​ដោយ​៖ ដេប៉ូ / កំពង់ធំ​៖ តាមរយៈ​ការផ្តល់​ពូជ​គោ ក្របី របស់​ក្រសួងបរិស្ថាន ក៏ដូចជា អង្គការ​ដៃគូ កន្លងមក បានធ្វើឱ្យ​ប្រជា​សហគមន៍ នៅក្នុង​តំបន់ការពារទេសភាព​ទំនាប ខាងជើង​ទន្លេសាប អា​ចរក​ចំណូល​បន្ថែម សម្រាប់​ផ្ត​គ់​ផ្គង់​ជីវភាព​គ្រួសារ និង​ក្រៅពីនេះ នៅបាន​ជួយ​អភិរក្ស​សត្វព្រៃ ដូចជា ស​ត្ខ​ខ្សឹប ដែលជា​សត្វ​កម្រ​បំផុត នៅលើ​លោក ហើយ​កំពុងមាន​វត្តមាន នៅ​កម្ពុជា​ទៀតផង​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច និង​ពិធី​បើក​យុទ្ធនាការ​អន្ទាក់​សូន្យ ដែល​បាន​រៀបចំឡើង នា​ខេត្តកំពង់ធំ កាលពីពេល​ថ្មីៗ កន្លងមក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន បានបញ្ជាក់​ឱ្យដឹងថាៈ ប្រជា​សហគមន៍​ការពារ ធនធានធម្មជាតិ ប្រឡាយ ដែល​ស្ថិតនៅក្នុង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ បានទទួល​មេ​ពូជ គោ ក្របី ដើម្បី​ចិញ្ចឹម សម្រាប់​បង្កើន​ជីវភាព​គ្រួសារ និង​ក៏ដូចជា ផ្នែក​មួយ ពួកគាត់​បាន​ចូលរួម អភិរក្ស​សត្វ​កម្រៗ ដូច​ជាស​ត្ខ​ខ្សឹប និង​ក្រៅពីនេះ ក៏​ជា​ផ្នែក​មួយ ជួយ​ឱ្យ​ពួកគាត់ បញ្ឈប់​ការចូល​ព្រៃ កាប់​ឈើ បរបាញ់​សត្វ និង​ដាក់​អន្ទាក់ ជាដើម​។​

​លោក រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថាៈ “​ការផ្តល់​ពូជ​គោ របស់​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​នេះ​គឺ ក្នុង​មួយ​គ្រួសារ ទទួលបាន​ពូជ​មេគោ ក្របី ចំនួន ២ ក្បាល​។ ពូជ​គោ ក្របី និង​ជ្រូក ដែល​ក្រសួង និង​អង្គការ​ដៃគូ​ផ្តល់ឱ្យ គិត​មកដល់ពេលនេះ បាន​ជាង ១ ពាន់​ក្បាល​ហើយ ដើម្បី​ពលរដ្ឋ​យកទៅ​ចិញ្ចឹម បែប​លក្ខណៈ​ប្រវាស់​”​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក តឹក គឹម​សុង អ្នកសម្របសម្រួល​គម្រោង​ស្រូវ និរន្តរភាព នៃ​អង្គការ WCS បានឱ្យដឹងថាៈ គម្រោង​ផ្តល់​ពូជ គោ ក្របី និង​ក៏ដូចជា​ការ អនុវត្ត​គម្រោង​ស្រូវ​និរន្តរភាព គឺជា​ផ្នែក​មួយ​សំខាន់ ដើម្បី​រួមចំណែក​កាត់បន្ថយ ផលប៉ះពាល់​ដល់​បរិស្ថាន និង​ពិសេស ជួយ​លើកស្ទួយ​ជីវភាព​ប្រជា​សហគមន៍​។ មកដល់ពេលនេះ មាន​ប្រជា​សហគមន៍ កាន់តែ​ច្រើនឡើង បានទទួល​ផលប្រយោជន៍ បន្តបន្ទាប់ ពី​គម្រោង​ទាំងនេះ​។​

​ដោយឡែក លោក ញ៉ឹ​ប ញឿ​ន អ្នកសម្របសម្រួល សហគមន៍​នៃ គម្រោង​អភិរក្ស​សត្វ​ខ្សឹប របស់​អង្គការ WCS វិញ បាន​ប្រាប់​ឱ្យដឹងថាៈ ”​ក្នុង​គម្រោង​បាន​ទិញ​មេ​ពូជ​ក្របី ចំនួន ៥០ ក្បាល សម្រាប់​ចែកជូន​ដល់​សមាជិក​សហគមន៍ ការពារ​ធម្មជាតិ​ប្រឡាយ ចំនួន ២៥ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន ២ ក្បាល ។​

​គួរ​បញ្ជាក់ថា ក្នុង​កម្មវិធី​អនុវត្ត​សាកល្បង​ពី​គម្រោង ក្នុង​សហគមន៍ មួយកន្លែង​នេះ ដោយមាន​រយៈពេល ១០ ឆ្នាំ ហើយ​ក្នុងនេះ មានការ​ចូលរួម​ពី ប្រជាពលរដ្ឋ ចំនួន ៣ ភូមិ ដោយមាន​សមាជិក​សរុប ៣៨៩ គ្រួសារ​៕/V​