ដោយៈ ឫទ្ធិ​ស័ក្តិ / ភ្នំពេញៈ គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត នៃ​ព្រឹទ្ធសភា បានធ្វើ​លិខិត​ជម្រាប​ជូនទៅ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ដើម្បី​ពិនិត្យ និង​ដោះស្រាយ ករណី​ប្រជាពលរដ្ឋ ប្តឹង​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង និង​កូនចៅ ពាក់ព័ន្ធ​ការប្រើ​អំណាច តួនាទី​សំឡុត គំរាមកំហែង​ពលរដ្ឋ និង​ឃុំឃាំង ដោយ​គ្មាន​ដីកា​តុលាការ​។ ប៉ុន្តែ​អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អះអាងថា ការដែល​អាវុធហត្ថ ខេត្តស្ទឹងត្រែង បានធ្វើ គឺ​អនុវត្តតាម​ព្រះរាជអាជ្ញា និង​មិន​បានធ្វើ ដូចជា​ការចោទប្រកាន់​នោះទេ​។​

​ការធ្វើ​លិខិត​ជម្រាបជូន នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានធ្វើ​ឡើង បន្ទាប់ពី​ប្រជាពលរដ្ឋ បានដាក់​ពាក្យបណ្តឹង​ប្តឹង ទៅ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បី​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ ក្នុងករណីនេះ​។​

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

​យោងតាម​លិខិត​របស់ គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត នៃ​ព្រឹទ្ធសភា ជម្រាបជូន នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹងថាៈ គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត នៃ​ព្រឹទ្ធសភា បានទទួល​ពាក្យសុំ​អន្តរាគមន៍​មួយច្បាប់ កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ របស់​ឈ្មោះ ជា វុទ្ធី មាន​ទីលំនៅ​ភូមិ​/​ឃុំ​/​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង គោរព​ចូលមក សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួយ​អន្តរាគមន៍ រក​យុត្តិធម៌ ក្នុងករណី​លោក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ និង​លោក ភុយ ខ្វៃ ប្រធាន​មន្ទីរ​ស្រាវជ្រាវ បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ប្រើប្រាស់​អំណាច តួនាទី សំឡុត​គំរាមកំហែង​ពលរដ្ឋ និង​ឃុំឃាំង ដោយ​គ្មាន​ដីកា​តុលាការ​។​

​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត នៃ​ព្រឹទ្ធសភា បាន​បន្តថាៈ តាម​ការអះអាង​របស់​ឈ្មោះ ជា វុទ្ធី បាន​បញ្ជាក់ថា “ កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២២ ខ្ញុំ​បាន​យក​លិខិត​ផាកពិន័យ ចេញពី​មន្ទីរ​រ៉ែ និង​ថាមពល អំពី​រឿង​អ្នករុករក​ថ្ម​ម៉ាប ដើម្បី​យកទៅឱ្យ មន្ត្រី​កងរាជអាវុធហត្ថ ត្រួតពិនិត្យ ដោយ​ខ្ញុំបាទ បាន​ទៅដោយ​ផ្ទាល់ ដល់ទី​តាំង​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​។ នៅ​ទីនោះ មាន​វត្តមាន​លោក អៀង វ៉ាន់ឌី និង​លោក ភុយ ខ្វៃ និង​មាន​កូនចៅ មួយចំនួនទៀត​។ ក្រោយពី​បានប្រគល់ លិខិត​រួចហើយ រូបខ្ញុំ ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ ចាប់​សម្លុត គំរាមកំហែង និង​បង្ខំ​ឱ្យ​ខ្ញុំ ឆ្លើយ​តាម​របាយការណ៍ ដែល​ពួកគេ បានរៀបចំ​រួចជាស្រេច និង​ឲ្យ​ផ្តិតមេដៃ ទាំង​ខ្ញុំ មិនបាន​ដឹង អ្វី​ទាល់តែសោះ ថា​អ្នកណា​ជា​អ្នកប្រព្រឹត្ត ព្រោះ​គាត់ គ្រាន់តែ​ជា​អ្នក​នាំសារ​យក​ក្រដាស​ផាកពិន័យ មកឱ្យ​កងរាជអាវុធហត្ថ​ពិនិត្យមើល ប៉ុណ្ណោះ​។ លើសពីនេះ មន្ត្រី​កងរាជអាវុធហត្ថ ខាងលើ បាន​រឹបអូស​យក​ម៉ូតូ ទូរស័ព្ទដៃ និង​ប្រាក់​មួយចំនួន រួច​បន្ត​ឃុំខ្លួន​ខ្ញុំ នៅ​ទីនោះ អស់​រយៈពេល ១​ថ្ងៃ ១​យប់ ”​។​

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង

​ជាមួយគ្នានេះ គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត នៃ​ព្រឹទ្ធសភា សូមនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ពិនិត្យ និង​ដោះស្រាយ ករណីនេះ​តាម​ការគួរ​។

​ទាក់ទង​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។ ដោយ​បង្វែរ​ឲ្យ​ទៅ​សួរ អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ចំណែក​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថាៈ “​រឿងនេះ ប្តឹង​ក៏​ប្តឹងទៅ ជាធម្មតា អ្វីដែល​គេ​ប្តឹង​យើង មើលទៅ បើសិនជា​ប្រព្រឹត្ត​មែន យើង​ទទួលខុសត្រូវ​។ ក៏ប៉ុន្តែ​ឯកឧត្តម ព្រះរាជអាជ្ញា ក៏បាន​បញ្ជាក់​មក​នីតិ​វិធី ក្នុង​ការដែល​គាត់ ឲ្យ​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទេ មិនមែន​គាត់ ជា​អ្នកយក​សំបុត្រ​មក​ទេ គាត់​ចេះតែ​និយាយ​កុហក​”​។​

​រីឯ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែសីហា​នេះ​ថាៈ បញ្ជាការដ្ឋាន​លើ​ផ្ទៃ​ប្រទេស ពុំទាន់​បានទទួល​លិខិត សុំ​អន្តរាគមន៍ ពី​ស្ថាប័នព្រឹទ្ធសភា​ជា​ផ្លូវការ ដើម្បី​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ ចំពោះ​ការប្តឹង​របស់ ជនរងគ្រោះ ចំពោះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច នៅឡើយ​ទេ​។​

​លោក​បាន​បញ្ជាក់ថាៈ “ ដូច្នេះ​ខ្ញុំ ក៏​អត់​ទាន់​មាន​ចំណាត់ការ​អី​ដែរ ព្រោះ​ខ្ញុំ​អត់​ទាន់​បាន ទទួល​នូវ​លិខិត​ជា​ផ្លូវការ មកកាន់​បញ្ជាការដ្ឋាន​លើ​ផ្ទៃ​ប្រទេស​។ ខ្ញុំ​រង់ចាំ​លិខិតផ្លូវការ ដើម្បី​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ស្ថាប័ន កងរាជអាវុធហត្ថ ក្នុងការ​គ្រប់គ្រង​ដឹកនាំ បញ្ជា​កងកម្លាំង ដើម្បី​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ពង្រឹង​ការអនុវត្ត​ច្បាប់ គោរព​នូវ​សិទ្ធិ​សេចក្តីថ្លៃថ្នូរ របស់​មនុស្ស ព្រមទាំង​កសាង​កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល ក៏ដូចជា​ច្បាប់ និង​លិខិតបទដ្ឋាន​នានា របស់​ជាតិ ហើយ​ដែលមាន​ទំនាក់ទំនង ជា​កាតព្វកិច្ច​របស់រ​ដ្ឋ ជា​សមាជិក នៃ​អង្គការសហប្រជាជាតិ ដែល​កម្ពុជា បាន​ស្ម័គ្រចិត្ត​ទទួល និង​គោរព​”​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានបញ្ជាក់​ទៀតថាៈ លោក​នឹងធ្វើ​ការងារ​នេះ ទៅតាម​តួនាទី របស់​កងរាជអាវុធហត្ថ នៅពេលដែល​លិខិតផ្លូវការ មកដល់​ស្ថាប័ន ដែល​លោក​កំពុង​ដឹកនាំ និង​គ្រប់គ្រង​៕/V

លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស