ដោយៈ​សុផល​/​ភ្នំពេញ​៖ ភ្នាក់ងារ​ជំនួយ​អាមេរិក USAID នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ បានប្រកាស​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ ដើម្បី​គាំទ្រ​ដល់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ក្នុងការ​ស៊ើបអង្កេត និង​កាត់ទោស​ឧក្រិដ្ឋកម្ម​ជួញ​ដូរ​មនុស្ស​។ គំនិត​ផ្តួចផ្តើម​ថ្មី​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា (Cambodia Counter Trafficking in Persons – CTIP) របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID​។​

​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ នឹង​គ្រប់គ្រង​ដោយ​អង្គការ បេសកកម្ម​យុត្តិធម៌​អន្តរជាតិ (IJM) គឺជា​ផ្នែក​មួយ​នៃ​គម្រោង ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដែល​អនុវត្ត​ដោយ​អង្គការ វីន​រ៉ក់ អន្តរជាតិ (Winrock International) ។ គម្រោង CTIP សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ការពារ​ប្រជាជន​កម្ពុជា​ពី​អំពើ​ជួញដូរ​មនុស្ស​។​

​លោក Benjamin Wohlauer ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា «​ការងារ​របស់​យើង​លើ​សកម្មភាព​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​អង្គការ IJM នឹង​ជួយ​សម្រាល​ការឈឺចាប់​របស់​ជនរ​ង​គ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស និង​យក​ជនល្មើស​មក​កាត់ទោស​តាមច្បាប់​។​យើង​មាន​មោទកភាព​ក្នុង​ការជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​។ អង្គការ IJM នឹង​បំពេញបន្ថែម​លើ​គម្រោង CTIP ដោយ​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​សេវា និង​ការការពារ​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស មាន​ភាពប្រសើរឡើង​។​»

​សហរដ្ឋអាមេរិក បន្ត​សហការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ឃ្លាំមើល​សូចនាករ​នៃ​អំពើ​ជួញដូរ​មនុស្ស​ដែល​ពាក់ព័ន្ធ នឹង​ការជ្រើសរើស​ពលករ​ឯក​ជន ក៏ដូចជា​កាត់ទោស​ឧក្រិដ្ឋ​ជន ការពារ​ជនរងគ្រោះ និង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​៕​