​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ វា​ត្រូវ​បាន​គេ​រាយការណ៍​ជា​លើកដំបូង​នៅ​ចុងខែ​មេសា​ថា លោកស្រី អេន​ជេ​លីណា ចូ​លី បាន​ប្តឹង​ទៅ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI)​សម្រាប់​ព័ត៌មាន​​អំពី​អតីត​ស្វាមី​របស់​ខ្លួន​គឺ​លោក ប្រ៊ែត ភី​ត ក្រោម​ឈ្មោះ​ក្លែងក្លាយ​ថា “​ជេ​ន ដូ​” (Jane Doe)​។ ការប្តឹង​នេះ​គឺ​សម្រាប់​ព័ត៌មាន​ស្តីពី​ឧបទ្ទវហេតុ​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ ២០១៦ នៅលើ​យន្តហោះ​ឯកជន​មួយ​។​

​ប្រភព​នានា​បាន​ប្រាប់​វេបសាយ TMZ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​ថា អតីត​ភរិយា​របស់​ភី​ត គឺ ចូលី​គឺជា​អ្នក​ដែល​បាន​ដាក់ពាក្យ​ប្តឹង​ក្រោម​ច្បាប់​ស្តីពី​សេរីភាព​ព័ត៌មាន​ដើម្បី​ទទួលបាន​ព័ត៌មាន​ពី​​ការស៊ើបអង្កេត​ដែល FBI បាន​ធ្វើ​ឡើង​លើ​ឧបទ្ទវហេតុ​ឆ្នាំ ២០១៦ រួម​ទាំង​មូលហេតុ​ដែល FBI មិន​ចោទប្រកាន់​ភី​ត ឬ ទទួលបាន​ព័ត៌មាន​ដែល​អាច​ប្រើ​ក្នុង​ការប្រឹក្សា​បញ្ហា​របួស​ផ្លូវចិត្ត​របស់​ក្មេង​។​

FBI ជំនួស​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុងស្រុក បាន​ចូលរួម​ក្នុង​ការស៊ើបអង្កេត​ករណីនេះ ព្រោះ​វា​បាន​កើត​ឡើង​នៅលើ​ជើងហោះហើរ​រវាង​ប្រទេស​បារាំង និង​រដ្ឋ​មី​នី​សូ​តា​។​

​ជេ​ន ដូ បាន​អះអាង​ក្នុង​ពាក្យបណ្ដឹង​ថា “​ជាច្រើន​ឆ្នាំ​កន្លងទៅ ខណៈ​ដើមចោទ ប្តី​របស់​នាង និង​កូនៗ​របស់​ពួកគេ ដែល​ជា​អនីតិជន​នៅពេលនោះ កំពុង​ធ្វើដំណើរ​តាម​យន្តហោះ​ឯកជន ប្តី​បាវាយ​​ប្រហារ​ទាំង​ផ្លូវកាយ​និង​ពាក្យសម្ដី​ទៅលើ​ដើមបណ្ដឹង​និង​កូនៗ​”​។​

​ឥឡូវនេះ ប្រភព​បញ្ជាក់ថា ចូលី​អាយុ ៤៧ ឆ្នាំ​គឺជា​អ្នក​ដែល​បាន​ដាក់ពាក្យ​ប្តឹង​អតីត​ស្វាមី​របស់​ខ្លួន ប្រ៊ែត ភី​ត អាយុ ៥៨ ឆ្នាំ​។ ប្រភព​ជិតស្និទ្ធ​នឹង​ភី​ត អះអាង​ថា​ចូលី​ទទួលបាន​សិទ្ធិ​ចូលមើ​ល​ព័ត៌មាន​​ដែល​នាង​កំពុង​ស្វែងរក​ពី FBI រួចហើយ ដោយ​ចោទប្រកាន់​នាង​ថា​បាន​ធ្វើ​ដូច្នេះ​ដើម្បី​នាំយក​ការចាប់អារម្មណ៍​អវិជ្ជមាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៅ​លើ​អតីត​ស្វាមី​របស់​នាង​ដែល​នាង​បាន​លែងលះ​កាល​​ពី​ខែ​សីហា ឆ្នាំ ២០១៦ បន្ទាប់​ពី​សំអាង​លើ “​ការខ្វែងគំនិត​គ្នា ដែល​មិន​អាច​ផ្សះផ្សា​បាន​”​។

​ពាក្យបណ្តឹង​នោះ​អះអាងថា ភី​ត​បាន​ចាប់ដៃ​ចូលី​យ៉ាងខ្លាំង​ក្នុងអំឡុងពេល​ហោះហើរ ហើយ​ដល់​ចំណុច​មួយ​បាន​ជះ​ស្រា​បៀរ​លើ​នាង​។ ភី​ត​ក៏​បាន​ចាប់ស្មាចូ​លីហើយ​អង្រួន​យ៉ាង​ហិង្សា រួច​ស្រែកថា “​នាង​ឯង​កំពុង​ធ្វើ​ឱ្យ​គ្រួសារ​នេះ​ច្របូកច្របល់​អស់ហើយ​”​។ យោង​តាម​ចូលី កូនប្រុស​ច្បង​របស់​គូស្នេហ៍​នេះ គឺ​ម៉ា​ត​ដុក (Maddox) ដែល​កាលនោះ​មាន​អាយុ ១៥ ឆ្នាំ ត្រូវ​ភី​ត​ចាប់ដៃ​យ៉ាងខ្លាំង បន្ទាប់ពី​រូបគេ​ព្យាយាម​ធ្វើ​អន្តរាគមន៍​។ ភី​ត​បាន​បដិសេធ​ការចោទប្រកាន់​របស់​ចូ​លីថា គាត់​បាន​វាយ​ម៉ា​ត​ដុក​។​

​ភ្នាក់ងារ FBI ដែល​បាន​ស៊ើបអង្កេត​ឧបទ្ទវហេតុ​និង​បាន​ជួប​ជាមួយ​តំណាង​មកពី​ការិយាល័យ​រដ្ឋអាជ្ញា​អាម៉េរិក បាន​និយាយថា “​វា​ត្រូវ​បាន​យល់ស្រប​ដោយ​ភាគី​ទាំងអស់​ថា​ការចោទប្រកាន់​ព្រហ្ម​​ទណ្ឌ​ក្នុងករណីនេះ​នឹង​មិន​ត្រូវបាន​អនុវត្ត​ទេ ដោយសារ​តែ​កត្តា​ជាច្រើន​”​។​

​ការ​លែងលះ​រវាង​ចូលី​និង​ភីត​គឺ​មាន​ភាពជូរចត់​ខ្លាំងណាស់​។ អ្នក​ទាំង​ពីរ​បាន​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល ១០ ឆ្នាំ​មុន​ពេល​ពួកគេ​រៀបការ​នៅ​ឆ្នាំ ២០១៤​ប៉ុន្តែ​បាន​លែងលះ​គ្នា​ត្រឹមតែ​ពីរ​ឆ្នាំ​ក្រោយ​​មក​ក្នុង​ឆ្នាំ ២០១៦​។ ចាប់តាំងពី​ពេលនោះ​មក ការតស៊ូ​ផ្លូវច្បាប់​បាន​កើតឡើង​ពាក់ព័ន្ធ​នឹង​ការ​ឃុំគ្រង​កូនៗ​ទាំង​ប្រាំមួយ​នាក់ ការលក់​ភាគហ៊ុន​របស់​ប្តី​ប្រពន្ធ​មួយ​ផ្នែក និង​ការពាក់ព័ន្ធ​របស់ FOIA ក្នុង​ឧបទ្ទវហេតុ​យន្តហោះ​ឯកជន​៕

ចូលី​និង​ភីត​លែងលះ​គ្នា​ក្នុង​ឆ្នាំ​២០១៦ តែ​បន្ត​ប្តឹង​គ្នា​រឿង​ទ្រព្យសម្បត្តិ​