ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក​អេ​ឡុន ម៉ាស​បានបញ្ជាក់​ថា​គាត់​គ្រាន់តែ​និយាយ​លេងសើច​ទេ​បន្ទាប់​ពី​បាន​ប្រកាស​នៅ​លើ Twitter ថា​គាត់​នឹង​ទិញ​ក្លិប​បិសាច​ក្រហម Manchester United​។​

​សហគ្រិន​មហាសេដ្ឋី​បច្ចេកវិជ្ជា​រូបនេះ​បានបង្ហាញ​ការទិញ​ក្លិប​បាល់ទាត់​នេះ​នៅក្នុង Tweet​ខ្លី​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា ប៉ុន្តែ​ក្រោយមក​បាន​ឆ្លើយតប​ទៅនឹង​ការបញ្ចេញមតិ​មួយ​ដែល​សួរថា​តើ​គាត់​​គិត​ចង់​ទិញ​មែនទែន​ឬ​យ៉ាងណា ដោយ​និយាយថា​វា​ជា “​ការ​លេងសើច​ក្នុង Twitter ជា​យូរ​មក​ហើយ​” និង​មិនមែន​ជា​ការពិត​ទេ​។​

​លោក​ម៉ាស​អាយុ ៥១ ឆ្នាំ​បាន​បង្ហោះ​សារ​ទៅ​កាន់​អ្នកគាំទ្រ ១០៣ លាន​នាក់​របស់​គាត់​ថា “​ដើម្បី​ឱ្យ​ជាក់ច្បាស់ ខ្ញុំ​គាំទ្រ​ពាក់កណ្តាល​ខាងឆ្វេង​នៃ​គណបក្ស​សាធារណរដ្ឋ​និង​ពាក់កណ្តាល​ខាងស្តាំ​នៃ​គណ​​បក្ស​ប្រជាធិបតេយ្យ​!” ហើយ​នៅក្នុង Tweet បន្តបន្ទាប់​មួយ​បាន​បង្ហោះ​ថា “​ខ្ញុំ​ក៏​នឹង​ទិញ​ក្លិប Manchester United ដែរ សូម​ស្វាគមន៍​”​។​

​ក្នុង​ការឆ្លើយតប​ទៅនឹង​ការបញ្ចេញមតិ​មួយ គាត់​បានសរសេរថា “​ទេ នេះ​គ្រាន់តែ​ជា​កំប្លែង​សើច​ជា​យូរ​មក​ហើយ​នៅ​លើ Twitter​។ ខ្ញុំ​មិន​ទិញ​ក្រុមកីឡា​ទេ​”​។​

​សារ​បង្ហោះ​ដំបូង​នោះ​បាន​ទទួល​ការ​ចុច​ចែករំលែក (Retweet) ជិត ៤០.០០០ ដង និង​ការ​ចូល​ចិត្ត​ជាង ២០០.០០០ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​។​

​រឿង​នេះ​កើតឡើង​បន្ទាប់ពី​ម្ចាស់​ក្រុមហ៊ុន Tesla រូប​នេះ​កំពុង​មាន​ក្តីក្តាំ​ជាមួយ​ក្រុមហ៊ុន Twitter ជុំវិញ​ការដក​ខ្លួន​ចេញ​ពី​ការទិញ​ក្រុមហ៊ុន​បណ្តាញ​សង្គម​នេះ​ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ​។

​កាលពី​សប្តាហ៍​មុន លោក​ម៉ា​ស​បាន​លក់​ហ៊ុន ៥,៨ ពាន់​លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន Tesla នៅមុន​ការតស៊ូ​ក្តី ដែល​គ្រោង​ធ្វើឡើង​នៅ​ខែតុលា​។

​គួរ​បញ្ជាក់ដែរថា ក្លិប​បិសាច​ក្រហម Man U ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុមគ្រួសារ​ត្រកូល​ក្លេ​សសឺ (Glazer) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ផ្លរីដា​តាំងពី​ឆ្នាំ ២០០៥​។ គ្រួសារ​នេះ​តែងតែ​រង​ការរិះគន់​ពី​សំណាក់​អ្នកគាំទ្រ​ចំពោះ​ការ​ជំពាក់​បំណុល ការចែក​ភាគលាភ​គ្នា​មិន​គិត​ពី​ក្លិប និង​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ ក្រោយ​ពួកគេ​កាន់កាប់​ក្លិប​៕

​លោក​ម៉ាស​មិន​ទិញ Man U ទេ