ដោយៈទេព មង្គល / ភ្នំពេញៈ លោកឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាល រាជធានីភ្នំពេញ សម្រេចចាត់តាំងបញ្ជាការដឹកនាំ និងក្រុមប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាប ក្រុមធ្វេីសកម្មភាពចាប់​ឃាត់​ខ្លួនប្រជាពលរដ្ឋ​ បែបអនាធិបតេយ្យ ដោយមិនមានកិច្ចសហការ ពីអាជ្ញាធរមូលដ្ឋាន ។

បញ្ជាការដឹកនាំ និងក្រុមប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាប ក្រុមធ្វេីសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋ​ បែបអនាធិបតេយ្យ មានចំនួន ៩ ក្រុម ស្ថិតនៅក្រោមការដឹកនាំដោយ លោកឧត្តមសេនីយត្រី គល់ យី ស្នងការរងទទួលផែនប្រឆាំថគ្រឿងញៀន ជាមេបញ្ជាការ និងលោក​វរសេនីយទោ រ៉ឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន ជាមេបញ្ជាការរង ដោយមានភារកិច្ច​ចុះល្បាត អន្តរាគមន៍ ទប់ស្កាត់ និងបង្ក្រាបកម្លាំងអនាធិបតេយ្យ ដែលធ្វើសកម្មភាពចាប់ឃាត់ ខ្លួនពលរដ្ឋ ដោយមិនមាន កិច្ចសហការពីអាជ្ញាធរមូលដ្ឋាន។

តាម​សេចក្ដីសម្រេច ចុះ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ នោះ បានលើកឡើងថា ក្រុមការងារ​ត្រួតពិនិត្យ មាន​ភារកិច្ច​
– ជា​សេនាធិការ​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លើ​ការងារ​ចុះ​ត្រួតពិនិត្យ រក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ជន​ធ្វើ​សកម្មភាព ចាប់​ឃាត់​មនុស្ស អនាធិប្បតេយ្យ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ​។​

– ក្រុម​ប្រតិបត្តិការ​នីមួយៗ ត្រូវ​បែងចែក​កម្លាំង ដើម្បី​ទទួលខុសត្រូវ ២៤/២៤​ម៉ោង កសាង​ផែនការ​សកម្មភាព និង​ប្រតិទិន​ការងារ កំណត់​តំបន់​ស្មុ​គ្រ​ស្មាញ តំបន់​ប្រឈម តំបន់​កើតមាន​ហេតុការណ៍​ញឹកញាប់ ដើម្បីឱ្យ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​ធានាបាន ប្រសិទ្ធភាព​។​

-​ពេលចេញ​ប្រតិបត្តិការ កម្លាំង​ទាំងអស់ ត្រូវធ្វើ​ការងារ​ជា​ក្រុម ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន ឈុត​ប្រយុទ្ធ ពាក់​សញ្ញា​សម្គាល់ និង​គ្រឿង​បន្ទាប់បន្សំ​របស់​នគរ​បាល ឲ្យ​បាន​សព្វគ្រប់ មាន​អាវុធ​គ្រប់​ដៃ និង​រៀបចំខ្លួន​ឲ្យ​ស័ក្ក​សមជា​សមត្ថកិច្ច ដែលមាន​តួនាទី ជា​អ្នកអនុវត្ត​ច្បាប់ ។​

-​ពេល​ទទួលបាន​ព័ត៌មាន តាម​ប្រព័ន្ធ​ទំនាក់ទំនង ឬ​ប្រភព​ផ្សេងៗ ពាក់ព័ន្ធ​នឹង​សកម្មភាព ចាប់​ឃាត់ខ្លួន​ពលរដ្ឋ នៅ​ចំណុច​ណាមួយ ដោយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ ក្រុម​ប្រតិបត្តិការ​ទាំងអស់ ត្រូវ​ទំនាក់ទំនង​ផ្តល់ព័ត៌មាន ឲ្យ​គ្នា​ទៅវិញទៅមក និង​ចេញ​ធ្វើ​សកម្មភាព តាម​បង្ក្រាប ដោយ​មិន​លើកលែង ។​

-​ពេល​ពិនិត្យឃើញ​ជាក់ស្ដែង មាន​ការចាប់​ឃាត់ខ្លួន​មនុស្ស នៅលើ​ដងផ្លូវ​កម្លាំង ប្រតិបត្តិការ ត្រូវអនុវត្ត​វិធានការ ដូចខាងក្រោម ៖
+ ត្រូវ​ម្ចាស់ការ ធានាបាន​ប្រៀប​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​កន្លែងកើតហេតុ​។​
+ ពិភាក្សា​ដោយ​សម្របសម្រួល ដើម្បី​ស្វែងរក​អត្តសញ្ញាណ​អង្គភាព និង​អ្នកទទួលខុសត្រូវ​។​
+ ទំនាក់ទំនង​ទៅ​ក្រុម​ប្រតិបត្តិការ ដែល​នៅ​ជិត​បំផុត ដើម្បី​បញ្ជូន​កម្លាំង​ជំនួយ មក​គ្រប់គ្រង សភាពការណ៍ ។​
+ អនុវត្ត​វិធានការ ដោយ​ចាប់បង្ខំ នាំយក​អ្នកពាក់ព័ន្ធ​ទាំងអស់ មក​អង្គភាព ដើម្បី​អនុវត្ត​នីតិវិធី ស្រាវជ្រាវ និង​ស៊ើបអង្កេត ។​

-​អំឡុងពេល​ប្រតិបត្តិការ និង​បង្ក្រាប​នៅ​ចំណុច​ណាមួយ ប្រធាន​ក្រុម​ប្រតិបត្តិការ​នីមួយៗ ត្រូវ​រាយការណ៍​បន្ទាន់ អំពី​ស្ថានភាព​កម្លាំង ហេតុការណ៍ បញ្ហា​ប្រឈម ដំណោះស្រាយ ជូន​បញ្ហា​ការដឹកនាំ ដើម្បី​មាន​មូលដ្ឋាន រាយការណ៍ និង​សុំ​យោបល់​ដឹកនាំ​បន្ត ។
-​ត្រូវ​បញ្ចៀស​ឲ្យ​បាន​ក្នុង​កម្រិត​ខ្ពស់ ចំពោះ​ការប្រើប្រាស់​អាវុធ ធ្វើជា​ដំណោះស្រាយ ជាមួយ​បញ្ហា ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ ដើម្បី​ការពារ​ពី​ការគំរាមកំហែង ត្រូវ​ប្រើប្រាស់​ឲ្យ​ស្រប តាម​វិជ្ជាជីវៈ និង​មានការ​គិតគូរ​ពី​ហានិភ័យ ដល់​ប្រជាពលរដ្ឋ ដែល​នៅ​ជិតៗ​ទីកន្លែង​នោះ​។​

-​ក្រុម​ប្រតិបត្តិការ​នីមួយៗ ត្រូវធ្វើ​របាយការណ៍ រាយការណ៍​ប្រចាំថ្ងៃ ពី​សកម្មភាព​ដែលជា កិច្ចប្រតិបត្តិការ បញ្ហា​ប្រឈម និង​សំណូមពរ ជូន​បញ្ហា​ការដឹកនាំ​។ បញ្ហា​ការដឹកនាំ ត្រូវ​បូកសរុប​របាយការណ៍ ពី​ក្រុម​ប្រតិបត្តិការ​ទាំងអស់ រាយការណ៍​ជូន​ថ្នាក់ដឹកនាំ ដើម្បី​មានការ​ចង្អុល​ដឹកនាំ​បន្ត ។​

​-ស្នងការរង​ទទួល​ផែនការ​ងារ​សេនាធិការ ស្នងការរង​ផែន​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោកនាយ​ការិយាល័យ លោក​អធិការ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ទាំង​១៤ និង​ដូច​ប្រការ​១(​នៃ​សេចក្ដីសម្រេច​) ត្រូវ​ទទួលបន្ទុក​អនុវត្តន៍ សេចក្តីសម្រេច​នេះ ឲ្យ​មាន​ប្រសិទ្ធភាព ចាប់​ពីថ្ងៃ​ចុះហត្ថលេខា តទៅ ៕/V