​ប្រែ​សម្រួលៈ​បំណង​(ST)៖ សារព័ត៌មាន​រដ្ឋ​ចិន​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​ថា ចិន​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​តៃវ៉ាន់​ចំនួន​ប្រាំពីរ​នាក់​ចំពោះ​ការគាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​។​

​ការដាក់ទណ្ឌកម្ម​នេះ​កើត​ឡើង​ក្រោយ​ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​ទៅ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​កាលពីដើម​ខែ​សីហា​ក្នុង​ចំណាត់ការ​មួយ​ដែល​ចិន​ប៉េកាំង​បាន​និយាយថា​ជាការ​​បញ្ជូន​សារ​ខុស​មួយ​ទៅកាន់​កងកម្លាំង​គាំទ្រ​ឯករាជ្យ​នៅ​លើ​កោះ​ប្រជាធិបតេយ្យ​នេះ​។​

​ក្រសួងការបរទេស​តៃវ៉ាន់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​មិន​អាច​ទទួលយក​ការ​គំរាម​ឡើយ​និង​« កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ ច្រាន​ចោល​ការអះអាង​អធិបតេយ្យភាព​របស់​ចិន​មកលើ​ខ្លួន​»​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីន​ហួរ បាន​និយាយថា​ក្នុងចំណោម​អ្នក​រង​ទណ្ឌកម្ម​ពី​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ចិន រួមមាន​លោក ស៊ា​វ ប៊ី​-​ឃីម​(Hsiao Bi-khim) ឯកអគ្គរដ្ឋទូត​តាម​ការ​ជាក់​​ស្តែង​របស់​តៃវ៉ាន់​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន និង​លោក វែល​លីង​តុន គូ​(Wellington Koo) អគ្គលេខា​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​តៃវ៉ាន់​។​

​ការិយាល័យ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉​កាំ​ង​នេះ​បាន​និយាយថា មន្ត្រី​ទាំង​ប្រាំពីរ​នាក់​នេះ​នឹង​ត្រូវ​បញ្ចូល​ក្នុង​បញ្ជី​ក្រុម​ជន​ផ្តាច់ខ្លួន​ក្បាលរឹង​សំរាប់​«​ឯករាជ្យភាព​តៃវ៉ាន់​» ដោយ​ពួកគេ​ប្រឈម​វិធាន​​ការដាក់ពិន័យ​។​វា​បាន​បន្ថែមថា នាយករដ្ឋមន្ត្រី​តៃវ៉ាន់ ស៊ូ ឆេង​ឆ​ង​(Su Tseng-chang) ប្រធានសភា យូ ស៊ី​គុន​(You Si-kun)​និង​រដ្ឋមន្ត្រី​ការបរទេស ចូសេ​ហ្វ វូ​(Joseph Wu)​ក៏​ស្ថិត​ក្នុង​​បញ្ជី​នេះ​ដែរ​។​

​អ្នក​ដែល​ជាប់​ទណ្ឌកម្ម​រួមទាំង​សមាជិក​គ្រួសារ​ជិតដិត​របស់​គេ​នឹង​ត្រូវ​ហាម​មិន​អោយ​ចូល​ប្រទេស​ចិនដីគោក ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​និង​ម៉ា​កាវ​។​ពួកគេ​ក៏​ត្រូវ​ហាមឃាត់​មិនអោយ​ធ្វើ​សកម្ម​​ភាព​រក​ផលចំណេញ​នៅ​ចិនដីគោក​ផងដែរ​៕

​ប្រធានសភា​អាម៉េរិក​ពិភាក្សា​ជាមួយ​អនុប្រធាន​សភា​តៃវ៉ាន់​កាលពី​ថ្ងៃ​៣​សីហា​