​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​ថា ប្រធាន​អង្គការ​សហប្រជាជាតិ​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េ​ស​នឹង​ជួប​ជាមួយ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​និង​តួក​គី​​នៅ​សប្តាហ៍​នេះ ខណៈ​ទីក្រុង​គៀវ​រាយការណ៍​ពី​ការវាយប្រហារ​តាម​អ៊ីនធឺណិត “​មិន​ធ្លាប់​មាន​ពីមុនមក​” លើ​វេបសាយ​ទី​ភ្នាក់ងារថាម​ពល​នុយក្លេអ៊ែ​ររបស់​ខ្លួន​។​

​កិច្ចព្រមព្រៀង ដែល​សម្របសម្រួល​ដោយ​អ​.​ស​.​ប​និង​តួ​ក​គី​កាលពី​ខែ​មុន បានអនុញ្ញាត​ឱ្យ​ចាប់ផ្តើម​ឡើង​វិញ​នូវ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយ​ក្រែន​បន្ទាប់​ពី​ការលុកលុ​យរបស់​រុស្ស៊ី​បាន​រារាំង​​ការផ្គត់ផ្គង់​ជា​សកល​សំខាន់ៗ​។​

​លោក​គូថេ​រ៉េស​នឹង​ធ្វើ​កិច្ច​ពិភាក្សា​នៅ​ទីក្រុង​ល្វីវ (Lviv) ភាគ​ខាងលិច​អ៊ុយ​ក្រែន​ជាមួយ​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី និង​សម​ភាគី​តួ​ក​គី លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន (Recep Tayyip Erdogan) នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ សីហា​។​

​អ្នកនាំពាក្យ​អ​.​ស​.​ប លោក ស្តេ​ហ្វេន ឌួ​ចារិក (Stephane Dujarric) បាន​និយាយថា ពួកគេ​នឹង​ពិភាក្សា​អំពី “​តម្រូវការ​សម្រាប់​ដំណោះស្រាយ​នយោបាយ​ចំពោះ​ជម្លោះ​នេះ​”​។​

​បន្ទាប់មក​លោក​គូថេ​រ៉េ​សនឹង​ចុះ​ទៅ​មើល​ទីក្រុង​កំពង់ផែ​អូ​ដេស​សា (Odessa) របស់​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​សុក្រ ដែល​ជា​កំពង់ផែ​មួយ​ក្នុងចំណោម​បី​ដែល​ត្រូវបាន​ប្រើ​ក្នុង​កិច្ចព្រមព្រៀង​ដើម្បី​នាំចេញ​​គ្រាប់​ធញ្ញជាតិ មុនពេល​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​តួ​ក​គី​។​

​ខណៈ​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​តែ​បន្ត ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​អ៊ុ​យក្រែន Energoatom បាន​រាយការណ៍​ពី​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ដ៏​ធំ​មួយ​នៅលើ​វេបសាយ​របស់​ខ្លួន ប៉ុន្តែ​និយាយថា​ប្រតិបត្តិការ​របស់​ខ្លួន​មិន​ត្រូវ​បាន​រំខាន​ទេ​។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយ​នៅលើ Telegram ថា “​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ដ៏​ខ្លាំងក្លា​បំផុត​ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី បាន​កើតឡើង​ប្រឆាំង​នឹង​វេបសាយ​របស់ Energoatom” ដោយ​បន្ថែម​ថា វេបសាយ​ត្រូវ​បាន​វាយប្រហារ​ពីទឹក​ដី​រុស្ស៊ី​៕