ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនៈ ដុតបំផ្លាញ​គ្រឿងញៀន​ជាង​៦៤​គីឡូ​

1910
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ យោងតាម​គណៈកម្មការ​បំផ្លាញ​គ្រឿងញៀន បាន​បញ្ជាក់ថា គ្រឿងញៀន​ដែល​ត្រូវ​ដុតបំផ្លាញ​មាន​ចំនួន​៦៤​គីឡូ ១៩១,២​ក្រាម​។ គ្រឿងញៀន​ដែល​ដុតបំផ្លាញ​ចោល ដែល​ក្នុងនោះ​រួមមាន​វត្ថុតាង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាដំបូង​ខេត្តកណ្តាល បាន​ដកហូត​ចេញពី​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន​៩ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​គ្រឿងញៀន​សរុប​ចំនួន ៦៣​គីឡូក្រាម ៧៨៥,៦៦​ក្រាន​។ សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន​១១០ របស់​សាលាដំបូង​ខេត្តកណ្តាល ដែលមាន​គ្រឿងញៀន​សរុប​ចំនួន ៤៣២,៥៤​ក្រាម​។​

​ការដុត​បំផ្លាញ​គ្រឿងញៀន​នេះ បានធ្វើ​ឡើង​នៅ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា នេះ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​គណៈកម្មការ​បំផ្លាញ​គ្រឿងញៀន បាន​បន្តថា បរិមាណ​គ្រឿងញៀន​ច្រើនសន្ធឹក​សន្ធាប់​នេះ គឺ​ពួកឧក្រិដ្ឋជន​បាន​យក​គ្រឿងញៀន ធ្វើជា​មុខរបរ​ជំនួញ​របស់​ពួកគេ ហើយ​គ្រឿងញៀន​នេះ​បាន​ពង្វក់ស្មារតី អូសទាញ​ជនស្លូតត្រង់​ដែល​បាន​ប្រើប្រាស់​ដោយ​ខុសច្បាប់ ជាពិសេស​នៅក្នុង​ស្រទាប់​យុវវ័យ បណ្តាលអោយ​ខូចសុខភាព និង​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ដូចជា អំពើ​ឃាតកម្ម ចាប់​ជម្រិត រំលោភ​សេពសន្ថវៈ លួច​ឆក់​ប្លន់​ទ្រព្យសម្បត្តិ បង្ក​អសន្តិសុខ និង​ធ្វើអោយប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ជាច្រើន​ក្នុង​សង្គមជាតិ​។​

​ក្រុម​ឧក្រិដ្ឋជន​លួចលាក់​ចរាចរ​គ្រឿងញៀន​ខុសច្បាប់​ពី​តំបន់​ផ្សេងៗ លើ​ពិភពលោក​ឆ្លងកាត់​ចូលមក​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៨ កន្លងមកនេះ បាន​បង្ក្រាប​បទ​ល​ល្មើស​ដែលមាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចំនួន​ចំនួន​២៨៧០​ករណី ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៥៧០២​នាក់ នឹង​រឹបអូស​គ្រឿង​គ្រប់​ប្រភេទ បាន​ចំនួន ៩៣​គីឡូក្រាម ១៩៨​ក្រាម​។ រកឃើញ​អ្នកប្រើប្រាស់​គ្រឿងញៀន ៩៣៦៤​នាក់ និង​បានផ្តល់​ការព្យាបាល និង​ស្តារនីតិសម្បទា​ដល់​អ្នក​ញៀន​គ្រឿងញៀន​ចំនួន ៧០៥៦​នាក់ គឺ​ស្មើនឹង ៧៥,៣៥% នៃ​អ្នកប្រើប្រាស់ និង​អ្នកញៀន​គ្រឿងញៀន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម