​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បេសកជន​ពិសេស​របស់​អ​.​ស​.​ប​សម្រាប់​មី​យ៉ាន់​ម៉ា លោកស្រី ណូអ៊ី​លីន ហ៊ី​ហ្សឺ (Noeleen Heyzer)​កាលពី​ថ្ងៃ​ពុធ​ទី​១៧​សីហា​បាន​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​​បន្តុប​ដោយ​យោធា​របស់​ខ្លួន ហើយ​បាន​អំពាវនាវ​ឱ្យ​គាត់​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​អំពើហិង្សា គាំទ្រ​ផ្លូវ​នយោបាយ​ត្រឡប់​ទៅ​ការគ្រប់គ្រង​បែប​ស៊ីវិល​និង​លទ្ធិប្រជាធិបតេយ្យ​វិញ និង​អនុញ្ញាត​ឱ្យ​អតីត​​មេដឹកនាំ​ដែល​កំពុង​ជាប់ពន្ធនាគារ លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រឡប់មកផ្ទះ​វិញ និង​បាន​សុំ​ជួប​ជាមួយ​លោកស្រី​។​

​នៅក្នុង​បេសកកម្ម​លើកដំបូង​របស់​លោកស្រី​ទៅកាន់​ប្រទេស​ហែកហួរ​ដោយ​ជម្លោះ​នេះ លោកស្រី​ហេ​ហ្សឺ​ក៏​បាន​រំលឹក​ឡើងវិញ​ដែរ​នូវ​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​របស់​អគ្គលេខាធិកា​រ លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស អំពី​វិបត្តិ​មនុស្សធម៌ សន្តិសុខ សេដ្ឋកិច្ច និង​នយោបាយ​របស់​មី​យ៉ាន់​ម៉ា ហើយ​បាន​រំលឹក​ឡើងវិញ​នូវ​ការអំពាវនាវ​របស់​ប្រមុខ​អ​.​ស​.​ប​ឱ្យ​ដោះលែង​អ្នកទោសនយោបាយ​ទាំងអស់​។ ​លោកស្រី​ក៏​បាន​ជំរុញ​ឱ្យ​ឧត្តមសេនីយ៍ មីន អ៊ុង​ហ្លាំង ផ្អាក​ការប្រហារជីវិត​នា​ពេល​ខាង​មុខ​ផង​ដែរ បន្ទាប់​ពី​ការប្រហារជីវិត​សកម្មជន​នយោបាយ​បួន​នាក់​នា​ពេល​ថ្មីៗ​នេះ​ដែល​ទាក់ទាញ​ការ​ថ្កោលទោស​​ទូទាំង​ពិភពលោក​។​

​អ្នកនាំពាក្យ​រង​របស់​អ​.​ស​.​ប លោក ហ្វា​ហាន ហាក់ (Farhan Haq)​បាន​និយាយថា សេចក្តីថ្លែងការណ៍​របស់​លោកស្រី​ហ៊ី​ហ្សឺ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់ខ្លួន​ត្រូវបាន​ចេញ​ផ្សាយ​ខណៈ​លោក​​ស្រី​ចាកចេញ​ពី​ប្រទេស ហើយ​លោក​ស្រី​មិន​អាច​ជួប​លោក​ស្រី​ស៊ូ​ជី​បានទេ ប៉ុន្តែ​សង្ឃឹមថា​ពួកគេ​នឹង​ជួប​គ្នា​នៅ​ពេល​អនាគត​។​

​លោក​ហាក់​បាន​និយាយថា លោកស្រី​ហ៊ី​ហ្សឺ​និង​ឧត្តមសេនីយ៍មាន “​ការពិភាក្សា​ល្អ​” ហើយ​អ​.​ស​.​ប​នឹង​មើល​ថា​តើ​ការទាមទារ​សំខាន់ៗ​របស់​លោក​ស្រី​នឹង​ត្រូវ​បាន​អនុវត្ត​ដែរ​ឬ​យ៉ាងណា​។ លោក​បាន​និយាយថា អ​.​ស​.​ប​នឹង “​បន្ត​ជំរុញ​លើ​ចំណុច​ទាំងនោះ​”​។​

​បន្ទាប់មកទៀត សេចក្តីថ្លែងការណ៍​របស់​លោកស្រី​ហ៊ី​ហ្សឺ​បាន​និយាយថា លោកស្រី​និង​ឧត្តមសេនីយ៍​ហ្លាំង “​បាន​យល់ព្រម​ចូលរួម​ក្នុង​ការសន្ទនា​ដោយ​ស្មោះត្រង់​ដោយ​ផ្តោត​លើ​តម្រូវការ​សម្រាប់​ដំ​ណោះ​​ស្រាយ​រួមបញ្ចូល​គ្នា​ចំពោះ​មី​យ៉ាន់​ម៉ា​ដែល​មាន​សន្តិភាព​និង​ប្រជាធិបតេយ្យ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​”​។​

​ទូរទស្សន៍ MRTV ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​និយាយថា លោកស្រី​ហេ​ហ្សឺ​និង​លោក​មីន អ៊ុង​ហ្លាំង​បាន​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ការលើកកម្ពស់​ទំនុកចិត្ត​និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​មី​យ៉ាន់​ម៉ា​និង​អង្គការ​​សហប្រជាជាតិ​។ ទូរទស្សន៍​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយ​អំពី​កិច្ចពិភាក្សា​នៅក្នុង​រដ្ឋធានី​ណៃ​ពិដោ​របស់​មី​យ៉ាន់​ម៉ា​នោះទេ​៕

បេសកជន​ពិសេស​របស់​អ​.​ស​.​ប​សម្រាប់​មី​យ៉ាន់​ម៉ា លោកស្រី ណូ​លីន ហេ​ហ្សឺ ជួប​លោក មីន អ៊ុង​ហ្លាំង​ក្នុង​ទីក្រុង​ណៃ​ពិដោ​កាលពី​ថ្ងៃ​ពុធ