ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញ សេចក្តីជូនដំណឹងមួយ ស្តីពីការបើកផ្តល់ ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ជូនបងប្អូន កម្មករ និយោជិត នៃក្រុមហ៊ុន ឃុនធើរេន អឺតែរឹល (ខេមបូឌា) ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ តទៅ។

បើយោងតាម សេចក្តីជូនដំណឹង ខាងលើនេះបានបញ្ជាក់ថាៈ ដោយអនុវត្ត តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួង នឹងចាប់ផ្តើម បើកផ្តល់ថវិកា បុរេប្រទានរបស់ រាជរដ្ឋាភិបាលកម្ពុជា ជូនបងប្អូន ចាប់ពីម៉ោង ៩ ព្រឹក ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ តទៅ នៅអគ្គលេខាធិការដ្ឋាន គណៈកម្មការ សម្រាប់ដោះស្រាយ បញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់ មុខសញ្ញា ដែលមានទីតាំងស្ថិតនៅ ទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានេះ ក្រសួងការងារ បានធ្វើការណែនាំឱ្យ បងប្អូន កម្មករ និយោជិត ភ្ជាប់យក មកជាមួយ នូវឯកសារមួយចំនួន ដូចខាងក្រោមៈ

១. ប័ណ្ណសម្គាល់ខ្លួន កម្មករ និយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារ កម្មករ និយោជិត ឬប័ណ្ណបេឡាជាតិ សន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ។ ២.ប័ណ្ណបើកប្រាក់ឈ្នួល ប្រចាំខែរបស់ កម្មករនិយោជិត ម្នាក់ៗ បើមាន៕/V