ដោយ​: ភ្នំ​សន្ទុក / កំពង់ធំ​: លោកស្រី លំ គ​ន្ធា​រី អភិបាលរង​ខេត្តកំពង់ធំ បាន​អញ្ជើញ​បិទ​វគ្គ​បណ្ដុះបណ្ដាល​តម្រង់ទិស សម្រាប់​ក្រុមប្រឹក្សាឃុំ សង្កាត់​ជាប់ឆ្នោត​ថ្មី ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។

​វគ្គ​បណ្ដុះបណ្ដាល​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ក្រុមប្រឹក្សាឃុំ មកពី​ស្រុក​ស្ទោង ស្រុក​សណ្ដាន់ ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក ។ វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦-១៧ ខែសីហា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​កំពង់ធំ ដោយបាន​ប្រកា​សបិទ នា​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២​។

​ដើម្បី​សម្រេចបាន គោលបំណង​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​២ (​ឆ្នាំ ២០២១-២០៣០) លោកស្រី លំ គ​ន្ធា​រី សំណូមពរ​សូមឱ្យ​សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោត​ថ្មី ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ ត្រូវតែ​ខិតខំ​កែប្រែ​ឥរិយាបថ​របស់ខ្លួន ក្នុងការ​បំពេញ​តួនាទី ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​។ ត្រូវមាន​ភាពជា​តំណាង​សាធារណៈ ស្វ័យភាព​របស់​មូលដ្ឋាន ការពិគ្រោះ​យោបល់ ការចូលរួម​ការឆ្លើយ​តប និង​គណនេយ្យភាព ការលើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន នៅ​មូលដ្ឋាន​។ បន្ថែម​ពីនេះ​ទៀត សូម​សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ យកទៅ​អនុវត្តតាម​មូលដ្ឋាន ឲ្យ​បានល្អ​ប្រសើរ ពិសេស​គឺ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ នូវ​សមត្ថភាព និង​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា រយៈពេល ២ ថ្ងៃ កន្លងមកនេះ ឱ្យមាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​៕/V​