ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ បើ​មិនមាន​ការប្រែប្រួល​ទេ​នៅ​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២​ស្អែក​នេះ​នឹងត្រូវ​ធ្វើ​ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ​អភិបាលរង​រាជធានី​ភ្នំពេញ ចំនួន​បី​រូប​ថ្មី​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ចេញ​អនុក្រឹត្យ​តែងតាំង​កន្លងមក​នោះ ។​

​ពិធី​នេះ​ក្រោម​អធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​សូម​រំលឹកថា អភិបាលរង​រាជធានី​ភ្នំពេញ​ចំនួន​បី​រូប ដែល​ត្រូវ​ប្រកាស​ចូលកាន់​តំណែង​នោះ រួមមាន លោក ឃ្លាំង ហួត​, លោក សុខ ពេញ​វុ​ធ និង​លោក ហ៊ុន សុរិទ្ធី​។ មុន​ចូលកាន់​តំណែង​នេះ​លោក ឃ្លាំង ហួត ជា​ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​អតីត​អភិបាលខណ្ឌ​ជ្រោយចង្វារ​។ ចំណែក លោក សុខ ពេញ​វុ​ធ ជា​អតីត​អភិបាលខណ្ឌ​ដូនពេញ និង លោក ហ៊ុន សុរិទ្ធី ជា​អតីត​អគ្គនាយករង​អន្តោរ​ប្រវេសន៍​ក្រសួងមហាផ្ទៃ​៕​