ដោយ​: ប​.​ខុន / ភ្នំពេញ​: រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ កាលពី​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០២២ បាន​ជូនដំណឹង​ស្តីពី​ការបិទ​ការធ្វើ​នេសាទ​អូស​គ្រំ​ក្រឡា​ហូល​ឆ្នាំ​២០២២ នៅក្នុង​ដែន​នេសាទ​សមុទ្រ​កម្ពុជា រយៈពេល​ចំនួន​២​ខែ ដែលជា​ពេល​គ្រំ​ក្រឡា​ហូល​ពង​កូន​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល ចុះ​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០២២ បានសរសេរថា ការធ្វើ​អាជីវកម្ម​គ្រំ​ក្រឡា​ហូល​នៅក្នុង​ដែនសមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ផ្អាក​សកម្មភាព​ក្នុង​រដូវ​ពង​កូន​ចាប់ពី​ថ្ងៃទី​០១​ខែកញ្ញា​រហូតដល់​ថ្ងៃទី​៣១​ខែតុលា ឆ្នាំ​២០២២​។​

​ក្នុង​សេចក្តីជូនដំណឹង​បាន​អំពាវនាវ​ទៀតថា​សូម​បងប្អូន​ប្រជា​នេសាទ​ទាំងអស់​ចូលរួម​សហការ​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ ដើម្បី​ថែរក្សា​ការពារ​ធនធាន​ជលផល​សមុទ្រ​ឱ្យបាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០២២​ថា ការនេសាទ​គ្រំ​ក្រឡា​ហូល​ជា​លក្ខណៈ​គ្រួសារ​អាចធ្វើ​បាន​នៅ​គ្រប់​រដូវ តែ​សម្រាប់​ការនេសាទ​ធ្វើ​អាជីវកម្ម​ត្រូវ​បានឱ្យ​ផ្អាក​រយៈពេល​២​ខែ ក្នុងពេល​គ្រំ​ក្រឡា​ហូល​ពង​កូន ដែលមាន​ច្រើន​នៅ​ឆក​វាលរេញ និង​ឆក​កំពង់សោម​៕​