កត់ធ្ងន់​លើ​ចំណុច​សំខាន់ៗ​មួយ ចំនួន​នៃ​កិច្ចប្រជុំ​ដែល​រួមមាន​៖ ការរៀបចំ​ឯកសារ និង​ការ​រចនា​ប្លង់​ពាក់ព័ន្ធ​ដើម្បី​ចែកជូន​គណៈប្រតិភូ​ក្នុង ពេល​បំពេញ​ទស្សនកិច្ច ដើម្បី​ពិនិត្យមើល​លើ​ការរៀបចំ​សំណង់​ទាំងមូល និង​ការរៀបចំ​ជំនួយស្មារតី សម្រាប់​ថ្នាក់ដឹកនាំ​ពិនិត្យ​។

​លោកស្រី​ក៏បាន​ស្នើឱ្យ​បញ្ចូល​បញ្ហា​សេសសល់ និង​មតិយោបល់​ដែល​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ នេះ​ទៅក្នុង​ជំនួយស្មារតី ដើម្បី​ដាក់ជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ពិនិត្យ ដើម្បី​ត្រៀម​ក្នុងករណី​ត្រូវ​លើកឡើង ជាមួយ​ភាគី​ថៃ ឬ​ដើម្បី​យកទៅ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផងដែរ​៕​