​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សមាគម​បាល់ទាត់​អង់គ្លេស (FA) នឹង​ចាប់ផ្តើម​ការស៊ើបអង្កេត​របស់​ខ្លួន​លើ​អាកប្បកិរិយា​របស់​គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ នៅ​ទឹកដី Everton កាល​ពី​រដូវ​កាល​មុន បន្ទាប់​ពី​ខ្សែប្រយុទ្ធ​រូបនេះ​ត្រូវបាន​ប៉ូលិស​ព្រមាន​សម្រាប់​ការ​គោះ​ទូរស័ព្ទ​ខ្ទាត​ចេញពី​ដៃ​អ្នកគាំទ្រ​នៅឯ​កីឡដ្ឋាន Goodison Park ។​

​កីឡាក​រវ័យ ៣៧ ឆ្នាំ​រូប​នេះ​ត្រូវបាន​ប៉ូលិស​នៅ​មឺ​សីសាយ (Merseyside) សួរនាំ​ទាក់ទង​នឹង​ការចោទប្រកាន់​ពី​បទ​វាយដំ​និង​បង្ក​ការខូចខាត​មាន​ស្ថានទោស​ព្រហ្មទណ្ឌ​បន្ទាប់ពី​ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​​ទី ៩ ខែ​មេសា នៅពេល​ដែល​វីដេអូ​មួយ​បង្ហាញ​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ​ហាក់​គោះ​ទូរស័ព្ទ​ចេញពី​ដៃ​អ្នកគាំទ្រ​ធ្លាក់​ដល់​ដី ខណៈ​រ៉ូ​ណាល់ដូ​ដើរ​ឆ្ពោះ​ទៅ​ផ្លូវ​រូង​ក្រោម​ដី បន្ទាប់​ពី United ចាញ់ ១-០​។​

​ខណៈ​ការស៊ើបអង្កេត​របស់​ប៉ូលិស​បាន​បញ្ចប់​ជាមួយនឹង​ការចេញ​ការព្រមាន ទីភ្នាក់ងារ​សារព័ត៌មាន PA​បានដឹងថា ឥឡូវនេះ FA នឹង​បើក​ករណី​របស់​ខ្លួន​ឡើងវិញ​ប្រឆាំង​នឹង​រ៉ូ​ណាល់​ដូ​និង​ស្វែង​​រក​ការសង្កេត​លើ​កីឡាករ​រូបនេះ​។​

​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិ​សមឺសី​សាយ​បាន​និយាយថា “​យើង​អាច​បញ្ជាក់បាន​ថា បុរស​អាយុ ៣៧ ឆ្នាំ​ម្នាក់​បាន​ស្ម័គ្រចិត្ត​ចូលរួម​និង​ត្រូវ​បាន​សម្ភាសន៍​ក្រោម​ការព្រមាន​ទាក់ទង​នឹង​ការ​ចោទ​​ប្រកាន់​ពីបទ​បំពារបំពាន​និង​បង្ក​ការខូចខាត​មាន​ស្ថានទោស​ព្រហ្មទណ្ឌ​”​។​

“​ការចោទប្រកាន់​នេះ​គឺ​ទាក់ទង​នឹង​ឧបទ្ទវហេតុ​មួយ​បន្ទាប់​ពី​ការប្រកួត​បាល់ទាត់​រវាង Everton និង Manchester United នៅ​កីឡដ្ឋាន Goodison Park កាលពី​ថ្ងៃ​សៅរ៍​ទី ៩ ខែ​មេសា​។ បញ្ហា​ត្រូវ​បាន​ដោះស្រាយ​ដោយ​ការព្រមាន​ជាប់​លក្ខខណ្ឌ​។ ឥឡូវ​នេះ​រឿង​បានបញ្ចប់​ហើយ​”​។​

​ក្រោយ​កើតហេតុ រ៉ូ​ណាល់ដូ​បាន​ចេញ​សារសុំ​ទោសតា​ម​បណ្តាញ​សង្គម​សម្រាប់ “​ការផ្ទុះ​កំហឹង​” របស់គាត់ ហើយ​បាន​អញ្ជើញ​អ្នកគាំទ្រ​ឱ្យមើល​ការប្រកួត​នៅ Old Trafford”​ជា​សញ្ញា​នៃ​ការលេង​ដោយ​​យុត្តិធម៌​និង​ភាព​ជា​អ្នកកីឡា​”៕

FA នឹង​ចាប់ផ្តើម​ការស៊ើបអង្កេត​លើ​គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ ឆាប់ៗ​