ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានធ្វើ​សន្និសីទ​សារព័ត៌មាន អំពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​ស្រាវជ្រាវ​ករណី​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​តាម​អន​ឡាញ​) និង​បង្ក​ស្លាប់​ពលរដ្ឋ​ម្នាក់ ឈ្មោះ សួង ឌ័​ន រស់នៅ​ភូមិ​រូង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ ។

​សន្និសីទ​សារព័ត៌មាន​នេះ បាន​ប្រព្រឹត្តិ​ទៅ នា​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ស្ថិតនៅ​ភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដោយមាន​ការចូលរួម​ពី​កងកម្លាំង​កងរាជអាវុធហត្ថ និង​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានបញ្ជាក់​ឱ្យដឹងថាៈ រាល់ពេល​ប្រតិបត្តិការ​របស់​កងរាជអាវុធហត្ថ មិន​បណ្តាល​ធ្វើ​ឲ្យ​មាន​មនុស្ស​របួស ឬ​ស្លាប់ គឺ​ទទួលបាន​នូវ​លទ្ធផល​ល្អ ក៏ប៉ុន្តែ​ចំពោះ​ប្រតិបត្តិការ​ណា ដែល​បង្ក​ឲ្យ​មាន​របួស ឬ​ស្លាប់ ទោះបីជា​អ្នក​ចុះ​អនុវត្ត​ផ្ទាល់ បានធ្វើ​របាយការណ៍​មក​ក៏ដោយ ក៏ត្រូវ​តែមាន​ការត្រួត​ពិនិត្យ ស៊ើបអង្កេត ប្រសិនបើ​មាន​ករណី​របួស ស្លាប់​ពលរដ្ឋ ឬ​ជនសង្ស័យ និង​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ​អ្នកអនុវត្ត ទាំង​អ្នកដឹកនាំ​ការអនុវត្ត ដើម្បី​ស្រាវជ្រាវ​ឱ្យបាន​ជាក់លាក់ កុំឱ្យ​មានការ​ភាន់ច្រឡំ មានការ​ចោទប្រកាន់​ពី​មហាជន និង​តាម​បណ្ដាញ​សង្គម​ផ្សេងៗ ដូចជា​ករណី​ខាងលើនេះ​តែម្ដង ។

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូបនេះ បាន​បន្ថែមថាៈ ក្រោយពី​បានធ្វើការ​ស៊ើបអង្កេត អស់​រយៈពេល​ជាច្រើន​ថ្ងៃ និង​រកឃើញ​ជន​ពាក់ព័ន្ធ​ចំនួន ១៣ នាក់ ក៏ប៉ុន្តែ​មាន ៣ នាក់ បាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​សន្និដ្ឋាន​របស់​ក្រុមការងារ​គឺៈ ទី​១ លោក​អនុសេនីយ៍ឯក សុខ ម៉េង​ហុង មុខតំណែង នាយការិយាល័យ​ព្រហ្មទណ្ឌ ទី​២ លោក​អនុសេនីយ៍ឯក លុយ តាំង​ឈួ​យ មុខងារ​ប្រធាន​អង្គភាព​នគរបាល​យុត្តិធម៌ និង​ទី​៣ លោក សៅ សិរី​វុ​ធ មាន​តួនាទី​ជំនាញ នៃ​មន្ទីរ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​។ ជន​ទាំង ៣ នាក់​នេះ គឺជា​អ្នកដឹកនាំ ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​ក៏បាន​ជាប់ទោស ជនជាប់ចោទ (​អំពើ​អកម្ម​) អ​ចេតនា​មនុស្សឃាត អាច​ជាប់ទោស​ពី ១ ទៅ ២ ឆ្នាំ ។ តែ​ចំពោះ​ជន ១០ នាក់​ទៀត​នោះ ខាង​ក្រុមការងារ​យើង កំពុងតែ​បន្ថែម​ការស៊ើបអង្កេត ថា​តើ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​ដែរឬទេ ក៏ប៉ុន្តែ​ក្នុងអំឡុង​ពេលនេះ គឺ​មិន​អនុញ្ញាតឱ្យ​គាត់​ចេញពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ជាដាច់ខាត រង់ចាំ​ការស្រាវជ្រាវ​បន្តទៀត ប្រសិនជា​រកឃើញ​នោះ គឺ​ជាប់ទោស​ជា​ធរមាន ។

​អ្នកនាំពាក្យ បាន​រំលឹកថាៈ នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង ១១:៣០ កម្លាំង​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ចំនួន ១៣ នាក់ និង​មធ្យោបាយ​រថយន្ត ២​គ្រឿង ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក សុខ ម៉េង​ហុង មុខតំណែង​នាយការិយាល័យ​ព្រហ្មទណ្ឌ និង​ទី​២ លោក​អនុសេនីយ៍ឯក លុយ តាំង​ឈួ​យ មុខងារ ប្រធាន​អង្គភាព​នគរបាល​យុត្តិធម៌ និង​មានការ​សម្របសម្រួល​ពី​លោក សាយ វាសនា​ព្រះរាជអាជ្ញារង សាលាដំបូង ខេត្តកំពង់ធំ ដោយ​ឱ្យ​លោក ឃឿន សុ​លាភ ជា​ក្រឡាបញ្ជី នៃ​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ធំ ចូលរួម​ក្នុង​កិច្ចប្រតិបត្តិការ​នោះ​ផងដែរ បាន​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន ៤​នាក់ និង​វត្ថុតាង​ម៉ូតូ ទូរទស្សន៍ ម៉ាស៊ីន cpu យកមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ។ ប៉ុន្តែ​នៅក្នុង​នោះ មាន​មនុស្ស​ម្នាក់ ឈ្មោះ សួង ឌ័​ន បាន​ស្លាប់ នៅលើ​រថយន្ត​របស់​ស​ម​ត្ថ​កិច្ច​បន្ទាប់ពី​បញ្ជូន​មកដល់​មន្ទីរពេទ្យ​ស្រុក​បារាយណ៍ សន្ទុក ។ នេះ​បើ​យោងតាម​កំណត់ហេតុ​ពិនិត្យ របស់​នគរបាល និង​អាវុធហត្ថ​។ ដូច្នេះហើយ ករណី​ខាងលើនេះ គឺ​បាន​ស្រាវជ្រាវ ស៊ើបអង្កេត​ច្បាស់លាស់​ហើយ អ្នក​ដែល​បាន​ស្លាប់ គឺ​ដោយសារ​ការពុល​រថយន្ត ទើប​បង្ក​ខ្វះ​អុកស៊ីសែន រហូតដល់​ស្លាប់​តែម្តង ។

​ចុងក្រោយ អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​អំពាវ​ដល់​មហាជន​គ្រប់​មជ្ឈដ្ឋាន និង​មហាជន តាម​បណ្តាញ​សង្គម​នានា សូមកុំ​វិនិច្ឆ័យ ដោយបាន​ត្រឹមតែ​ឃើញ​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ផ្សេងៗ ព្រោះ​ការបញ្ចេញមតិ​ក្នុងការ​បង្ហោះ​នោះ ខ្វះ​ការពិចារណា រួមទាំង​បញ្ចេញមតិ​ខុសពី​ការពិត ដែល​ក្រុមគ្រួសារ​សាច់ញាតិ កំពុងមាន​កំហឹង គួបផ្សំ​ផងដែរ ក៏ប៉ុន្តែ​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Nearadey Din » បាន​បង្ហោះ​ករណី​ខាងលើនេះ គឺ​មិនបាន​បង្ហោះ​បញ្ហា​ផ្សេង​ទៀតឡើយ នេះ​បង្ហាញឱ្យឃើញ​គាត់​មាន​បញ្ញា​ត្រឹមត្រូវ ច្បាស់លាស់ ប្រកបដោយ​សុជីវធម៌ ៕/V​