ដោយ​: សុផល / ភ្នំពេញ​: មានឈ្មោះ​ដើម​ថា សេង ឈៀង អតីត​សិល្បករ​របាំ​ព្រះរាជ​ទ្រព្យ ឯកទេស​ស្វា ដើរតួ​ហនុមាន​។ ប​ច្ច​ប្បន្ន​លោកគ្រូ ព្រឿង ឈៀង ជាទី​ប្រឹក្សា​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​បង្រៀន​នៅ​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។​

​ដោយមាន​ជីដូន​ជា​គ្រូធំ​បង្ហាត់​របាំ​ព្រះរាជ​ទ្រព្យ តាម​ដង្ហែ​ព្រះមហាក្សត្រី​យ៉ា​នី​កុសុមៈ​នារីរ័ត្ន សេរី​វ​ឌ្ឍ​នា ព្រះ​មាតា​សិល្បៈជាតិ លោក​សាស្ត្រាចារ្យ​ព្រឿង ឈៀង​ត្រូវបាន ជីដូន​ឧស្សាហ៍​នាំទៅ​មើល​គេ​ហាត់​សមរ​បាំ ជាមួយ​ប្អូន​ឈ្មោះ សេង ស្រីមុំ តាំងពី​អាយុ​៤​ឆ្នាំ ធ្វើ​ឲ្យ​លោក​រាំ​តាម​នាដករ និង​មានចិត្ត​ស្រឡាញ់​ដោយ​មិនដឹង​ខ្លួន​លោក​ក៏ បានចាប់ផ្ដើម​ចូល​សិល្បៈ​ពេញសិទ្ធិ​នៅ​អាយុ​៨​ឆ្នាំ ព្រមទាំង​មានឱកាស​ចេញ​សម្ដែង​នៅ​អារ៉ាប់​រួម និង​ប្រទេស​យូ​ហ្គូ​ស្លា​វី នៅ​អាយុ​៩​ឆ្នាំ​ទៀតផង​។​

​ក្នុង​កិច្ច​សម្ភាស​ពិសេស​ទោល ក្នុង​កម្មវិធី​ល្ខោន​ខ្មែរ រដូវ​កាល​ទី​១ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចាក់ផ្សាយ​នៅ​កញ្ចក់​ទូរទស្សន៍ BTV លោកគ្រូ​មានប្រសាសន៍ថា​៖ បន្ទាប់​ពីថ្ងៃ ៧ មករា គេ​បាន​បង្កើត​មន្ទីរ​ឃោសនាការ វប្បធម៌​គ្រប់​ខេត្ត ដើម្បី​ប្រមូលផ្ដុំ​អតីត​សិល្បករ​ទាំងចាស់ ទាំងថ្មី​។ កាលនោះ សាស្ត្រាចារ្យ ឆេង ផុន បាន​ប្រា​ប់លោក កែវ ចិន្តា រដ្ឋមន្ត្រីក្រសួង​ឃោសនាការ វប្បធម៌ និង​ព័ត៌មាន ថា​គួរ​បើក​មហោស្រព​សិល្បៈ​ទូទាំង​ប្រទេសមួយ​ដើម្បី​មើល​ពី​សក្ដានុពល​ថា​នៅ សល់​ប៉ុន្មាន​។ ជា​លទ្ធផល ៩០% បាន​បាត់​បង់ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍ និង​នៅសល់តែ​១០% ប៉ុណ្ណោះ​។​សិល្បៈ​ខ្មែរ​បានចាប់ផ្ដើម​រស់​ឡើងវិញ​តាមរយៈ​ការ​ចាំ​ក្បាច់ របស់​អតីត​សិល្បករ ទី​ពីរ​គឺ​ឯកសារ​ភាពយន្ត​របស់​សម្ដេចឪ និង​ទី​បី ឯកសារ​បរទេស ដែល​គេ​ថត​ពី​សម័យ​អាណានិគម​។​

​សូមបញ្ជាក់​ផងដែរ​ថា សាស្ត្រាចារ្យ ព្រឿង ឈៀង គឺជា​គណៈកម្មការ​វាយតម្លៃ​មួយរូប​ក្នុង​កម្មវិធី​ល្ខោន​ខ្មែរ រដូវ​កាល​ទី​១ ឆ្នាំ​២០២២ ក្រោម​វិញ្ញាសា​ទម្រង់​របាំ​ក្បាច់បុរាណ ខ្មែរ​។ លោកគ្រូ​បាន​បន្តថា​៖ ព្រឹត្តិការណ៍​នេះ​គឺជា​សាលារៀន ក្នុងពេល​ប្រឡង​លោក​នឹង​ជួយ​ដុះខាត់​ក៏ដូចជា​បញ្ចេញ​នូវ​អ្វី​ទាំងអស់​ដើម្បី​ចែក​រំ​លែ ដល់​បេក្ខជន​ដែល​ដាក់ ពាក្យ​ចូលរួម ហើយ​បេក្ខជន​ចូលរួម​ដោយ​សេរី មិន​ថា​សិស្សសាលា​មធ្យម ឬ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ឬ អ្នក​ស្នេហា​វិស័យ​សិល្បៈ សមាគម​ក្ដី អាចដាក់​ពាក្យ​ចូលរួមបាន​។​

​សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការប្រកួត សូម​ទាក់ទង​មក​តេ​លេ​ក្រាម ឬ​ទូរ​សព្ទ​លេខ 099 914 121​។ ផុតកំណត់​ទទួល​ពាក្យ​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ​២០២២៕​