ដោយ:សូផល/ភ្នំពេញ៖ រយៈពេល៧ខែឆ្នាំនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួនជាង១, ២លាននាក់ កើនឡើង៨៩០.១៧ ភាគរយប្រៀបធៀបពេលដូចគ្នានៅឆ្នាំ២០២១ ។ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន១ ,១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួនជាង៨ម៉ឺននាក់។

ប្រភពក្រសួងទេសចរណ៍នៅថ្ងៃទី១៨ខែសីហានេះបានស្រង់សម្តីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មកបញ្ជាក់ថា ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបក្នុងរយៈពេល៧ខែឆ្នាំ២០២២ គឺមានចំនួន១,២៤២,៨៥៤នាក់ កើនឡើង ៨៩០.១៧% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ (ចំនួន១២៥,៥១៩នាក់) ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,១៥៩,០០០នាក់ កើនឡើង៧៩៨.៤៦% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៨៣,៨៥៤នាក់ កើនឡើង១៣៥១.៧៧%។

លោកបានបន្តថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២ដូចគ្នានេះដែរ ជើងហោះហើរក្រៅប្រទេសដែលចូលមកកាន់ខេត្តសៀមរាបមានចំនួន៥៥០ជើង និងមានអ្នកដំណើរសរុបចំនួន៤៨,៧៦៥នាក់ ក្នុងនោះក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប) ក្រុមហ៊ុន Air Asia (គូឡាឡាំពួរ-សៀមរាប និងបាងកក-សៀមរាប) ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និងដាណាង-សៀមរាប) ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប) ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) ក្រុមហ៊ុន Air Iceland (កោះហ្កាំ-សៀមរាប)។

លោករដ្ឋមន្ត្រីបានបញ្ជាក់ពីជើងហោះហើរក្នុងស្រុក មានក្រុមហ៊ុន Cambodia Angkor Air ភ្នំពេញ-សៀមរាប មានចំនួន១៤៥ជើង និងកំពង់សោម-សៀមរាប មានចំនួន១៣ជើង។ ក្រៅពីនោះមានក្រុមហ៊ុន Cambodia Airway ភ្នំពេញ-សៀមរាប) មានចំនួន៣ជើង។

យោងតាមស្ថិតិខាងលើនេះបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តសៀមរាបតាមផ្លូវអាកាសមានប្រមាណ៧០%នៃចំនួនភ្ញៀវអន្តរជាតិសរុប។ មកដល់ពេលនេះមានការហោះហើរ៧-៨ជើងក្នុងមួយថ្ងៃ មានអ្នកដំណើរជាមធ្យម៧០០-៨០០នាក់ក្នុងមួយថ្ងៃ៕សរន

(រូបថតក្រសួងទេសចរណ៍)