​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យោធា​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​ថា​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​នឹង​ចាប់ផ្តើម​ការហ្វឹកហ្វឺន​យោធា​រួម​គ្នា​ដ៏​ធំ​បំផុត​របស់​​ពួកគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ នៅ​សប្តាហ៍​ក្រោយ ដើម្បី​ប្រឈមមុខ​នឹង​ភាព​គឃ្លើន​ខ្លាំង​ឡើង​របស់​កូរ៉េខាងជើង ដែល​កំពុង​បង្កើន​ការសាកល្បង​អាវុធ​និង​គំរាម​ផ្ទុះ​ជម្លោះ​នុយក្លេអ៊ែ​រ​​ទល់​នឹង​ទីក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​។​

​សមយុទ្ធ​រដូវក្តៅ​របស់​សម្ពន្ធមិត្ត ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី ២២ ខែសីហា​ដល់​ថ្ងៃទី ០១ ខែ​កញ្ញា នៅ​កូរ៉េ​ខាងត្បូង ក្រោម​ឈ្មោះថា Ulchi Freedom Shield​នឹង​រួមបញ្ចូល​សមយុទ្ធ​លើ​ទីលាន​​ជាក់ស្តែង ដែល​ពាក់ព័ន្ធ​នឹង​យន្តហោះ នាវាចម្បាំង រថក្រោះ និង​កម្លាំង​ទាហាន​អាច​មាន​រាប់​ម៉ឺន​នាក់​។​

​សមយុទ្ធ​នេះ​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​សេ​អ៊ូ​ល​ក្នុង​ការស្តារ​ការហ្វឹកហ្វឺន​ទ្រង់ទ្រាយ​ធំ​ឡើងវិញ​បន្ទាប់ពី​ពួកគេ​បាន​លុបចោល​នូវ​សមយុទ្ធ​ធម្មតា​មួយចំនួន​របស់​​ពួកគេ និង​បន្ថយ​ការហ្វឹកហាត់​ផ្សេង​ទៀត​មក​ធ្វើ​ត្រឹម​លើ​កុំព្យូទ័រ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដើម្បី​បង្កើត​ចន្លោះ​សម្រាប់​ការទូត​ជាមួយ​ទីក្រុង​ព្យុងយ៉ាង និង​ដោយសារ​ការព្រួយបារម្ភ​អំពី​កូវី​ដ​១៩​។​

​ក្រសួង​ការពារជាតិ​អាម៉េរិក​ក៏បាន​និយាយ​ផងដែរ​ថា កងទ័ពជើងទឹក​អាម៉េរិក កូរ៉េខាងត្បូង និង​ជប៉ុន​បាន​ចូលរួម​ក្នុង​លំ​ហាត់​សម​អំពី​ការព្រមាន​មី​ស៊ី​ល​និង​សមយុទ្ធ​ស្វែងរក​និង​តាមដាន​កាំជ្រួច​​ផ្លោង​នៅឯ​ឆ្នេរសមុទ្រ​ហា​វ៉ៃ ចាប់ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១៤ ខែ​សីហា ដែល​ខ្លួន​និយាយថា​មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​បន្ថែម​ទៀត​ក្នុងពេល​ប្រឈម​មុខ​នឹង​កូរ៉េខាងជើង​។​

​ខណៈ​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​ពណ៌នា​សមយុទ្ធ​របស់​ពួកគេ​ថា​ជា​ការការពារ​ខ្លួន សមយុទ្ធ​ឈ្មោះ Ulchi Freedom Shield​សឹងតែ​ប្រាកដ​ណាស់​ថា​នឹង​ទាញ​ប្រតិកម្ម​ខឹងសម្បា​ពី​កូរ៉េ​​ខាងជើង ដែល​ពណ៌នា​សមយុទ្ធ​របស់​សម្ពន្ធមិត្ត​នេះ​ថា​ជា​ការហាត់​សម​ដើម្បី​ឈ្លានពាន ហើយ​បាន​ប្រើ​វា​ជា​លេស​ដើម្បី​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន​។​

​មុន​ពេល​សមយុទ្ធ​ត្រូវ​បាន​បន្ថយ​កម្រិត​ឬ​បន្ថយ​ទំហំ សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជា​រៀង​រាល់​រដូវ​ផ្កា​រីក​និង​រដូវក្ដៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង​។​សមយុទ្ធ​រដូវ​ផ្កា​រីក​ត្រូវបាន​គូស​​បញ្ជាក់​ដោយ​ការបាញ់​គ្រាប់​ពិត​ពាក់ព័ន្ធ​នឹង​គ្រឿង​សព្វាវុធ​លើគោក លើ​អាកាស និង​លើ​សមុទ្រ​យ៉ាង​ទូលំទូលាយ ហើយ​ជា​ធម្មតា​មាន​ការចូលរួម​ពី​ទាហាន​អាម៉េរិក​ប្រហែល ១០.០០០ នាក់ និង​ទាហាន​កូរ៉េ ២០០.០០០ នាក់​។​

​កងទ័ព​សម្ពន្ធមិត្ត​រាប់ម៉ឺន​នាក់​ចូលរួម​នៅក្នុង​សមយុទ្ធ​រដូវក្តៅ ដែល​ភាគច្រើន​រួម​មាន​ការធ្វើ​លំ​ហាត់​សម​លើ​កុំព្យូទ័រ​ដើម្បី​រៀបចំ​ការសម្រេចចិត្ត​និង​ផែនការ​រួមគ្នា​ទោះបីជា​យោធា​កូរ៉េខាងត្បូង​​បាន​សង្កត់ធ្ងន់​លើ​ការ​រស់​ឡើង​វិញ​នៃ​ការហ្វឹកហ្វឺន​ទ្រង់ទ្រាយ​ធំ​លើ​ទីលាន​ជាក់ស្តែង​នៅ​ពេល​នេះ​ក៏ដោយ​៕

​កាំជ្រួច​ត្រូវបាន​បាញ់​ក្នុងអំឡុង​ការហ្វឹកហ្វឺន​រួម​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង​នៅ​ទីតាំង​មិន​បាន​បង្ហាញ​ក្នុងប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី ២៥ ខែ​ឧសភា ឆ្នាំ ២០២២​