ដោយៈ ភ្នំ​សន្ទុក​/ កំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ លោក ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ លោកស្រី ឃួន ឃុន​ឌី សមាជិក​ព្រឹទ្ធា​សភា និង​មន្ត្រីរាជការ មន្ទីរ​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត ចូលរួម​ពិធី​ក្រុង​ពាលី​សែនព្រេន​បួងសួង​សុំ​សេចក្តីសុខ ពី​ម្ចាស់​ទឹក​ម្ចាស់​ដី គំរោង​កែលំអរ​ច្រាំង​ស្ទឹងសែន វេរ៉ង់ដា​ស្ទឹងសែន មាន​ប្រវែង​១៧៣​ម៉ែត្រ​។​

​ទ​ន្ទឺ​ម​នោះ​ដែល​លោក​អភិបាលខេត្ត និង​មន្ត្រីរាជការ ក្រុម​វិស្វករ ត្រួតពិនិត្យ​ទីកន្លែង​សាងសង់​កែលម្អ​ច្រាំង​ស្ទឹងសែន (​វេរ៉ង់ដា​) ឱ្យ​ក្រុម​វិស្វករ និង​ជាង​សាងសង់​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​សំណង់​នេះ​ជា​សំណង់​រឹងមាំ​ជាប់​បានយូ និង​និង​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​នានា​អោយបាន​ត្រឹមត្រូវ ពីព្រោះ​នៅ​ទីកន្លែង​នេះ គឺជា​កន្លែង​មួយ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន​តែងតែ​នាំគ្នា​មក​កម្សាន្ត​លេង​ជា​រៀងរាល់ថ្ងៃ​។

​លោក​អភិបាលខេត្ត​បាន​បន្ថែមទៀតថា រដ្ឋបាលខេត្ត និង​មានការ​រៀបចំ​ពិធីបុណ្យ​អុំទូក​ថ្នាក់​ខេត្ត​ដូចនេះហើយ​សំណង់​កែលម្អ​ច្រាំង​ស្ទឹង​(​វេរ៉ង់ដា​)​នេះ ត្រូវធ្វើ​យ៉ាងណា​ស្ថាបនា​ឲ្យ​បាន​រួចរាល់​មុន​ពិធីបុណ្យ​មកដល់ ដើម្បី​ងាយស្រួល​ដល់​ក្រុមការងារ​រដ្ឋបាលខេត្ត​ចុះ​ត្រួតពិនិត្យ​បន្ថែមទៀត នឹងធ្វើ​ការរៀបចំ​កែលម្អ​សោភ័ណភាព​អោយ​កាន់តែ​ស្រស់ស្អាត​បន្ថែមទៀត​។​

​លោក​អភិបាលខេត្ត ក៏បាន​សំណូមពរ​និង​ជំរុញ​បន្ថែម​ដល់​ក្រុមការងារ រដ្ឋបាលខេត្ត​សហការ​ជាមួយ​ក្រុម​ការងាររដ្ឋបាល​ក្រុង គឺ​ធ្វើយ៉ាងណា​ចុះ​ត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ និង​មានការ​ការពារ​ឲ្យ​បាន​ហ្មត់ចត់​ក្រែង​មាន​បញ្ហា ដោយ​ប្រការ​ណាមួយ​កើតឡើង ដែល​ធ្វើអោយមាន​ការរាំងស្ទះ​ការសាងសង់​សំណង់​នេះ​។​

​សូមបញ្ជាក់ថា​សំណង់​កែលម្អ​ច្រាំង​ស្ទឹងសែន ហៅ​វេរ៉ង់ដា​នេះ​មាន​បណ្ដោយ ១៧៣ ម៉ែត្រ និង​ទទឹង ៣​ម៉ែត្រ ដោយ​ចាក់​បេតុង ក្រាល​ការ៉ូឡា គឺ​លាតសន្ធឹង​តាម​បណ្ដោយ​សួនច្បារ​មាត់​ស្ទឹងសែន​រហូតដល់​វេទិកា​អុំទូក​៕​