ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយបាន​បញ្ជាក់ ពី​ការទូទាត់​បើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត ជូន​បងប្អូន​កម្មករ និយោជិត ក្រុមហ៊ុន ឃែ​ន​ធើ​រេ​ន អឺ​ភែ​រឹល (​ខេ​ម​បូ​ឌា​)​ចំនួន ៣ ចំណុច ដោយ​ប្រើ​ថវិកា​បុរេប្រទាន របស់​រាជរដ្ឋាភិបាល​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​ការងារ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២ នេះ បានឱ្យដឹងថាៈ យោង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជម្រាបជូន​បងប្អូន ដែលជា​កម្មករ និយោជិត នៃ​ក្រុមហ៊ុន ឃែ​ន​ធើ​រេ​ន អឺ​ភែ​រឹល (​ខេ​ម​បូ​ឌា​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​និយោជក បាន​បិទទ្វារ​រត់ចោល​ថា យោងតាម​ស្មារតី នៃ​កិច្ចប្រជុំ ដោះស្រាយ​ករណី​ក្រុមហ៊ុន ឃែ​ន​ធើ​រេ​ន អឹ​ភែ​រឹល (​ខេ​ម​បូ​ឌា​) កន្លងមក និង​យោងតាម​ច្បាប់ ស្តីពី​ការងារ​ក្រសួង នឹងធ្វើ​ការទូទាត់ បើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍ ផ្សេងទៀត ជូន​បងប្អូន​កម្មករ និយោជិត ចំនួន ៣ ចំណុច ដោយ​ប្រើ​ថវិកា​បុរេប្រទាន របស់​រាជរដ្ឋាភិបាល ដូចខាងក្រោម​៖

១. ប្រាក់​ឈ្នួល​ខែ​ចុងក្រោយ ដែល​មិនទាន់បាន​បើក​
២. ប្រាក់​បំណាច់​ជួស​ការឈប់​សម្រាក​ប្រចាំឆ្នាំ ដែល​នៅសល់​
៣. ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី ក្នុង​ឆ្នាំ និង​ប្រាក់​រំលឹក ប្រាក់​បំណាច់​អតីតភាព​ការងារ ដែលមាន​មុន​ឆ្នាំ​២០១៩​។​

​ក្រសួង បាន​បន្ត​ឱ្យដឹង ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថាៈ “​សូម​បងប្អូន​កម្មករ និយោជិត មេត្តា​រង់ចាំ​ការជូនដំណឹង​បន្ថែម អំពី​ការបើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍ ផ្សេងៗ ពី​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​សម្រាប់ ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា នាពេល​ឆាប់ៗ ខាងមុខនេះ​”​។​

​ជាមួយគ្នានេះ ក្រសួង​ការងារ បានឱ្យ​បងប្អូន​កម្មករ និយោជិត​ទាំងអស់ ត្រូវ​ត្រៀម​ឯកសារ មួយចំនួន ដូចជា ១. បណ្ណ​សម្គាល់​ខ្លួន​កម្មករ និយោជិត (​ច្បាប់ដើម​) ឬ​កិច្ចសន្យាការងារ និង​សៀវភៅ​ការងារ​កម្មករ និយោជិត ឬ​បណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​។ ២. បណ្ណ​បើកប្រាក់​ឈ្នួល​ប្រចាំខែ របស់​កម្មករនិយោជិត​ម្នាក់ៗ (​បើ​មាន​)​។​

​ក្នុងកំឡុងពេល នៃ​ការរង់ចាំ​ការជូនដំណឹង​បន្ថែម​នេះ សូម​បងប្អូន​ដាក់ពាក្យ​ស្វែងរក ការងារ​ធ្វើ តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដើម្បី​រក្សា​ស្ថិរភាព នៃ​ប្រាក់ចំណូល​៕/V​