ដោយ​: ជា សីហៈ / ភ្នំពេញ​: លោកស្រី ម៉ិ​ញ កុស​នី រដ្ឋលេខាធិការ ក្រួស​ង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ព្រឹត្តិការណ៍​«​សិល្បៈ​ខ្មែរ​» នា​ថ្ងៃ​ចន្ទ ទី​១៥ ខែសីហា ឆ្នាំ​២០២២ នៅ​សាលសន្និសីទ​ចតុម្មុខ​។​

​ព្រឹត្តិការណ៍​«​សិល្បៈ​ខ្មែរ​» គឺ​រៀបចំឡើង​ក្នុង​គោលបំណង​ថែរក្សា ការពារ និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ឱ្យបាន​គង់វង្ស តាមរយៈ​ការបណ្ដុះបណ្ដាល​ផ្នែក​សិល្បៈ​របាំ​បុរាណ​ដល់​កូន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​បារាំង ស្របតាម​គោលនយោបាយ​ជាតិ​ស្ដីពី​វិស័យ​វប្បធម៌ គឺ​ការលើកស្ទួយ​និង​ជំរុញ​ឧស្សាហកម្ម​វប្បធម៌ ជំរុញឱ្យមាន​ការផ្ទេរ​ចំណេះដឹង ជំនាញ ទេពកោសល្យ​ប្រពៃណី​ទៅ​យុវជន​ជំនាន់​ក្រោយ​។​

​លោកស្រី​រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ជាការ​ចូលរួម​ថែរក្សា​វប្បធម៌​របស់​ជាតិ​ទេ តែ​គឺជា​ឱកាស​របស់​ក្មួយៗ សិល្បករ​នៅ​ប្រទេស​បារាំង បាន​រៀនសូត្រ​ពី​ព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ និង​លោកគ្រូ អ្នកគ្រូ ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ ព្រមទាំង​បាន​សិក្សា​ស្វែងយល់​ពី​សិល្បៈ​ដ៌​មានតម្លៃ​របស់​ដូនតា និង​ជំរុញ​លើកទឹកចិត្ត​ប្រជាជន​ខ្មែរ​នៅក្រៅ​ប្រទេស​ឲ្យ​ជួយ​ថែរក្សា​សិល្បៈ​វប្បធម៌​ជាតិ ក៏ដូចជា​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​ដ៌​ផូរផង់​របស់​ជាតិ​ឲ្យ​បាន​ទូលំទូលាយ​ទៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​។​

​លោកស្រី​បាន​បន្តថា ព្រឹត្តិការណ៍​នេះ អាច​ដំណើរការ​ទៅបាន គឺ​ដោយ​កត្តា​ប្រទេសជាតិ មាន​សុខសន្ដិភាព និង​គោលនយោបាយ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់ និង​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បាន​ប្រកបដោយ​ប្រសិទ្ធភាព ទើប​មានការ​ប្រទេស​ឡើងវិញ និង​យើង​មានឱកាស​ជួបគ្នា​ដោយផ្ទាល់​នាពេលនេះ​។​

​លោកស្រី​បន្ថែមទៀតថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​ស្វាគមន៍​ចំពោះ អង្គការ សមាគម ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិល្បៈ​វប្បធម៌​ខ្មែរ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ជាដើម ប្រសិន​ជាមាន​គោលបំណង​ក្នុងការ​ចូលរួម​លើកស្ទួយ និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ​៕​