​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ បន្ទាប់ពី​មាន​របួស​សរសៃពួរ​ជង្គង់ នា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នោះ ពេលនេះ កីឡាករ ឈុន សុខ​ឡុង បង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា របួស​គេ នឹង​ជាសះស្បើយ ទាន់​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​កម្ពុជា ។​

​មកទល់ពេលនេះ មាន​រយៈពេល​ជាង ២ ខែ​ហើយ​ដែល​គេ​បាន​វះកាត់ និង​ព្យាបាល​ ​ដោយ​ការយកចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ ពិសេស​ថ្នាក់ដឹកនាំ គណៈកម្មាធិការ​ជាតិ CAMSOC និង NOCC និង សហព័ន្ធ​។​

​ឈុន សុខ​ឡុង ជា​កីឡាករ​តេ​ក្វាន់​ដូ WT (World Taekwondo) របស់​សាធារណរដ្ឋ​កូរ៉េ ។ គេ​មាន​របួស ពេល​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នា​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម ធ្វើ​ឲ្យ​គេ​បានទទួល​ត្រឹម មេដាយសំរិទ្ធ​ប៉ុណ្ណោះ​។ កីឡាករ​រូបនេះ មាន​មហិច្ឆតា ប្រជែង​យក​មេដាយមាស តែ​ជា​អកុសល ដោយសារ​តែមាន​របួស​បែបនេះ ទើប​គេ​មិនអាច​បន្ត ការប្រកួត​បាន តែ​ឆ្នាំ​២០២៣ គេ​បានដាក់​គោលដៅ ប្រជែង​យក មេដាយមាស ឲ្យ​បាន ប្រសិនបើ​របួស​គេ​ជាសះស្បើយ​ទាន់នោះ​។​

​រយៈពេល​ជាង ២​ខែ​កន្លងមកនេះ គេ​មានការ​ធូរស្រាល​ច្រើន តែ​អ្វីៗ គេ​ត្រូវត្រៀមលក្ខណៈ ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ចូលរួម តែបើ​កម្លាំង​មិនទាន់​គ្រប់គ្រាន់ ហើយ​របួស​មិនទាន់​ជា សះស្បើយ ក៏​គេ​មិនអាច​ចូលរួម​ដែរ​។ ក្នុងករណី ដែល​រូបគេ មិនអាច​ចូលរួមបាន នា​ឆ្នាំ​២០២៣ នោះ គេ​បាន​ត្រៀម​ផែនការ​បន្ទាប់ គឺ​រូបគេ នឹង​ប្ដូរ​ផែនការ​ពី​កីឡាករ ទៅជា​អ្នកផ្ដល់យោបល់ ដើម្បី​ចែករំលែក​បទពិសោធន៍ និង​បច្ចេកទេស ដល់​មិត្ត​រួម​ក្រុម​វិញ ដើម្បី​ជំរុញ​ការប្រកួត ឲ្យ​ទទួលបាន​ជោគជ័យ ជូន​ជាតិ​។​

​ជាមួយគ្នា​នឹង​ការ​វិវឌ្ឍន៍​ល្អប្រសើរ នៃ​ស្ថានភាព​របួស​ជង្គង់​នោះ សុខ​ឡុង ក៏បាន​ចាប់ ផ្ដើមធ្វើ​ការហ្វឹកហាត់ ជា​បណ្ដើរៗ តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត ដោយ​ផ្ដើម​ពីការហ្វឹកហាត់ សាច់ដុំ​មុនគេ​។​

​គ្រូពេទ្យ បញ្ជាក់ថា សុខ​ឡុង ត្រូវ​សម្រាក​ព្យាបាល យ៉ាងហោចណាស់ ក៏​រយៈពេល ៦​ខែ តែ​ពេលនេះ ទើបតែ​បាន​ជាង ២​ខែ​ប៉ុណ្ណោះ តែ​រូបគេ បាន​ព្យាយាម​ខ្លាំង ដើម្បី​ព្យាបាល ឲ្យ​ជាសះស្បើយ ទាន់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​ខ្លួន​ស្រមៃ​ចង់​ដណ្ដើម មេដាយមាស ជូន​ជាតិ​។​

​កីឡាករ​រូបនេះ មាន​របួស ក្នុង​ខែឧសភា ហើយ​គេ​ត្រូវការ​រយៈពេល ៦​ខែ ដើម្បី​ព្យាបាល ហេតុនេះ អាច​ដល់​ខែវិច្ឆិកា ២០២២ ហើយ​ស៊ី​ហ្គេម នៅ​ខែឧសភា ២០២៣ វា​អាច​ល្មម​នឹង​គេ​ជាសះស្បើយ​បាន​ហើយ​។​

​យោងតាម​ស្ថានភាព ដែល​ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែ​ធូរស្រាល​បែបនេះ អាច​ចាប់ពី ៣​ខែ​ឡើងទៅ រូបគេ​នឹង​សម្រុក​ហ្វឹកហាត់​សាច់ដុំ ហើយ​ពេល​សាច់ដុំ និង​សរសៃរឹងមាំ​ឡើងវិញ គេ​នឹង​ត្រឡប់មក​ពង្រឹង ការហ្វឹកហាត់​ឡើងវិញ​។​

​កីឡាករ​រូបនេះ នៅតែ​គិត និង​ចង់​ប្រកួត​ដណ្ដើម មេដាយមាស ពី​ហ្គេម​ឆ្នាំ​២០២៣ ព្រោះថា ពេល​ទៅ​វៀតណាម ក៏​គេ​មាន​គោលដៅ​បែបនេះ​ដែរ តែ​គេ​សោកស្ដាយដោយសារ​របួស ហេតុនេះ គេ​បាន​ឡើង​ត្រឹម វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា កីឡាករ ឈុន សុខ​ឡុង ត្រូវបានធ្វើ​ការវះកាត់​ភ្លាមៗ នៅ​ប្រទេស​វៀត​ណា​ម បន្ទាប់ពី​ពិនិត្យឃើញ ដាច់​សរសៃ​ជង្គង់ អំឡុង​ការប្រកួត វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​ហាយ​ណូយ កាលពី​ខែឧសភា កន្លងទៅ ដែល​នាំ​ឲ្យ​គេ​ទទួលបាន​ត្រឹម មេដាយ​សំរឹទ្ធ​។​

​បន្ទាប់ពី​ត្រឡប់​មកដល់​កម្ពុជា​វិញ រូបគេ ត្រូវបាន​តាមដាន យ៉ាង​យកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ ដើម្បី​លើកទឹកចិត្ត ក្នុងការ​ព្យាបាល​របួស​រូបគេ ឲ្យ​ឆាប់​ជាសះស្បើយ និងត្រៀមខ្លួន ចូលរួម​ប្រកួត​ស៊ី​ហ្គេម នៅ​កម្ពុជា នា​ឆ្នាំ​២០២៣ ខាងមុខ​៕/V​