វើ​ល​ខាប់ ៖ ហ្វី​ហ្វា​ពិន័យ​កីឡាករ​ស្វី​ស ៣ នាក់​ចំពោះ​កាយវិការ​អបអរ​ការ​ស៊ុត​បញ្ចូល​ទី​

1080
ចែករម្លែក

​ហ្វី​ហ្វា​បាន​ពិន័យ​កីឡាករ​ស្វី​ស​ចំនួន ៣ នាក់​ចំពោះ​ការធ្វើ​កាយវិការ​ដៃ​អំពី​និមិត្តរូប​ជាតិ​របស់​អាល់​បា​នី​ដើម្បី​អបអរ​គ្រាប់​បាល់​វើ​ល​ខាប់ ពេល​ប៉ះ​នឹង​ក្រុម​សែ​ប៊ី ប៉ុន្តែ​ពួកគេ​ទាំង​៣​មិន​ជាប់​បម្រាម​ការប្រកួត​នោះទេ​។​

​កីឡាករ ហ្គ្រា​នី​ត សា​កា និង កីឡាករ សឺ​ដាន់ សា​គី​រី បានទទួល​ការព្រមាន​និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០.០០០ ហ្វ្រ​ង់​ស្វី​ស (១០.១០០ ដុល្លារ​អាមេរិក​) សម្រាប់​អាកប្បកិរិយា​មិន​សមជា​អ្នកកីឡា នៅក្នុង​ការវិនិច្ឆ័យ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​មិថុនា​ដោយ​គណៈកម្មការ​វិន័យ​របស់​ហ្វី​ហ្វា​។​

​ប្រធាន​ក្រុម​ជម្រើសជាតិ​ស្វី​ស ស្តេ​ហ្វា​ន លិច​ស្ទា​ន័​រ ត្រូវបាន​ព្រមាន​និង​ពិន័យ​ជា​ប្រាក់ ៥.០០០ ហ្វ្រ​ង់​ស្វី​ស (៥.០៥០ ដុល្លារ​អាមេរិក​) ។​

​ចៅក្រម​របស់​ហ្វី​ហ្វា​មានអំណាច​ដាក់​បម្រាម​២​ប្រកួត ប្រសិនបើ​សកម្មភាព​របស់​កីឡាករ​ទាំង​៣​ក្នុង​ការទទួល​ជ័យជម្នះ ២-១ កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​កាលី​នី​ន​ក្រា​ដ ត្រូវបាន​វិនិច្ឆ័យ​ថា​ធ្វើឱ្យ​ខឹងសម្បារ​ដល់​សាធារណជន​ទូទៅ​។​

​សា​កា និង សា​គី​រី បានធ្វើ​កាយវិការ​ដៃ​ជា​ឥន្ទ្រី​ក្បាល​២ បន្ទាប់ពី​រកបាន​គ្រាប់​បាល់​នៅ​តង់​ទី ២ ហើយ​លិច​ស្ទា​ន័​រ​បាន​ចូលរួម​ក្នុង​ការអបអរ​នោះដែរ​។​

​សា​កា និង សា​គី​រី មាន​ឈាមជ័រ​ជា​ជនជាតិ​អាល់​បា​នី ដែល​ជាប់ទាក់ទង​ទៅនឹង​កូ​សូ​វ៉ូ ដែលជា​អតីត​ខេត្ត​មួយ​របស់​ប្រទេស​សែ​ប៊ី ដែល​បានប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ ២០០៨​។ សែ​ប៊ី​មិន​ទទួលស្គាល់​ឯករាជ្យ​របស់​កូ​សូ​វ៉ូ​នោះទេ​៕ ដោយ ៖ កញ្ញាដាលីស

សឺ​ដាន់ សា​គី​រី ធ្វើ​កាយវិការ​ដៃ​ជា​ឥន្ទ្រី​ក្បាល​២ បន្ទាប់ពី​រកបាន​គ្រាប់​បាល់​នៅ​តង់​ទី ២

ទីតាំងផ្សាយពាណិជ្ជកម្ម