​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យោធា​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​បាន​និយាយថា ខ្លួន​បាន​សាកល្បង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប Minuteman III ដែល​ត្រូវបាន​ពន្យារពេល​ដើម្បី​​បញ្ចៀស​ភាព​តានតឹង​ជាមួយ​ទីក្រុង​ប៉េកាំង​ក្នុងអំឡុង​ការ​សម្ញែង​កម្លាំង​របស់​ចិន​នៅ​ជិត​កោះ​តៃវ៉ាន់​កាលពីដើម​ខែ​នេះ​។​

​ចិន​បាន​បញ្ជូន​យន្តហោះ​ជាច្រើន​គ្រឿង​និង​បាញ់​មី​ស៊ី​ល​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ បន្ទាប់​ពី​ប្រធាន​សភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​ធ្វើដំណើរ​ទៅកាន់​កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ​។ ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​នៃ​ទឹកដី​របស់​ខ្លួន ហើយ​មិន​ដែល​បោះបង់ចោល​ការប្រើ​កម្លាំង​ដើម្បី​នាំយក​កោះ​នេះ​មក​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​នោះ​ឡើយ​។​

​សេចក្តីថ្លែងការណ៍​របស់​យោធា​អាម៉េរិកបា​ននិយាយថា ការសាកល្បង​នេះ​បាន​បង្ហាញ​ពី “​ការត្រៀមខ្លួន​របស់​ក​ង​កម្លាំង​នុយក្លេអ៊ែរ​របស់​អាម៉េរិក​និង​ផ្តល់​នូវ​ទំនុកចិត្ត​លើ​ភាព​សាហាវ​និង​ប្រសិទ្ធភាព​​នៃ​ការ​ទប់ទល់​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​”​។​

​មី​ស៊ី​ល​នេះ​បាន​ធ្វើដំណើរ​ប្រហែល ៦.៧៦០ គីឡូម៉ែត្រ ហើយ​ត្រូវបាន​បាញ់​ចេញពី​មូលដ្ឋាន​កងកម្លាំង​អវកាស​វ៉ាន់ដេន​បឺក (Vandenberg) ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា​។​

​យោធា​បាន​និយាយថា ការសាកល្បង​បែបនេះ​ប្រហែល ៣០០ ដង​ត្រូវបាន​ធ្វើឡើង​កាលពីមុន ហើយ​វា​មិនមែន​ជា​លទ្ធផល​នៃ​ព្រឹត្តិការណ៍​សកល​ជាក់លាក់​ណាមួយ​នោះ​ទេ​។​

​ការសាកល្បង​នេះ​បង្ហាញថា ទីក្រុង​វ៉ាស៊ីនតោន​មិនសូវ​ព្រួយបារម្ភ​អំពី​ស្ថានការណ៍​តានតឹង​ជុំវិញ​កោះ​តៃវ៉ាន់​យ៉ាងហោច​ណាស់​ក្នុង​រយៈពេល​ខ្លី​។​

​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ចូ បៃ​ដិនបាន​និយាយថា ខ្លួន​នឹង​បន្ត​អនុវត្ត​ប្រតិបត្តិការ​ផ្លូវអាកាស​និង​ផ្លូវទឹក​ជា​ប្រចាំ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

​យោធា​ចិន​បាន​និយាយថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​បន្ថែមទៀត​នៅ​ជិត​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ចន្ទ ខណៈ​សមាជិក​សភា​អាម៉េរិក​មួយ​ក្រុម​បាន​ទៅ​កោះ​នេះ និង​ជួប​ជាមួយ​ប្រធានាធិបតី សៃ អ៊ីង​វិន ដែល​និយាយថា រដ្ឋាភិបាល​របស់​លោក​ស្រី​ប្តេជ្ញាចិត្ត​ក្នុង​ការរក្សា​ស្ថិរភាព​។​

​យោធា​អាម៉េរិក​ក៏បាន​លុបចោល​ការសាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប Minuteman III កាលពី​ខែ​មេសា​ផងដែរ​។​ការពន្យារពេល​នោះ​មាន​គោលបំណង​កាត់បន្ថយ​ភាព​តានតឹង​ខាង​នុយក្លេអ៊ែរ​ជាមួយ​​រុស្ស៊ី​ក្នុងអំឡុង​សង្គ្រាម​កំពុង​បន្ត​នៅ​អ៊ុ​យក្រែន​។​

​មី​ស៊ី​ល Minuteman III ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​ផលិត​ដោយ​ក្រុមហ៊ុន Boeing គឺជា​គន្លឹះ​សម្រាប់​ឃ្លាំង​អាវុធ​យុទ្ធសាស្ត្រ​របស់​យោធា​អាម៉េរិក​។ មី​ស៊ី​ល​នេះ​មាន​រយៈ​ចម្ងាយ​ជាង ៩.៦៦០ គីឡូម៉ែត្រ ហើយ​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ប្រហែល ២៤.០០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

​មី​ស៊ី​ល Minuteman III ត្រូវ​បាន​បាញ់​ចេញ​ពី​មូលដ្ឋាន​កងកម្លាំង​អវកាស​វ៉ាន់ដេន​បឺក​ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា​កាលពី​ថ្ងៃ​អង្គារ​