ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រុមការងារ​តម្រង់ទិស​អន្តរក្រសួង បានប្រកាស​បើក​យុទ្ធនា​ការចុះវាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ក្បាលដី និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

​យុទ្ធនាការ​នេះ​ត្រូវបាន​ប្រកាស​នា​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា បន្ទាប់ពី ក្រុមការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដ៏ទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន បានប្រកាស​បើក​យុទ្ធនា​ការចុះវាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ក្បាលដី និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២​តទៅ​។​

​យុទ្ធនា​ការចុះវាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ក្បាលដី និង​សំណង់​ខុសច្បាប់ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​តម្រង់ទិស លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ដោយ​រដ្ឋបាល​ខេត្តសៀមរាប ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ក្រុមការងារ​បច្ចេកទេស​ទាំង​៣២​ក្រុម​មកពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ប្រមាណ​ជិត​៧០០​នាក់​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២​កន្លងទៅ ប្រមុខ​រាជរដ្ឋាភិបាល បានសម្រេច​បង្កើត​សមាសភាព​ក្រុមការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់ និង​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​សមាសភាព​ម​ក​ពី​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​មាន ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងផែនការ អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា​ផង ដើម្បី​អនុវត្ត​ដោះស្រាយ​បញ្ហា​សំណង់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នេះ ឱ្យមាន​ប្រសិទ្ធិភាព និង​ស្ថេរភាព​៕​