ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៧ ខែសីហា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូ ពីរជាន់ ប្រភេទ DBST និង បេតុងមួយខ្សែ ប្រវែង ៥.៧៤៤ ម៉ែត្រ ចាប់ពីភូមិក្បាលថ្នល់ ដល់ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹង សមត្ថភាព ផលិតភាពជនបទ (NRRPCP) នៅក្នុងបរិវេណវត្តត្រពាំងជុំ ភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ នៅក្នុងពិធី ខាងលើថាៈ ” ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីបើការដ្ឋានស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុង មួយខ្សែ ប្រវែង ៥.៧៤៤ ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៥ ចាប់ពីភូមិក្បាលថ្នល់ ដល់ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី (Asian Infrastructure Invesment Bank AIIB )។ គម្រោងនេះ ប្រើប្រាស់ រយៈពេលសាងសង់ ១២ខែ ដោយគិតចាប់ពីថ្ងៃ បើកការដ្ឋាន រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៣ ដែលទទួលសាងសង់ ដោយក្រុមហ៊ុន UNG SIMSIA CNSTRUC-TION C0.,LTD ក្នុងទឹកប្រាក់ប្រមាណជា ១.៧២២.២២៩ ដុល្លារ ” ។
លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថាៈ ” ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ ជនបទ ខ្ញុំសូមចូលរួមអបអបរសាទរ ប្រកបដោយទឹកចិត្តសប្បាយរីករាយ ជាមួយបងប្អូន ប្រជាពលរដ្ឋទូទាំងឃុំសែប ដែលទទួលបានចំណងដៃថ្មី ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “។
បើតាមប្រសាសន៍របសលោករដ្ឋមន្ត្រី បានឱ្យដឹងទាក់ទិនទៅនឹងគម្រោងថា គម្រោងនេះ ជាគម្រោងថ្មីមួយ ដែលមានលក្ខណៈពិសេសខុស ពីគម្រោងផ្សេងទៀត ដោយមានលក្ខខណ្ឌ តម្រូវឱ្យចាប់ផ្តើម អនុវត្តគម្រោងបន្ទាន់ ក្នុងគោលបំណងបន្តរក្សា និរន្តភាពសេដ្ឋកិច្ចជនបទ ពិសេសស្តារជីវភាព រស់នៅរបស់ប្រជាជននៅជនបទ ឱ្យបានកាន់តែល្អប្រសើរឡើង បន្ទាប់ពីកម្ពុជា បាននឹងកំពុងងើបឡើងវិញ ពីវិបត្តិជំងឺកូវីដ ១៩ រយៈពេលជាង ២ ឆ្នាំ រហូតមកដល់បច្ចុប្បន្ន។
គម្រោងខាងលើនេះ ចាប់ផ្ដើមពីឆ្នាំ២០២១-២០២៣ មានថវិកាសរុបចំនួន ៦៧ លានដុល្លារ អាមេរិក ក្នុងនោះថវិកាចំនួន ៦០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និង ៧,៥ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា ។
គម្រោងនេះ មានសមាសភាពចំនួនពីរគឺៈ ទី១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដោយត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូ ពីរជាន់ ប្រភេទ DBST ប្រវែង ១៨៥ គីឡូម៉ែត្រ និងផ្លូវបេតុង ប្រវែង ៥០ គីឡូម៉ែត្រ ស្ថាបនាស្រះដីសហគមន៍ ចំនួន ៧៥ ស្រះ ស្ថាបនាស្រះសហគមន៍ រៀបថ្ម ឬបេតុង ចំនួន ៧៥ ស្រះ។ ទី២៖ អភិវឌ្ឍន៍ជំនាញនៅជនបទ និងផ្ដល់សេវាគាំទ្រ ដល់អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលសមាសភាពទាំងពីរនេះ អនុវត្តនៅក្នុងខេត្តគោលដៅ ចំនួន ៥ មានខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកោះកុង ៕/V