គយ និង អ​.​ហ​. ក្រុង​សិរីសោភ័ណ បាន​ចាប់​រថយន្ត​ធំ​ចង្កូត​ស្តាំ ដែល​នាំចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​

2446
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មន្ត្រី​គយ​ចល័ត​ក្រសួង និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ កាលពី​ថ្ងៃទី​២៥​ខែមិថុនា បាន​ចុះបង្ក្រាប និង​ឃាត់​រថយន្ត​ម៉ាក HINO ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ SR-០៣២៦ ជា​ប្រភេទ​រថយន្ត​ចង្កូត​ស្តាំ​១​គ្រឿង​។ ការចាប់​នេះ នាំ​ឲ្យ​បែក​រឿងអាស្រូវ​ជាថ្មី​ថា រថយន្ត​ចង្កូត​ស្តាំ​លួច​នាំចូល​ពី​ស្រុកថៃ ដោយ​ខុសច្បាប់​នៅតែមាន​។​

​ពោលគឺ​ដំបូង​គេ​ឃើញ​រថយន្ត​នេះ មកដល់​នៅ​ចំណុច​ផ្លូវ​លេខ​៥៨ ស្ថិតនៅ​ភូមិ​ចំការ​គរ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ហើយ​ចុងក្រោយ​មកដល់​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ឲ្យ​ដឹងថា កម្លាំង​បាន​សហការគ្នា រួច​បាន​ប្រគល់ជូន​អង្គភាព​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​តំបន់​៥ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា​ប្រចាំខេត្ត​បន្ទាយមានជ័យ ឬ​គេ​ស្គាល់​ថា គយ​ចល័ត​ក្រសួង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូម​រំលឹកថា លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានដាក់​បញ្ជា​ឲ្យ​កម្លាំង​អាវុធហត្ថ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើក​ការងារ​ស្នូល អន្តរាគមន៍ ការងារ​មនុស្សធម៌ ក្នុងនោះ​ក៏ត្រូវ​ចូលរួម​ទប់ស្កាត់​ប​បង្ក្រាប​បទល្មើស​ផ្សេងៗ យកចេញ​តាម​ច្រករបៀង​ដោយ​មិន​ចាន​បង់​ព័ន្ធ​ជូន​រដ្ឋ ធ្វើ​ឲ្យ​រដ្ឋ​បាត់​ចំណូល​ពី​ការបង់ពន្ធ​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ កោតសរសើរ​កម្លាំង​លោក ដែល​បាន​សហការ​បង្ក្រាប​បទ​ល្មើស​រថយន្ត​ចង្កូត​ស្តាំ​នេះ​បាន ១​គ្រឿង​ទៀត​។ ហើយ​សង្ឃឹមថា បើ​មាន​បទល្មើស​ទៀត​នឹង​បង្ក្រាបបាន​បន្ត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម