​ដោយៈ​សុផល​/​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) បានរៀបចំ​ពិធី​តម្រង់ទិស​មុនពេល​ចេញដំណើរ សម្រាប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​ទទួលបាន​កម្មវិធី​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​សម្រាប់​ឆ្នាំ​សិក្សា ២០២២-២០២៤ ។​

​ពិធី​តម្រង់ទិស​មុនពេល​ចេញដំណើរ នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន​របស់ លោក សុង យុង​ជូន​(Song Youngjun) អនុប្រធាន​តំណាង នៃ​ការិយាល័យ​ក​យ​កា​-KOICA ប្រចាំ​ប្រទេស​កម្ពុជា និង លោក អ៊ឹម សួរ អគ្គលេខាធិការរង គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​គ​.​ជ​.​នា​/​ក​.​អ​.​ក​- CRDB/CDC) និង​ប្រធាន​សមាគម​អតីត​កម្មសិក្សាការី​កម្ពុ​ជា​-​កូរ៉េ (​ស អ ក ក​-CAMKAA)​។​

​ដោយមាន​បេសកកម្ម​គាំទ្រ​ការអភិវឌ្ឍ​ធនធានមនុស្ស (HRD) ជាមួយ​ប្រទេស​ជា​ដៃគូ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​-KOICA) បាន​អញ្ជើញ​មន្ត្រីរាជការ​កម្ពុជា ដែលមាន​ទេពកោសល្យ និង​ជួយ​អភិវឌ្ឍ​ពួកគេ​លើ​ជំនាញ​វិជ្ជាជីវៈ និង ចំណេះដឹង ដែល​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​។

​កម្មវិធី​អាហារូបករណ៍​ក​យ​កា គឺជា​កម្មវិធី​ដែ​ទទួលបាន​មូលនិធិ​យ៉ាង​ពេញលេញ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ ទៅកាន់​ប្រទេស​ជា​ដៃគូ​របស់ ក​យ​កា​។ កម្មវិធី​អាហារូបករណ៍​នេះ បានចាប់ផ្តើម​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៤ ហើយ​មាន​គោលបំណង​ដើម្បី​ចែករំលែក​បទពិសោធន៍​ពី​ការអភិវឌ្ឍន៍​របស់​កូរ៉េ ដល់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួមចំណែក​ដល់ តម្រូវការ​អភិវឌ្ឍ សម្រាប់​រយៈពេល​វែងរ​បស់​ប្រទេស​កម្ពុជា​។​

​ដើម្បី​សម្រេចបាន​នូវ​បេសកកម្ម​នេះ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​-KOICA) បានចាប់ផ្តើម​ប្រតិបត្តិការ អាហារូបករណ៍​កម្រិត​អនុបណ្ឌិត ជាមួយ​សាកលវិទ្យាល័យ​ល្បីៗ នៅ​ប្រទេស​កូរ៉េ ចំនួន​២០ នៅក្នុង​វិស័យ​កសិកម្ម វិស័យ​អភិវឌ្ឍ​ជនបទ វិស័យ​អប់រំ វិស័យ​អភិបាលកិច្ច វិស័យ​បច្ចេកវិទ្យា និង វិស័យ​បរិស្ថាន​និង​ថាមពល​។ ដោយឡែក សម្រាប់​ឆ្នាំ​២០២២​នេះ មាន​មន្ត្រី​ឆ្នើម​ចំនួន​៣ រូប ដែល​បានទទួល​អាហារូបករណ៍ វគ្គ​សិក្សា​ថ្នាក់អនុបណ្ឌិត ជាមួយ​សាកលវិទ្យាល័យ​ល្បីៗ ចំនួន​៨ នៅ​ប្រទេស​កូរ៉េ​។​

​នៅក្នុង​ពិធី​នេះ ការិយាល័យ​ក​យ​កា​ប្រចាំ​កម្ពុជា បានធ្វើ​បទ​បង្ហាញ​អំពី វគ្គ​សិក្សា​ថ្នាក់អនុបណ្ឌិត​ដោយ​សង្ខេប និង​ផ្តល់​ឲ្យ​មន្ត្រី​អាហារូបករណ៍ នូវ​ការ​តំរង់ទិស​ជា​មូលដ្ឋាន ដូចជា ទី​១)-​គោលការណ៍​ណែនាំ​អាហារូបករណ៍ ក​យ​កា​-KOICA ទី​២)-​ព័ត៌មាន​ជំនួយ​សម្រាប់​ការរស់នៅ​ប្រទេស​កូរ៉េ ទី​៣)-​ព័ត៌មាន​អំពី​សមាគម​អតីត​កម្មសិក្សាការី​កម្ពុ​ជា​-​កូរ៉េ​(​សអក​ក​-CAMKAA) និង ទី​៤)-​ក្រមសីលធម៌​ស្តីពី​សុចរិត​ភាព និង​ការយាយី​ផ្លូវភេទ​។​

​មន្ត្រី​អាហារូបករណ៍​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ជាប់​អាហារូបករណ៍ បាន​ថ្លែងអំណរគុណ និង​ប្តេជ្ញា នូវ​ការគាំទ្រ​របស់​ពួកគេ​ចំពោះ ការិយាល័យ​ក​យ​កា និង​រដ្ឋាភិបាល​កូរ៉េ ក៏ដូចជា បាន​ប្តេជ្ញា​ក្នុងការ​នាំមក​នូវ​កំណែទម្រង់សង្គម និង កំណែទម្រង់​គោលនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​រៀន​ពីបទ​ពិសោធន៍​របស់​ប្រទេស​កូរ៉េ​៕​