​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រោងចក្រ​នៅ​ភាគ​និរតី​ប្រទេស​ចិន​មួយចំនួនធំ​បាន​បិទទ្វារ ហើយ​ទីក្រុង​មួយ​បាន​ដាក់ចេញ​ឡើងវិញ​នូវ​ការបិទ​ចរន្តអគ្គិសនី​ជាប្រចាំ​បន្ទាប់​ពី​អាង​ស្តុក​ទឹក​​ដើម្បី​បង្កើត​វា​រី​អគ្គិសនី​បាន​ថយចុះ​ខ្លាំង នៅក្នុង​គ្រោះរាំងស្ងួត​កាន់តែ​អាក្រក់​ទៅៗ​។​

​រោងចក្រ​នៅក្នុង​ខេត្ត​ស៊ី​ឈាន់ រួម​ទាំង​រោងចក្រ​ផលិត​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​និង​ស៊ីម៉ងត៍ បាន​បិទ​ឬ​កាត់​បន្ថយ​ការផលិត​បន្ទាប់ពី​រោងចក្រ​ទាំងនោះ​ត្រូវបាន​បញ្ជា​ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​​ថាមពល​អគ្គិសនី​រហូត​ដល់​ប្រាំ​ថ្ងៃ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ទី​១៧​សីហា​។​

​រឿង​នេះ​កើតឡើង​បន្ទាប់​ពី​កម្រិត​ទឹក​នៅ​អាង​ស្តុក​ទឹកបាន​ធ្លាក់ចុះ​ខ្លាំង ហើយ​តម្រូវការ​ថាមពល​សម្រាប់​ម៉ាស៊ីនត្រជាក់​កើនឡើង​ក្នុងពេល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​។​

​សេចក្តី​បង្គាប់​មួយ​របស់​រដ្ឋបាល​ខេត្ត​ចុះ​កាលពី​ថ្ងៃ​អង្គារ​បាន​លើកឡើង​ថា “​ទុក​ថាមពល​ឱ្យ​ប្រជាជន​ប្រើ​”​។​

​យោង​តាម​នាយកដ្ឋាន​សេដ្ឋកិច្ច​និង​បច្ចេកវិជ្ជា​ព័ត៌មាន​ខេត្ត​ស៊ី​ឈាន់​បានឱ្យដឹងថា នៅក្នុង​ខេត្ត​ស៊ី​ឈាន់ ដែល​មាន​ប្រជាជន ៩៤ លាន​នាក់​កម្រិត​ទឹក​នៅ​អាង​ស្តុក​ទឹក​វា​រី​អគ្គិសនី​បាន​ធ្លាក់ចុះ​ពាក់​​កណ្តាល​ក្នុង​ខែ​នេះ​។​

​ក្រុមហ៊ុន​ថាមពល​នៅ​ទីក្រុង​តាចូវ (Dazhou)​ក្នុង​ខេត្ត​ស៊ី​ឈាន់​ដែល​មាន​ប្រជាជន​ចំនួន ៣,៤ លាន​នាក់ បាន​កាត់ផ្តាច់​ចរន្តអគ្គិសនី​រយៈពេល​ពីរ​ម៉ោង​កន្លះ​ក្នុង​សប្តាហ៍​នេះ​ហើយ​បាន​ពង្រីក​ការ​​ផ្តាច់​ភ្លើង​នៅ​ថ្ងៃ​ពុធ​នេះ​រហូត​ដល់​បី​ម៉ោង នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​កាសែត Shanghai News ។​

​កាសែត Securities Times បាន​និយាយថា អគារ​ការិយាល័យ​នៅ​ទីក្រុង​ចេង​ទូ ដែល​ជា​ទី​រួម​ខេត្ត ត្រូវ​បាន​ប្រាប់​ឱ្យ​បិទ​ម៉ាស៊ីនត្រជាក់​ចោល​ឱ្យអស់​។​

​ការបិទទ្វារ​រោងចក្រ​នេះ​កំពុង​បន្ថែម​បញ្ហា​ប្រឈម​សម្រាប់​បក្ស​កុម្មុយនីស្ត​កំពុងកាន់​អំណាច ខណៈ​លោក ស៊ី ជីន​ភីង ដែល​ជា​មេដឹកនាំ​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ កំពុង​ត្រៀម​បំបែក​ប្រពៃណី និង ផ្តល់​រង្វាន់​ដល់​ខ្លួន​គាត់​នូវ​អាណត្តិ​ប្រាំ​ឆ្នាំ​លើក​ទី​បី​ក្នុងនាម​ជា​មេដឹកនាំ​នៅ​ឯ​កិច្ចប្រជុំ​មួយ​ក្នុង​ខែតុលា​ឬ​ខែ​វិច្ឆិកា​ខាងមុខ​។​

​កំណើន​ទិន្នផល​រោងចក្រ​និង​ការលក់​រាយ​បាន​ធ្លាក់​ចុះ​ក្នុង​ខែកក្កដា ដោយ​ទាញ​ថយ​ក្រោយ​នូវ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​របស់​ចិន​បន្ទាប់​ពី​ទីក្រុង​សៀង​ហៃ​និង​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ផ្សេងទៀត​ត្រូវ​​បាន​បិទ​ចាប់ពី​ចុង​ខែ​មីនា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​កូវី​ដ​១៩​។​

​សេដ្ឋកិច្ច​បាន​កើនឡើង​ត្រឹមតែ ២,៥ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​មុន​នៅក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២២ ដែល​តិចជាង​ពាក់កណ្តាល​នៃ​គោលដៅ​ប្រចាំឆ្នាំ​ផ្លូវការ ៥,៥ ភាគរយ​៕


​ប្រជាជន​កំពុងត្រាំ​ទឹក​ឱ្យ​ត្រជាក់​ខ្លួន​ក្នុង​ទន្លេ​យ៉ាង​សេ ខណៈ​សីតុណ្ហភាព​កើនឡើង