ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់លោក នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ ដោយមាន​ការអនុញ្ញាត​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ចូលរួម​ជា​អធិបតី ក្នុង​វគ្គ​តម្រង់ទិស ស្តីពី​ការគ្រប់គ្រង រដ្ឋបាល​ឃុំ សង្កាត់ សម្រាប់​ក្រុម​គោលដៅ ក្រុមប្រឹក្សា​សង្កាត់​ជាប់ឆ្នោត​ថ្មី ឆ្នាំ​២០២២ ជាមួយ​ក្រុម​គ្រូ​បង្គោល​របស់ សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ក្រសួងមហាផ្ទៃ ។​

​តាមរយៈ​វគ្គ​តម្រង់ទិស​នេះ ទន្ទឹមនឹង​ការបណ្តុះបណ្តាល​នូវ ចំណេះដឹង​ផ្នែក​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល ឃុំ សង្កាត់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ជូន​ដល់​សមាជិក ក្រុមប្រឹក្សា​សង្កាត់ ដែល​ជាប់ឆ្នោត​ថ្មី លោក កើត ឆែ បាន​ស្នើឱ្យ​សិក្ខាកាម​ទាំងអស់​ថា ក្រៅពី « អរគុណ​សន្តិភាព » ត្រូវ « ការពារ​សន្តិភាព » ដែលមាន​តម្លៃ​មហាសាល ដើម្បី​ធានា​នូវ ដំណើរការ​ប្រជាធិបតេយ្យ​មូលដ្ឋាន យូរអង្វែង​ជា​រៀងរហូត ព្រោះថា បើ​ប្រទេស​មាន​សង្គ្រាម នោះ គឺ​មិនអាច​រៀបចំ​ការបោះឆ្នោត​បានឡើយ​។​

​លោក​អភិបាលរង បានបញ្ជាក់​ថាៈ យ៉ាងណាមិញ ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ត្រូវ​បានរៀបចំ យ៉ាង​ទៀងទាត់ ចាប់តាំងពី​ឆ្នាំ​២០០២ អាចធ្វើ​ទៅបាន ក្រោយពេល​ប្រទេសជាតិ​យើង មាន​សន្តិភាព​ពេញលេញ ក្រោម​ការអនុវត្ត គោលនយោបាយ «​ឈ្នះ ឈ្នះ​» របស់​មគ្គទេសក៍​ឯក គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ៕/V​