ដោយៈ​សុវណ្ណ / រតនគិរីៈ រថយន្ដ​ហ្វ​ត​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន បាន​បុក​អ្នកជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ពីរ​នាក់ នៅនឹងកន្លែង​កើតហេតុ កាលពី​រសៀល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ក្នុងស្រុក​កូន​មុំ ។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ ជន​ដែល​បាន​បាត់​បង់ជីវិត ទាំងពីរ​នាក់​នោះ មានៈ​១. ឈ្មោះ ហ៊ីង ស៊ី​វ៉ូ​ន ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ២.​ឈ្មោះ ស៊ី​វ៉ូ​ន លី​ម៉ា ភេទ​ប្រុស អាយុ ៥ ឆ្នាំ ត្រូវជា​កូន​។ ពួកគេ មាន​លំនៅ នៅ​ភូមិ​២ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹងថាៈ កាលពី​វេលា​ម៉ោង ១ រសៀល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២ មាន​រថយន្ដ​ម៉ាក​ហ្វ​ត ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ កម្ពុជា​.PNR.8696 បាន​បើក តាមផ្លូវ​ជាតិ​លេខ​៧៨ ពី​ទិស​ខាងលិច ទៅខាង​កើត ក្នុង​គោលដៅ​ស្រប​ទិស​គ្នា ជាមួយ​ម៉ូតូ មួយគ្រឿង ដែល​ជនរងគ្រោះ បាន​ជិះ​ពីរ​នាក់ កូនប្រុស​។​

​ប្រភព​ដដែល បាន​បន្ដ​ឲ្យ​ដឹង​ទៀតថាៈ លុះ​មកដល់​ចំណុចកើតហេតុ ត្រង់​ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ​៧៣ និង​លេខ​៧៤ ស្រាប់តែ​ម៉ូតូ បាន​បត់​ឆ្វេង ពេល​ជាមួយគ្នា​នោះ ដោយ​មិនបាន​ប្រយ័ត្ន រថយន្ដ​បាន​ជ្រុល​ទៅបុក​ម៉ូតូ ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ស្លាប់ ទាំងពីរ​នាក់ ឪពុក​និង​កូន នៅនឹងកន្លែង​តែម្ដង​។ ចំណែក​តៃកុង បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ដ នៅ​កន្លែងកើតហេតុ​។​

​លោក រស់ វណ្ណា មេបញ្ជាការ កង​រាជ​អា​ហត្ថ​ស្រុក​កូន​មុំ បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថាៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើ គឺ​បណ្ដាលមកពី​អ្នកបើកបរ មានការ​ធ្វេសប្រហែស​។ ចំណែកឯ​អ្នកជិះ​ម៉ូតូ ពេល​បត់​ចូល ក៍​មិនបាន​បើកភ្លើង​ស៊ីញ៉ូ​។​

​លោក រស់ វណ្ណា បានបញ្ជាក់​ថាៈ ក្រោយ​ត្រួតពិនិត្យ​រួច សមត្ថកិច្ច​ជំនាញ បាន​យក​រថយន្ដ និង​ម៉ូតូ ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ដ​នីតិវិធី ចំណែក​សព បានប្រគល់​ឲ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រណី​៕/V​