ដោយៈ គង់​ហេង​/ ត្បូងឃ្មុំៈ អាជ្ញាធរ​ស្រុក​ពញាក្រែក បានស្នើ​ឱ្យ​ខាង​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​ត្បូងឃ្មុំ​ជួយ​ឈូស​ពង្រាប​សម្រួល​ផ្លូវ ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ​ចូលទៅ​កាន់​តំបន់​ទេសចរណ៍​រមណី​យ៍​ដ្ឋា​ន​ទឹកធ្លាក់​ហោង ដល់​ការធ្វើដំណើរ​បណ្តោះអាសន្ន​សិន ដើម្បី​ទទួលភ្ញៀវ​ទៅលេង​កម្សាន្ត​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​ខាងមុខ ល្មម​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​នៅ​ឆ្នាំក្រោយ​២០២៣ ខាងមុខ​នោះ​។​

​លោក វង វ៉ាន់​ស៊ាន មេឃុំ​ក្រែក​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ១៧ សីហា​នេះ​ថាៈ ផ្លូវ​ចូលទៅ​កាន់​រមណីយដ្ឋាន​ទឹកធ្លាក់​ហោង ដែល​បែប​ចេញពី​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​ជី​ពាំង គឺ​កន្លងមក​ខាង​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​ត្បូងឃ្មុំ​បាន​យក​គ្រឿងចក្រ​ឈូស​ពង្រាប​បាន​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​បាន​មួយរយៈ ហើយ​ថា​នឹង​ចាប់ផ្តើម​ស្ថាបនា​ជា​ផ្លូវ​កៅស៊ូ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​។​

​លោក​មេឃុំ​បាន​បន្តថាៈ ប៉ុន្តែ​បច្ចុប្បន្ន​ស្ថានភាព​ផ្លូវ​នេះ ដោយសារ​ទឹកភ្លៀង​បាន​បណ្តាលឱ្យ ក្រហេងក្រហូង​ទឹក​ដក់​ស្ទើរ​លិច​ផ្លូវ បង្ក​ឱ្យ​ការធ្វើដំណើរ​ពិបាក និង​ប្រើប្រាស់​ពេល​យូរ​សម្រាប់អ្នកទេសចរ និង​សិស្សានុសិស្ស ប្រជាពលរដ្ឋ ដែល​រស់នៅ និង​ឆ្លងកាត់​ផ្លូវ​តំបន់​នោះ ពិសេស​ភ្ញៀវ​ទៅលេង​រមណីយដ្ឋាន​ទឹកធ្លាក់​ហោង​។ ដូច្នេះ​ស្នើ​ដល់​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​ត្បូងឃ្មុំ​មេត្តាជួយ​ឈូស​ពង្រាប​ផ្លូវ​នេះ ឱ្យបាន​រាបស្មើ​ម្តងទៀត ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ដែល​មកលេង​កម្សាន្ត​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​។​

​លោក ឡាំង ធឿន ជា​បញ្ជា​ការពារ​ភូមិ​ពើក ឃុំ​ក្រែក ដែល​បានធ្វើ​ដំណើរ​ជាមួយ​ភរិយា​តាមផ្លូវ​ម៉ូតូ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី ១៦ សីហា​ម្សិលមិញ​ថាៈ ផ្លូវ​ឆ្ពោះទៅ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ហោង​នេះ​មាន​ចម្ងាយ​ប្រហែល ២០​គីឡូម៉ែត្រ និង​មាន​ចម្ងាយ​ប្រមាណ ១៥​គីឡូម៉ែត្រ​ជួប​បញ្ហា​ពិបាកធ្វើ​ដំណើរ​ច្រើន​ឆ្នាំ​ហើយ​ពោល គឺ​ចាប់ពី​ភូមិ​៣៧ ឃុំ​ក្រែក ស្រុក​ពញាក្រែក​ទៅ ដល់​ផុត​ចម្ការកៅស៊ូ​របស់​រដ្ឋ ទើប​លែងមាន​ជង្ហុក​ដូច​នៅ​ខាង​ក្រោយខ្នង​អីចឹង​ទៀត គឺ​ធ្វើដំណើរ​ស្រួល​៕​