​ដោយៈ​សុផល​/​ភ្នំពេញ​៖ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស នៃ​វិទ្យាល័យ ហ៊ុនសែន កែវ​សីមា ខេត្តមណ្ឌលគិរី និង​ប្រជាជន​សហគមន៍ បានទទួល​ប៉ម​ចម្រោះ​ទឹកស្អាត និង​ម៉ាស៊ីន​អនាម័យ កម្មវិធី​អប់រំ​សុខភាព​អនាម័យ ពី​មូលនិធិ Planet Water និង​មូលនិធិ​កូ​កា​-​កូ​ឡា កាលពី​ថ្ងៃទី​១៥​ខែសីហា​។​

​គួរ​បញ្ជាក់ថា​៖​បច្ចេកវិទ្យា​ប៉ម​ចម្រោះ​ទឹកស្អាត AquaTower របស់​មូលនិធិ Planet Water មាន​សមត្ថភាព​កម្ចាត់​បាក់តេរី ប្រូ​តូ​ហ្សូ​អា វីរុស​ភ្នាក់ងារ​បង្ក​រោគ និង​សារធាតុ​កខ្វក់​ផ្សេងទៀត​ដែល​ធំ​ជាង ០,០១ មីក្រូ​ន ហើយ​ផ្តល់ឱ្យ​កុមារ និង​ប្រជា​សហគមន៍​នូវ​ទឹកស្អាត​សម្រាប់​បរិភោគ​ប្រកបដោយ​សុវត្ថិភាព​។​

​ក្រៅពី​ទឹកស្អាត​សម្រាប់​បរិភោគ គម្រោង AquaTower ក៏​ផ្តល់ជូន​សាលារៀន និង​សហគមន៍​ជនបទ​នូវ​កន្លែង​លាង​សម្អាត​ដៃ និង​អនាម័យ​ផងដែរ​។​កន្លែង​លាងដៃ​ត្រូវ បាន​បំពាក់​ទៅនឹង​តួ​ប៉ម​ចម្រោះ​ទឹកស្អាត AquaTower នីមួយៗ ហើយ​បម្រើ​ជា​ធនធាន​អនាម័យ​សំខាន់​មួយ​ដល់​សាលារៀន​ដោយ​កន្លែង​លាងដៃ​នីមួយៗ​មាន​ផ្តល់ជូន​ឧបករណ៍​ដាក់​សាប៊ូ​លាងដៃ និង​បដា​ផ្ទាំង​ផ្សព្វផ្សាយ​អមដោយ សារ​យល់ដឹង​អំពី​ការ​លាងដៃ និង​ការអនុវត្ត​ល្អ​បំផុត​សម្រាប់​អ្នកប្រើប្រាស់​ប៉ម​នេះ​។​

​គម្រោង​នេះ​ក៏មាន​កម្មវិធី​អប់រំ​អនាម័យ​ដោយ​អនុវត្ត​ជាក់ស្តែង​ដល់​សិស្សានុសិស្ស​ផងដែរ​។ កម្មវិធី​នៅតាម​សាលារៀន​និង​សហគមន៍​ទាំងនេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​អប់រំ និង​ផ្តល់​សិទ្ធិអំណាច​ដល់​កុមារ និង​អ្នក​ថែទាំ​កុមារ ក្នុងការ​ផ្លាស់ប្តូ​រគោល​គំនិត និង​អាកប្បកិរិយា​ចំពោះ​សុខភាព​ទឹក និង​អនាម័យ​។​

​ចាប់តាំងពី​ឆ្នាំ​២០១៦​មក តាមរយៈ​ការគាំទ្រ​ពី​មូលនិធិ​កូ​កា​-​កូ​ឡា មូលនិធិ Planet Water បាន​សាងសង់​ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers ចំនួន​៤០​និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាង ៧១,៤០០​នាក់ ក្នុង​ខេត្ត​ចំនួន ២៤ នៅ​ទូទាំងប្រទេស​កម្ពុជា​។ គិត​ត្រឹម​ថ្ងៃ​១៥​ខែសីហា យើង​បាន​តម្លើង​និង​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers ចំនួន​៤១ នៅ​គ្រប់​ខេត្ត​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​ដោយ​ផ្តល់ជូន​សហគមន៍​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត និង​កម្មវិធី​អប់រំ​សុខភាព​អនាម័យ​។​

​លោកស្រី Saadia Madsbjerg ប្រធាន​មូលនិធិ​កូ​កា​-​កូ​ឡា មានប្រសាសន៍ថា​៖ «​មូលនិធិ​កូ​កា​-​កូ​ឡា មាន​ប្រវត្តិ​យូរអង្វែង​មកហើយ​នៅ​ទូទាំង​ពិភពលោក ក្នុងការ​គាំទ្រ​គម្រោង​នានា លើ​កិច្ចការពារ និង​ផ្តល់​លទ្ធភាព​ទទួលបាន​ធនធាន​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​។ នៅ​ប្រទេស​កម្ពុជា​វិញ​យើង​មាន​មោទនភាព​ដែល​ការឧបត្ថម្ភ​គាំទ្រ​របស់​យើង​ដល់​មូលនិធិ Planet Water នឹង​អាច​ផ្តល់​លទ្ធភាព​ទទួលបាន​ទឹក​ពិសា​ប្រកបដោយ​សុវត្ថិភាព​និង​ឥតគិតថ្លៃ​សម្រាប់​ប្រជា​សហគមន៍​។ គម្រោង​នេះ​នឹង​គ្របដណ្តប់​នៅ​ទូទាំងប្រទេស​កម្ពុជា​គិត​ត្រឹម​បំណាច់​ឆ្នាំ​២០២២​នេះ​»​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិកា​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា «”​វិស័យ​ឯកជន​បានរួម​ចំណែក​ជាច្រើន​ដល់ ដំណើរ​កិច្ច​គាំពារ​បរិស្ថាន របស់​ក្រសួងបរិស្ថាន​។ តាងនាម​ក្រសួងបរិស្ថាន ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា ដែល​បាន​ផ្ដល់នូវ​ប៉ម​ចម្រោះ​ទឹកស្អាត និង​ម៉ាស៊ីន​អនាម័យ​ដល់ វិទ្យាល័យ ហ៊ុនសែន កែវ​សីមា តាមរយៈ​មូលនិធិ​កូ​កា​-​កូ​ឡា​” »​៕Ph