ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាជាមួយលោក វិទិត មុនតាប៊ន (Vit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា​ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

ប្រភពបានបញ្ជាក់ថា ក្នុងជំនួបនេះ អ្នករាយការណ៍ពិសេសបានលើកឡើនូវប្រធានបទចំនួនប្រាំរួមមាន : ១. វឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា, ២គម្រោងផែនការអនុវត្តសេចក្តីអង្កេត សន្និដ្ឋានរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) និងកិច្ចសហការជាមួយក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងការអនុវត្តអនុសាសន៍ពាក់ព័ន្ធនឹងសិទ្ធិកុមារ, ៣. ស្ថានភាពសិទ្ធិមនុស្សក្នុង ពន្ធនាគារ និងកន្លែងឃុំឃាំង, ៤. លំហស៊ីវិល និងប្រជាធិបតេយ្យ និង ៥. កិច្ចសហប្រតិបត្តិការជាមួយការិយាល័យឧត្តមស្នងការ អ.សប. ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)។

លោក កែវ រ៉េមី បានឆ្លើយតបដោយបញ្ជាក់ទៅតាមប្រធានបទនីមួយៗដូចខាងក្រោម៖

១. ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ៖ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថានប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា ត្រូវបានដាក់ពិគ្រោះយោបល់ចំនួន១០លើករួចមកហើយ រួមមានទាំងថ្នាក់តំបន់អាស៊ាន ថ្នាក់ជាតិនិង ថ្នាក់ ក្រោមជាតិ។ បន្ទាប់ពីទទួលបានធាតុចូលពីកិច្ចពិគ្រោះយោបល់ទាំងនេះ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារ គ.សម.ក., OHCHR, និងតំណាងមកពីវេទិកាអាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័នសិទ្ធិមនុស្សជាតិ (APF) បានជួបពិភាក្សាគ្នា និងកែសម្រួលចេញជាសេចក្តីព្រាងច្បាប់លើកទី២ ដែល គសម.ក. និង OHCHR នឹងបន្ត សហការរៀបចំកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនានាជាបន្តបន្ទាប់ទៀត។

២ការអនុវត្តអនុសាសន៍ពាក់ព័ន្ធនឹងសិទ្ធិកុមារ៖ គ.ស.ម.កនឹងសហការជាមួយ OHCHR រៀបចំសិក្ខ សាលា ដើម្បីបែងចែកអនុសាសន៍នៅក្នុងសេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.បរួចនឹងប្រគល់ជូនក្រសួង ស្ថាប័ន ពាក់ព័ន្ធដើម្បីអនុវត្ត។ បន្ថែមលើនេះ គ.ស.មក. ក៏បានជួបពិភាក្សាជាមួយ ក្រុមការងារនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ជាពិសេសលេីស្ថាប័នទាំងការអនុវត្តអនុសាសន៍ទាក់ទងនឹងសិទ្ធិកុមារ ដែលទទួលបានពីយន្តការនានារបស់ អសប.។

៣. ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារ និងកន្លែងឃុំឃាំង៖ បច្ចុប្បន្ន មានការវិវឌ្ឍកាន់តែល្អប្រសើរ ឡើង ដែលក្នុងនោះ គ.សម.កមានកម្មវិធីចុះត្រួតពិនិត្យជាទៀងទាត់ទូទាំងប្រទេស មានយន្តការទទួលពាក្យបណ្ដឹង ផ្តល់មេធាវីការពារក្តីដល់ជនជាប់ឃុំជាស្រ្តីនិងជនក្រីក្រ ជួយសម្រួលយកកុមារតាមម្ដាយទៅដាក់នៅ តាមមណ្ឌលនានាក្រៅពន្ធនាគារ ព្រមទាំងផ្តល់ជាជំនួយឧបត្ថម្ភផ្សេងៗដល់ពន្ធនាគារជាដើម។ ទន្ទឹមនឹងនេះ គ.សម.ក. ក៏កំពុងសិក្សាពីលទ្ធភាពក្នុងដាក់ប្រអប់សំបុត្រតាមពន្ធនាគារ ផ្ដល់ការបណ្តុះបណ្តាលស្តីពីបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិដល់មន្ត្រីពន្ធនាគារនិងកន្លែងឃុំឃាំង ហើយនឹងបន្តការងារមនុស្សធម៌បន្តទៀត។

៤.​លំហស៊ីវិល និងប្រជាធិបតេយ្យ៖ ច្បាប់កម្ពុជា បានការពាររបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល មិនអនុញ្ញាតឱ្យមានការកែប្រែ ឬធ្វើវិសោធនកម្មឡើយ ដែលនេះគឺជាលក្ខណៈពិសេសមួយក្នុងការធានានូវលំហ ប្រជាធិបតេយ្យនៅកម្ពុជា។ ជាក់ស្តែង ការបោះឆ្នោតបានរៀបចំឡើងជាទៀងទាត់ ហើយការបោះឆ្នោតឃុំ សង្កាត់ កន្លងមកថ្មីៗនេះ មានគណបក្សនយោបាយរហូតដល់១៧ បានចូលរួមប្រកួតប្រជែងដោយសេរីនិងស្មើភាព។ រីឯលំហស៊ីវិលវិញ នៅកម្ពុជាមានបណ្ដាញសារព័ត៌មានដ៏សម្បូរបែប ដែលអាចចុះផ្សាយព័ត៌មានដោយមិនមាន ការត្រួតពិនិត្យជាមុនដោយរដ្ឋាភិបាល ហើយការប្រើប្រាស់បណ្តាញសង្គមវិញក៏មានលក្ខណៈទូលំទូលាយ តួយ៉ាង អ្នកប្រើប្រាស់ហ្វេសប៊ុកមានរហូតដល់ទៅប្រមាណ១៣លាន២សែននាក់ រីឯអង្គការសង្គមស៊ីវិលមានប្រមាណ ៦ពាន់ កំពុងប្រតិបត្តិការការងារដោយសេរីផងដែរ។

៥. កិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR៖ កន្លងមក ស្ថាប័នទាំងពីរនេះមានកិច្ចសហ ប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អ ហើយនឹងបន្តកិច្ចសហប្រតិបត្តិការនេះបន្តទៀត។ ជាងនេះទៅទៀត គ.ស.ម.ក. ក៏មានកិច្ចសហប្រតិបត្តិការជាមួយដៃគូផ្សេងៗទៀតលើការងារលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ដូចជា អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ព្រមទាំងស្ថានទូតនានាប្រចាំកម្ពុជា ហើយក៏ស្វាគមន៍ចំពោះភាគី ដទៃទៀត ដែលមានបំណងសហការជាមួយ គ.សមក. លើវិស័យសិទ្ធិមនុស្ស។

បន្ថែម លើប្រធានបទ ដែលបានលើកឡើងខាងលើនេះ លោក កែវ រ៉េមី ក៏បានធ្វើបច្ចុប្បន្នភាពលើវិស័យមួយចំនួនទៀត រួមមាន សុខដុមនីយកម្មខាងផ្នែកជំនឿសាសនា វឌ្ឍនភាពនៃសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងការងាររបស់គណៈកម្មការ អន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ដែលកម្ពុជាជាប្រធានក្នុងឆ្នាំ២០២២នេះ។

ប្រភពបន្តថា លោក វិទិត មុនតាប៊ន បានសម្តែងនូវការកត់ សម្គាល់ពីភាពរីកចម្រើននៃស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ព្រមទាំងបានស្នើឱ្យ គ.ស.មកបន្ដនិងពង្រីកការងារសិទ្ធិមនុស្សនេះបន្ថែមទៀត។

លោក កែវ រ៉េមី បានស្នើដល់លោក វិទិត មុនតាប៊ន ឱ្យរក្សាឱ្យបាននូវតុល្យភាពព័ត៌មាន និងអនុសាសន៍នៅក្នុងរបាយការណ៍របស់លោក ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់កិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសិទ្ធិមនុស្ស។

សូមបញ្ជាក់ថា អ្នករាយការណ៍ពិសេស មិនមែនជាមន្ត្រី ឬបុគ្គលិករបស់ អ.ស.ប. ឡើយ ហើយរាល់ ទស្សនៈ និងអនុសាសន៍ ដែលចេញដោយអ្នករាយការណ៍ពិសេស គឺជាទស្សនៈ និងអនុសាសន៍បុគ្គលផ្ទាល់ខ្លួន មិនតំណាងឱ្យស្ថាប័នណាមួយរបស់ អសបហើយក៏មិនមានលក្ខណៈចាប់បង្ខំ ឬចងកាតព្វកិច្ចដល់រដ្ឋក្នុង ការអនុវត្តនោះឡើយ៕​សរន