​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បើ​សង្គ្រាម​នុយក្លេអ៊ែរ​ផ្ទុះឡើង អូស្ត្រាលី​អាច​ជា​កន្លែង​ល្អ​បំផុត​ដើម្បី​រួច​រស់​ជីវិត​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​ពី​ផល​ប៉ះពាល់​នៃ​ការផ្ទុះ​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​កើតមាន​លើ​ការផ្គត់ផ្គង់​ស្បៀង​អាហារ​ពិភពលោក​ដោយ​រក​ឃើញ​ថា​ដុំ​ភ្លើង​ឆេះ​ដ៏​ធំ​និង​ផ្សែងហុយ​នៅក្នុង​បរិយាកាស​​នឹង​នាំឱ្យ​មាន​ការខ្វះខាត​ស្បៀងអាហារ​និង​គ្រោះ​ទុរ្ភិក្ស​។​

​នៅក្នុង​ប្រទេស​ស្ទើរតែ​ទាំងអស់ ផលិតកម្ម​បសុសត្វ​និង​ការផលិត​អាហារ​ដែល​ពឹង​លើទឹក​នឹង​មិន​អាច​ទូទាត់​សង​សម្រាប់​ទិន្នផល​ដំណាំ​ដែល​បាន​ថយចុះ​ខ្លាំង​នោះ​ទេ​។​

​ប្រសិនបើ​អ្នក​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស លទ្ធភាព​នៃ​ការអត់ឃ្លាន​រហូតដល់​ស្លាប់​នឹងមាន ៩០ ភាគរយ​។​

​ការសិក្សា​បាន​រកឃើញថា​សូម្បី​តែ​សង្គ្រាម​នុយក្លេអ៊ែរ​ក្នុង​តំបន់​តូច​មួយ​ក៏​នឹង​បំផ្លិចបំផ្លាញ​ការផ្គត់ផ្គង់​ស្បៀង​អាហារ​សកល​បាន​ដែរ​ហើយ​នឹង​ឃើញ​ការថយចុះ​ផលិតកម្ម​ស្បៀង​ចំនួន​ប្រាំពីរ​ភាគរយ​​សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

​លោក រ៉ា​យ​អែ​ន ហេ​ណេហ្គា​ន (Ryan Heneghan) មក​ពី​សាលា​វិទ្យាសាស្ត្រ​គណិតវិទ្យា​នៃ​សាកលវិទ្យាល័យ​បច្ចេកវិជ្ជា​ឃ្វី​ន​ស៍លែ​ន (Queensland) គឺ​ស្ថិត​ក្នុងចំណោម​ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ ដែល​បាន​ពិនិត្យ​សេណា​រី​យ៉ូ​ជាច្រើន រាប់​ចាប់ពី​ជម្លោះ​ក្នុង​តំបន់​រហូត​ដល់​ការសម្លាប់​រង្គាល​ជា​សកល​។​

​លោក​បាន​ប្រាប់​វេបសាយ AAP ថា “​សង្គ្រាម​នុយក្លេអ៊ែរ​តូច​មួយ​នឹង​ក្លាយជា​មហន្តរាយ​ពិភពលោក​ទាក់ទង​នឹង​ការផ្គត់ផ្គង់​ស្បៀង​អាហារ​”​។​

​ក្រុម​ការងារ​បាន​ប្រើ​គំរូ​កុំព្យូទ័រ​ដើម្បី​រក​មើល​ផល​ប៉ះពាល់​នៃ​ផ្សែង​ពី​ភ្លើង ដែល​បង្កឡើង​ដោយ​សង្គ្រាម​នុយក្លេអ៊ែ​រលើ​អាកាសធាតុ​និង​ដំណាំ​។​

​ឯកសារ​ស្រាវជ្រាវ​បាន​សន្និដ្ឋានថា ប្រទេស​ភាគច្រើន​នឹង​មាន​បរិមាណ​កាឡូរី​ទាប​ជាង​ការចំណាយ​លើ​ថាមពល​នៅ​សេសសល់ លើកលែង​តែ​ប្រទេស​ពីរ​គឺ អូស្ត្រាលី​និង​នូវែ​លសេ​ឡង់​។​

​លោក​បណ្ឌិត​ហេ​ណេហ្គា​ន​បាន​និយាយថា “​អូស្ត្រាលី​មាន​អាហារ​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ខ្លួនឯង​…​ទោះបីជា​ខណៈពេល​ដែល​យើង​អាច​ផលិត​អាហារ​បាន​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​របស់​យើង​ក៏ដោយ ក៏​ប៉ុន្តែ​វា​នៅតែ​ជា​សំណួរ​ថា​តើ​ត្រូវ​យក​អាហារ​ទាំងនោះ​ទៅដល់​រដ្ឋធានី​ធំៗ​លើ​ពិភពលោក​យ៉ាងម៉េច​”​។​

​អូស្ត្រាលី​ផលិត​ស្រូវ​សាលី​គ្រប់គ្រាន់ ដែល​រួមចំណែក​ស្ទើរតែ ៥០ ភាគរយ​នៃ​បរិមាណ​កាឡូរី​របស់​ប្រទេស ដើម្បី​ចិញ្ចឹម​ប្រជាជន​របស់​ខ្លួន​។​

​លោក​បាន​និយាយថា “​យើង (​អូស្ត្រាលី​) នឹង​បរិភោគ​ស្រូវ​សាលី ដូច្នេះ​យើង​នឹង​អាច​បន្ត​ដាំ​ដុះ​ស្រូវ​សាលី​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​ពួកយើង​”​។​

​នូវែ​លសេ​ឡង់​ក៏នឹង​ជួបប្រទះ​ផលប៉ះពាល់​តិចតួ​ចជាង​ប្រទេស​ដទៃ​ទៀត​ដែរ​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ប្រសិនបើ​សង្គ្រាម​នុយក្លេអ៊ែរ​ផ្ទុះឡើង ប្រទេស​ទាំង​ពីរ​ប្រហែលជា​នឹង​ជួបប្រទះ​នូវ​លំហូរ​ជនភៀសខ្លួន​មកពី​អាស៊ី និង​កន្លែង​ផ្សេង​ទៀត ដែល​ជំរុញ​ដោយ​អសន្តិសុខ​ស្បៀង​។​

​សង្គ្រាម​នុយក្លេអ៊ែរ​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​នឹង​បណ្តាលឱ្យ​មនុស្ស​ជាង​ពីរ​ពាន់​លាន​នាក់​ស្លាប់​ដោយសារ​ទុរ្ភិក្ស​ខណៈ​តួលេខ​នេះ​នឹង​កើនឡើង​ដល់​ជាង​ប្រាំ​ពាន់​លាន​នាក់​ពី​ជម្លោះ​រវាង​សហរដ្ឋ​អាម៉េរិក​​និង​រុស្ស៊ី​។​

​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា វា​ជា​ការពិនិត្យ​លើក​ដំបូង​នៃ​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​កម្រិត​តំបន់​លើ​ការផ្គត់ផ្គង់​ស្បៀង​អាហារ កសិកម្ម នេសាទ និង​អាកាសធាតុ​។​

​លោក​បណ្ឌិត​ហេ​ណេហ្គា​ន​បាន​និយាយថា “​នេះ​គឺជា​ការ​សិក្សា​លើកដំបូង​ដែល​នាំ​យក​រឿង​ទាំងអស់​នោះ​បូក​បញ្ចូល​គ្នា ដើម្បី​ទទួលបាន​រូបភាព​ទាំងមូល​នៃ​អ្វី​ដែល​អាច​កើតឡើង​”​។​

​ការស្រាវជ្រាវ ដែល​បាន​ពិនិត្យ​ដោយ​អ្នកស្រាវជ្រាវ​គ្នាឯង​រួចរាល់​មួយ​នេះ ត្រូវ​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​ក្នុង​ទស្សនាវដ្ដី​អន​ឡា​ញ Nature Food៕

អូស្ត្រាលី​និង​នូវែ​លសេ​ឡង់​នឹង​រួចរស់​ជីវិត​ពី​សង្គ្រាម​នុយក្លេអ៊ែរ ដោយសារ​តែ​នៅ​អាច​ផលិត​អាហារ​បាន​ធម្មតា​