ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ចំនួន​បី​រូប​ទៀត ត្រូវបាន​ប្រកាស​តែងតាំង​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២ នេះហើយ​។

​ពិធី​នេះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

​អភិបាលរង រាជធានី​ភ្នំពេញ ចំនួន​បី​រូប ដែល​ត្រូវ​ប្រកាស​ចូលកាន់​តំណែង​នេះ រួមមានៈ លោក ឃ្លាំង ហួត អតីត​អភិបាលខណ្ឌ​ជ្រោយចង្វា , លោក សុខ ពេញ​វុ​ធ អតីត​អភិបាល​ខណ្ឌដូនពេញ និង​លោក ហ៊ុន សុរិទ្ធី អតីត​អគ្គនាយករង អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ ។

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បានធ្វើ​ការណែនាំ​ឱ្យ​អភិបាលរង រាជធានី​ភ្នំពេញ ទាំងបី​រូប ដែល​ត្រូវ​បានប្រកាស​តែងតាំង​ថ្មី​នេះ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​បំពេញការងា​រ សហការ​ឱ្យបាន​ល្អ ជាមួយ​ក្រសួង ស្ថាប័ន មន្ទីរ​ពាក់ព័ន្ធ ខណ្ឌ​ទាំង​១៤ និង​សង្គម​ស៊ីវិល និង​ត្រូវអនុវត្ត​ការងារ ដោយ​ឈ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ​។

​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថាៈ តាមច្បាប់​ថ្មី រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងត្រូវ​បន្ថែម​អភិបាលរង ចំនួន បូ​នរូ​ប​ទៀត ដើម្បី​បំរើ​សង្គមជាតិ និង​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ តែ​ពេលនេះ យើង​បានប្រកាស​តែងតាំង​ចំនួន បី​រូប​សិន នៅសល់​មួយរូប​ទៀត យើង​នឺង​រៀបចំឡើង​បន្តទៀត​។ ដូច្នេះ​សម្រាប់​អភិបាលរង​រាជធានី ទាំង បី​រូប ដែល​បានតែងតាំង​ថ្មី​នេះ ត្រូវបំពេញ​ការងារ​ឱ្យបាន​ល្អ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ដើម្បី​ធ្វើឱ្យ​រាជធានី​ភ្នំពេញ កាន់តែ​រីកចំរើន និង​កាន់​តែមាន​សោភ័ណភាព​។

​លោក សក់ សេដ្ឋា ក៏បាន​ធ្វើការ​ណែនាំ​ឱ្យរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ បន្ត​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ និង​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​នៅក្នុង​សង្គម ។ ចំពោះ​កម្លាំងប្រដាប់អាវុធ ក្នុង​ជួរ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ត្រូវ​បន្ត​គ្រប់គ្រង​សភាពការណ៍ ទប់ស្កាត់​បទល្មើស​នានា ឱ្យបាន​ល្អ និង​បំផុស​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​អនុវត្ត​ធ្វើយ៉ាងណា ឱ្យ​ភូមិ សង្កាត់ មាន​សុវត្ថិភាព​។

​លោក សក់ សេដ្ឋា បាន​បន្ថែមទៀតថាៈ ដើម្បីឱ្យ​រាជធានី​ភ្នំពេញ មាន​សោភ័ណភាព កាន់តែ​ល្អប្រសើរ​នោះ លោក​ស្នើឱ្យ​អាជ្ញាធរ​រាជធានី គ្រប់គ្រង​សំណង់ ឱ្យបាន​ត្រឹមត្រូវ តាម​ស្តង់ដា​បច្ចេកទេស បន្ត​ដាំ​ដើមឈើ នៅតាម​ទីសាធារណៈ លើក​កំពស់​បរិស្ថាន ដោយ​ត្រូវ​បំផុស​ប្រជាពលរដ្ឋ ឱ្យ​វេច​ខ្ចប់ ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន ប្រមូល​សំរាម ទាន់ពេលវេលា បើទោះបី​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំង​៣ បាន​អនុវត្ត​ការងារ​ល្អ​ជាង​មុន​ហើយ​ក្តី​។

​គួរ​បញ្ជាក់ថា អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កន្លងមកនេះ មាន​ចំនួន ៦​រូប ក្នុងនោះ​រួមមាន លោក កើត ឆែ , លោក មាន ចាន់​យ៉ា​ដា លោក ហួត ហៃ , លោកស្រី កែវ សុខ​ពិសី ,​លោក ស៊ុយ សេ​រិ​ទ្ធ និង​លោក នួន ផា​រ័ត្ន ។ តែ​ពេលនេះ ត្រូវបាន​បន្ថែម​ឱ្យមក​កាន់​តួនាទី​នេះ ចំនួន​បី​រូប​បន្ថែមទៀត មានន័យថា អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ពេលនេះ មាន​ចំនួន ៩ រូប​ហើយ ដើម្បី​បំរើ​សង្គមជាតិ និង​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ ខណៈដែល​ថ្នាក់ជាតិ បាន​ប្រតិភូកម្ម វិស័យ​ជាច្រើន មកឱ្យ​ថ្នាក់ក្រោម​ជាតិ អនុវត្ត​ក្នុង​ការផ្តល់សេវា ឱ្យ​កាន់តែ​កៀក​កិត ជាមួយ​ប្រជាពលរដ្ឋ​៕/V​