ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៦ សីហា ម្សិលមិញនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រាប់មេដឹកនាំកីឡា នៃបណ្ដាប្រទេសអាស៊ាន ក្នុងកិច្ចប្រជុំក្របខណ្ឌ លេខាធិការដ្ឋាន ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារដំណើរការ នៃការរៀបចំ និងជាពិសេសលើការសម្រេចដាក់វិញ្ញាសាប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក វ៉ាត់ ចំរើន បានប្រាប់ឲ្យដឹងថាៈ កិច្ចប្រជុំថ្ងៃនេះ ប្រទេសជាសមាជិកទាំងអស់ បានកោតសរសើរនិងគាំទ្រ ពិសេសគឺការផ្ដល់នូវទំនុកចិត្ដដល់កម្ពុជា ដែលបានបង្ហាញនូវកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅរាជធានីភ្នំពេញ កាលពីថ្មីៗនេះ បានល្អ។ពិសេសមានការផ្ដោតលើការពិភាក្សា និងសម្រេចលើវិញ្ញាសា ដែលត្រូវដាក់បញ្ចូលក្នុងការប្រកួត និងលើសពីនេះ គឺការបន្តពិភាក្សាលើការលក់សិទ្ធិទូរទស្សន៍។

ក្នុងកិច្ចប្រជុំនេះ កម្ពុជាបានបង្ហាញទៅគ្រប់ប្រទេស អំពីការត្រៀមប្រភេទវិញ្ញាសា ជាង ៦០០។ ក្នុងវិញ្ញាសា ទាំងអស់ហ្នឹង គឺមានការជជែកវែកញែកគ្នា ក្នុងនោះ វិញ្ញាសាភាគច្រើន បានទទួលការគាំទ្រ ពីបណ្ដាប្រទេស ទាំងអស់ហើយនៅមានវិញ្ញាសាតិចតួចទេ ដែលគេស្នើសុំឲ្យកម្ពុជា ពិចារណាឡើងវិញ។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានយកសំណូមពររបស់គេមកធ្វើការជាមួយសហព័ន្ធកីឡាជាតិរបស់យើងឡើងវិញមួយចំនួន។ នេះ ហើយជាអ្វី ដែលកម្ពុជា បានខិតខំប្រឹងប្រែងដើម្បីធ្វើការតស៊ូមតិបន្ដ តែវឌ្ឍនភាពរបស់កម្ពុជា បានដើរទៅមុខ យ៉ាងរលូន ព្រោះយើងបានសុំឲ្យប្រទេសទាំងអស់ គាំទ្រកម្ពុជា និងជួយកម្ពុជា ឲ្យធ្វើការប្រកួតទទួលបានជោគ ជ័យ ហើយប្រទេសទាំងអស់ បានសន្យានឹងជួយដល់កម្ពុជា ដែលខិតខំប្រឹងប្រែង ក្នុងការធ្វើម្ចាស់ផ្ទះលើក ដំបូងនេះ ឲ្យបានជោគជ័យ ។

ជុំវិញការរៀបចំឲ្យមានការលក់សិទ្ធិទូរទស្សន៍ក្រោមគំនិតផ្ដួចផ្ដើមដំបូងគេ ដោយកម្ពុជា ក៏ត្រូវបានយកមក ពិភាក្សាជាថ្មី និងទទួលបានការគាំទ្រ ពីប្រទេសជាសមាជិក ដោយបានចាត់ទុកជារបត់ថ្មី ដើម្បីជាគំរូស៊ីហ្គេម បន្តបន្ទាប់ទៀត។

ការរៀបចំឲ្យមានការលក់សិទ្ធិទូរទស្សន៍នេះ ត្រូវបានប្រទេសទាំងអស់ ចាត់ទុកថា គឺជារបត់នៃការផ្លាស់ប្ដូរមួយ ដ៏សំខាន់ ក្នុងប្រវត្តិរបស់ស៊ីហ្គេម ដែលមានតែកម្ពុជាទេ ដែលអាចធ្វើជាគំរូក្នុងការលក់សិទ្ធិទូរទស្សន៍នេះ ដើម្បី ឲ្យស៊ីហ្គេមបន្ដៗទៀត យកជាមេរៀនបទពិសោធន៍ទាំងការផលិតឲ្យមានគុណភាព និងការផ្ដល់នូវតម្លាភាព នៃការចែករំលែកភាគលាភ នៃការលក់សិទ្ធិទូរទស្សន៍ ចំពោះស៊ីហ្គេមនៅកម្ពុជា។

ការវាយតម្លៃចុងក្រោយ ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជា បានជោគជ័យក្នុងកិច្ចប្រជុំនេះ ដែលជាកិច្ចប្រជុំមួយ ទទួលបាននូវសុទិដ្ឋិនិយមច្រើន នៅក្នុងការលើកទឹកចិត្តឲ្យម្ចាស់ផ្ទះរៀបចំឲ្យទទួលបានជោគជ័យ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣៕/V