ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ លោក វង្ស វិសិដ្ឋ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ បាន​ដឹកនាំ​កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ សហការ​ជាមួយ​កងរាជអាវុធហត្ថ ស្រុក​ត្បែង​មាន​មានជ័យ នគរបាល​ប៉ុស្តិ៍​បុស្ស​ធំ និង​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន ចុះបង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ មួយកន្លែង កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៣ ស្ថិតនៅ​ក្នុងភូមិ​បុស្ស​ធំ​
​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។

​លោក វង្ស វិសិដ្ឋ បានឱ្យដឹងថាៈ ក្រោម​ការដឹកនាំ និង​ចង្អុលបង្ហាញ​របស់លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់លោក នួន សុខុម នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ កម្លាំង​ផ្នែក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ និង​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះទៅ​ដល់ទី​តាំង​សិប្បកម្ម​កែច្នៃ​ឈើ ខុសច្បាប់ មួយកន្លែង ដើម្បី​អនុវត្តន៍​ច្បាប់​ស្តីពី​ព្រៃឈើ​។

​នៅក្នុង​ការបង្ក្រាប​នោះ សមត្ថកិច្ច​ជំនាញ បាន​ដកហូត​វត្ថុតាង រួមមាន តាប​ឈូស និង​ឈើ​លេខ​១ មួយចំនួន ដោយ​យកមក​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី ។ ចំណែក​ម្ចាស់​សិប្បកម្ម​នោះ ឈ្មោះ ជ័យ សាន ភេទ​ស្រី អាយុ ៤៤ ឆ្នាំ ត្រូវបានធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ធ្វើ​សិប្បកម្ម ខុសច្បាប់ តទៅទៀត ។

​សូមបញ្ជាក់ថា សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ មួយ​នេះ បានធ្វើ​អាជីវកម្ម​ខុសច្បាប់ ជា​យូរ​មកហើយ ហើយ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ លោក សុង បញ្ញា ក៍​ធ្លាប់បាន​ចុះទៅ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា មិនឱ្យ​បន្តធ្វើ​សិប្បកម្ម​ខុសច្បាប់​តទៅទៀត​ទេ តែ​ម្ចាស់​សិប្បកម្ម​រូបនេះ នៅតែ​គឃ្លើន​ធ្វើ​បន្ត មិន​ព្រម​ឈប់ ទើប​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ចុះបង្ក្រាប​តែម្តង​៕/V​