ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្រុមកីឡា​ជម្រើសជាតិ​នារី​ហុក​គី​កម្ពុជា បានបញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍ (Women’s Indoor Hockey Asia Cup 2022) គឺ​លើ​វិញ្ញាសា​ហុក​គី ក្នុង​សាល (Indoor Hockey) នៅ​ប្រទេស​ថៃ ដែល​បានចាប់ផ្ដើម​ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២​ហើយ​។​

​ក្នុងចំណោម​៩​ក្រុម​ដែល​បាន​ចូលរួម​នោះ ក្រុមកីឡា​ហុក​គី​នារី​កម្ពុជា ឈរ​នៅ​លេខ​៨​។​

​ការប្រកួត​បែងចែក​ជា ២​ពូ​ល​។ កម្ពុជា ស្ថិតនៅ​ពូ​ល B ជាមួយ​ម្ចាស់ផ្ទះ​ថៃ​, ម៉ាឡេស៊ី និង​សិង្ហ​បុរី​ចំពោះ​ពូ​ល A មាន កា​ហ្សា​ក់​ស្ថាន​, ឥណ្ឌូនេស៊ី​, អ៊ីរ៉ង់​, ឆាយ​នី​ស​តៃប៉ិ និង​ប៉ា​គី​ស្ថាន​។ ឆ្លងកាត់​ការប្រកួត ៣​ប្រកួត ក្នុង​ពូ​ល នារី​កម្ពុជា ឈ្នះ​១ (​ឈ្នះ​សិង្ហ​បុរី ៣​ទល់​០) និង​ចាញ់​២ (​ចាញ់​ម៉ាឡេស៊ី ១៤​ទល់​១​និង ចាញ់​ថៃ ០​ទល់​៥) ឈរ​លេខ​៣ ក្នុង​ពូ​ល និង​ត្រូវ​ប្រកួត​ដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​ចន្លោះ​លេខ​៥ ដល់​លេខ​៨ ដោយ​ជួប​ក្រុម​លេខ​៤ ពូ​ល B ឆាយ​នី​ស​តៃប៉ិ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ជា​លទ្ធផល​កម្ពុជា រង​បរាជ័យ ២​ទល់​៣ ដូច្នេះ​ត្រូវ​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ​៧ ជួប​សិង្ហ​បុរី ប៉ុន្តែ​បាន​ចាញ់​ក្នុង​លទ្ធផល ០​ទល់​២ នាំ​ឲ្យ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៨​។​

​នេះ​មិនមែនជា​លទ្ធផល​សមប្រកប​នោះទេ​ប៉ុន្តែ​ក្រុម​នារី​ហុក​គី​កម្ពុជា​ទទួលបាន​ការកោតសរសើ​រ ពី​ប្រទេស​ដែល​ចូលរួម​នេះ​បើតាម​ការបញ្ជា​ក់ដោយ លោក Rana Asif Maqsood គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​នារី​ហុក​គី​កម្ពុជា​។ ទម្រង់​លេង​របស់​ក្រុម​កម្ពុជា​គឺ​អស្ចារ្យ​។​ក្រុម​របស់​កម្ពុ​ជាមាន​ការអភិវឌ្ឍ​ច្រើន​ទោះបី​កម្ពុជា មិនមាន​ទីលាន​ហ្វឹកហាត់​ត្រឹមត្រូវ​ក៏ដោយ​។ គ្រូបង្វឹក​សញ្ជាតិ​ប៉ា​គី​ស្ថាន​រូបនេះ បាន​សង្កត់ធ្ងន់ថា​ប្រទេស​ជាច្រើន​បាន​ភ្ញាក់ផ្អើល​ដែល​កម្ពុជា​វិ​វ​ឌ្ឍ​ខ្លួន​បាន​លឿន​យ៉ាង​ដូច្នេះ​បើ​ធៀប​ទៅនឹង​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​មុនៗ​។​

​ហុក​គី ក៏​ជា​កីឡា​ដែល​នឹងដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ ដោយមាន​វិញ្ញាសា​ចំនួន​២ ពោលគឺ​វិញ្ញាសា​នារី​ក្រៅ​សាល (Field Hockey) និង​វិញ្ញាសា​នារី​ក្នុង​សាល (Indoor Hockey) ស្រប​ពេលដែល​វិញ្ញាសា​បុរស ពុំ​ត្រូវបាន​ដាក់បញ្ចូល​នោះ​។ អគ្គលេខាធិការ​សហព័ន្ធ​ហុក​គី​កម្ពុជា​លោក​កាំ​ង​សុធា​បាន​សម្ដែង​ការពេញចិត្ត​ជាមួយ​សិទ្ធ​ផល និង​ជឿជាក់ថា នេះ​ជាស​ញ្ញា​ដែល​បង្ហាញ​ពី​ហុក​គី​នារី​កម្ពុជា​កំពុងមាន​ដំណើ​រវិ​វ​ឌ្ឍ​ទៅរក​ផ្លូវ​វិជ្ជមាន​។​

​លោក​មាន​ជំនឿ​ចិត្ត​ថា​សិទ្ធ​ផល​ពី​ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​កីឡាការិនី​កម្ពុជា​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​នៅ​កម្ពុជា​ជាពិសេស​ស្របទៅតាម​គោលដៅ​ក្នុង​ការចង់​ឈ្នះ​មេដាយមាស ឲ្យ​បាន ១​គ្រឿង ក្នុងចំណោម ២​វិញ្ញាសា​ខាងលើ​។ កីឡា​ហុក​គី ធ្លាប់​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ចំនួន ២​លើក រួចមកហើយ ពោលគឺ​ក្នុង​ស៊ី​ហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី មាន ៣​វិញ្ញាសា (​ក្នុង​សាល ក្រៅ​សាល និង​លើ​ទឹកកក​) លើក​ទី​៣០ ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន មាន ២​វិញ្ញ​សា (​ក្នុង​សាល និង​លើ​ទឹកកក​)​។​

​ចំពោះ​កម្ពុជា ចូលរួម​លើកដំបូង​នៅ​ឆ្នាំ​២០១៩ លើ​វិញ្ញាសា​នារី​ក្នុង​សាល ក្នុងចំណោម ៥​ប្រទេស ខណៈ​លទ្ធផល​ប្រកួត​បញ្ចប់​ទៅដោយ​ឈរ​នៅ​លេខ​៥ ក្រោយ​ប្រកួត​៤​ដង មិនដែល​ឈ្នះ ស្មើ​១ និង​ចាញ់​៣៕​