ដោយ​៖ រ៉ា​ម៉ន​/​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​ជម្រុញ​អោយ​អភិបាលខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាក់ព័ន្ធ​មូ​យ​ចំនួន​ទៀត​ធ្វើ​យ៉ាង ណា​បន្ត​ចលនា​ប្រជាពលរដ្ឋ​អោយ​ពួកគាត់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩​អោយបាន​លឿន​និង​គ្រប់គ្នា ពិសេស​ការចាក់​ដូ​ស​ទី​៥ ខណៈដែល​ជម្ងឺ​កូ​វីដ​-១៩ ហាក់ដូចជា​មានការ​កំ​រើ​ក​ឡើងវិញ​។​

​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជាមួយ​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ ,​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាក់ព័ន្ធ​នា​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២នៅ​សាលា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា​៖ ជម្ងឺ​កូ​វីដ​-១៩ ជា​ជម្ងឺ​រាតត្បាត​ដែលមាន​លក្ខណៈ​កាច​សាហាវ ដោយនៅ​រាជធានី​ភ្នំពេញ ជម្ងឺ​នេះ​បានសម្លាប់​មនុស្ស និង​ឆ្លង​រាលដាល​ខ្លាំង​ផងដែរ ប៉ុន្តែ​ដោយសារ​ឥទ្ធិពល​នៃ​ការ​វ៉ាក់សាំង​ទើប​មិន​ធ្វើអោយ​មនុស្ស​ស្លាប់​ច្រើន​នោះទេ ដូច្នេះ​ទេ លោក​ជម្រុញ​អោយ​អភិបាលខណ្ឌ​ទាំង​១៤​និង​មន្ទីរ​ពាក់ព័ន្ធ​មូ​យ​ចំនួន​ទៀត​ធ្វើ​យ៉ាង បន្ត​ចលនា​ប្រជា​ពល​​រដ្ឋ​អោយ​ពួកគាត់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩​អោយបាន​លឿន​និង​គ្រប់គ្នា ពិសេស​ការចាក់​ដូ​ស​ទី​៥ ខណៈដែល​ជម្ងឺ​កូ​វីដ​-១៩ ហាក់ដូចជា​មានការ​កំ​រើ​ក​ឡើងវិញ​។ លោក​បន្ត ជម្រុញ​អោយ​អភិបាលខណ្ឌ​ទាំង​១៤ ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​អោយបាន​ច្បាស់លាស់ ជាមួយនិង​ការដាក់​ផែន​ការចាក់​វ៉ាក់សាំង ទៅដល់​សហគមន៍​ក្រីក្រ ដល់​វត្ត​អារាម សាលារៀន​និង​ដល់​តាម​រោងចក្រ​ផងដែរ​។​

​ចំណែក​លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា​៖ នៅ​រាជធានី​ភ្នំពេញ ខណៈ​ជម្ងឺ​កូ​វីដ​-១៩ កំពុង​ផ្ទុះ​ខ្លាំង ប្រជាពលរដ្ឋ​បាន​សម្រុក​នាំគ្នា​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​យ៉ាងច្រើន​កកកុញ ទៅ​ទីតាំង​ទាំង​៤១​ដែល​យើង​បានរៀបចំ តែ​សម្រាប់​ពេលនេះ ការ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​មានការ​ថយចុះ បើទោះបី​យើង​មានការ​ផ្សព្វផ្សាយ និង​រហូតដល់​ក្រុមការងារ​ស្ពាយ​វ៉ាក់សាំង​ទៅ​ចាក់​ដល់​ខ្នង​ផ្ទះ ដល់​វត្ត​អារាម ក៏ដោយ ដែល​កិច្ចការងារ​នេះ​យើង​ត្រូវ​រួមគ្នា ដើម្បី​ធ្វើយ៉ាងណា​ជម្រុញ​អោយ​ពួកគាត់​ស្ម័ក្រចិត្ត​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ដុស​ជម្រុញ​នេះ​អោយបាន​គ្រប់គ្នា​៕​