នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ គាំទ្រ​កម្ពុជា​ដែល​កំពុង​សម្រេចបាន​ដោយ​ជោគជ័យ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​

998
ចែករម្លែក

ដោយ​: លីន​ណា / ភ្នំពេញ​: លោក អេ​រី​ច សូល​ហេម (Erik Solheim) នាយក​ប្រតិបត្តិ នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ (UNEP) បានមក​បំពេញ​បេសកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​២៥ -២៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​កម្ពុជា​។ ទស្សនកិច្ច​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ពី​ការអបអរសាទរ​ចំពោះ​កម្ពុជា​ដែល​កំពុង​សម្រេចបាន​ស​មិទ្ធ​ផល​នានា​ដែល​សម្រេចបាន​ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ច្ចុ​ប្បន្ន ជាពិសេស​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​។ លោក​ក៏បានផ្តល់​ការចាប់អារម្មណ៍​ខ្ពស់​ក្នុង​ការងារ​គ្រប់គ្រង​សំណល់​រឹង សំរាម​ជាពិសេស​សំរាម​ផ្លា​ស្ទិ​កដោយ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​គោលការណ៍​កាត់បន្ថយ ការប្រើប្រាស់​ឡើងវិញ និង​ផលិត​ឡើងវិញ​។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន រៀបចំឡើង​នៅ​ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ លោក អេ​រី​ច សូល​ហេម (Erik Solheim) បានបង្ហាញ​ពី​ការមើលឃើញ​លើ​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​របស់​ក្រសួងបរិស្ថាន ដែល​រាល់​កិច្ចព្រមព្រៀង គោលការណ៍ និង​គំនិត​ផ្តួចផ្តើម​នានា​របស់​អង្គការ​សហ​ប្រជា​តិ ត្រូវបាន​កម្ពុជា​ចូលរួម​អនុវត្តបាន​ល្អប្រសើរ​។ លោក​ក៏បាន​ទទួលស្គាល់ថា​កម្ពុ​ជា​កំពុងមាន​ការរីកចម្រើន​គ្រប់​វិស័យ និង​មាន​ជំនឿ​លើ​ប្រទេស​ដែល​ពីមុន​ធ្លាប់​ទទួលរង​គ្រោះ​ដោយ​សង្គ្រាម​រាប់​ទសវត្សរ៍​ថា​មាន​ស្ថិរភាព សន្តិសុខ​ពេញលេញ និង​មាន​វឌ្ឍនភាព​តាម​តំបន់ និង​ពិភពលោក​។ វត្តមាន​របស់លោក អេ​រី​ច សូល​ហេម (Erik Solheim) នាយក​ប្រតិបត្តិ នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ (UNEP) មក​ទស្សនកិច្ច​លើទឹក​ដី​កម្ពុជា គឺ​បានបង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​ពី​គោលជំហរ​មួយ​គាំទ្រ​យ៉ាង​ពេញទំហឹង នូវ​អ្វីដែល​កម្ពុជា​យើង​កំពុង​សម្រេចបាន​ដោយ​ជោគជ័យ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។​
​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​បាន​នឹង​កំពុងតែ​ឆ្ពោះទៅកាន់​ការបោះឆ្នោត ដែល​ប្រកបដោយ​ប្រជាធិបតេយ្យ វត្តមាន​របស់​នាយក​ប្រតិបត្តិ នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ (UNEP) នាពេលនេះ ជា​សក្ខីភាព​មួយ​ឱ្យ​កម្ពុជា​កាន់តែ​មាន​ទំនុកចិត្ត និង​គោលជំហរ​កាន់តែខ្លាំង​បន្ថែមទៀត ក្នុង​ការជំរុញឱ្យ​ល​ទ្ឋិ​ប្រជា​ធិ​តេ​យ្យ​ត្រូវបាន​លើកកម្ពស់​កាន់តែខ្លាំង​លើ​ឆាក​អន្តរជាតិ​។

​ក្នុងការ​អនុវត្ត​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុង​កិខ្ខ​គាំពារ​បរិ​ស្ដា​ន ការការពារ​បិ​ង​គ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ កន្លងទៅនេះ ការការពារ គ្រប់គ្រង​ធនធានធម្មជាតិ​ត្រូវបាន​ធ្វើឡើង​ប្រកបដោយ​ជោគជ័យ​ក្នុងនោះ​រួមមាន ៖ ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ និង​បានប្រែក្លាយ​តំបន់​មួយចំនួន​ទៅជា​កន្លែង ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ រក​ចំណូល​សម្រាប់​ប្រជាជន​មូលដ្ឋាន និង​ពង្រឹង​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ជាងនេះទៅទៀត គឺ​ទប់ស្កាត់​និង​ចាត់វិធានការ​បាន ក្នុងការ​បំផ្លាញ​បរិស្ថាន បង្ក​ផលប៉ះពាល់​ដល់​ជីវិត​មនុស្ស សត្វ និង​ធនធានធម្មជាតិ​នៅលើ​ផែនដី​។​

​កិច្ច​ព្រម​ព្រៀម​មួយចំនួន​រវាង​កម្ពុជា និង​អង្គការសហប្រជាជាតិ ត្រូវបាន​អនុវត្ត​ជា​បន្តបន្ទាប់ ដោយ​ជាក់ស្តែង​កម្ពុជា​ធ្លាប់ តែ​ជា​ប្រទេស​ដែល​ធ្លាប់​ទទួល​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ ស្វែងរក​សន្តិភាព ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា​បាន​ប្រែក្លាយជា​ប្រទេស មានមុខមាត់​លើ​ឆាក​អន្តរជាតិ និង​បាន​កៀក​ស្មា​ជាមួយ​អង្គការសហប្រជាជាតិ​ក្នុង​ការរក្សា​សន្តិភាព​លើ​ពិភពលោក ជាពិសេស​ជាក់ស្តែង កម្ពុជា​បាន​បញ្ជូន​កងទ័ព​រប​ស់​ខ្លួន ចូលរួម​រក្សា​សន្តិភាព​ជាមួយ​អង្គការ​សហប្រជាជាតិ តាម​បណ្តា​ប្រទេស​ផ្សេង​ផងដែរ ។

​ទាំងនេះ​គឺជា​មោ​ទ​ភាព​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​កម្ពុជា ដែល​បាន​បោះជំហាន​យ៉ាង​លឿន​ក្នុង​មាគ៌ា​មួយ​ដ៏​ត្រឹមត្រូវ​លើ​ការអភិវឌ្ឍ និង​បាន​នឹង​កំពុង​បន្ត​វិ​វ​ឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់​ទៀត ដើម្បីឱ្យ​កម្ពុជា​កាន់តែ​ជឿនលឿន​ដូច​បណ្តា​ប្រទេស​ដទៃទៀត​លើ​ពិភពលោក​៕

ទីតាំងផ្សាយពាណិជ្ជកម្ម